ចរាចរណ៍​ឆ្នាំ​២០១៥៖ ករណី​គ្រោះថ្នាក់​ថយចុះ តែ​ចំនួន​មនុស្ស​ស្លាប់​កើនឡើង​

​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៥​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​៥​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន តែ​ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​៥​ភាគរយ​។  គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ​ភាគច្រើន​បណ្តាលមកពី​ការបើកបរ​លើស​ល្បឿន​កំណត់ ស្រវឹងស្រា​ជាដើម​។ នេះ​បើតាម​របាយការណ៍​បូកសរុប​សភាពការណ៍​គ្រោះថ្នាក់ និង​លទ្ធផល​ការងារ​ចរាចរណ៍​ផ្លូវគោក របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ។​

​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ក្នុង​ឆ្នាំ​២០១៥​នេះ  គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ៤៥៩៥​លើក បើ​ធៀប​នឹង​ឆ្នាំ​២០១៤​មានការ​ថយចុះ​ចំនួន​២៤៥​លើក ស្មើ​៥​ភាគរយ​។ គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១២​លើក​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ឆ្នាំ​២០១៥​នេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២២៦៥ (​ជនបរទេស​២០​នាក់​)  នាក់​កើនឡើង​ចំនួន​១១៧​នាក់​ស្មើ​៥% គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ​មាន​មនុស្ស​ស្លាប់​ចំនួន​៦​នាក់​។ អ្នករងរបួស​សរុប​មាន​ចំនួន ៧៥១០​នាក់ ក្នុងនោះ​របួសធ្ងន់​មាន​ចំនួន ៤៤១៣​នាក់ ថយចុះ​៥៤៧​នាក់ ស្មើ​៧​ភាគរយ (​ជនបរទេស​១២០​នាក់​) ជា​មធ្យម​ក្នុង​១​ថ្ងៃ​រងរបួស​ចំនួន ២០​នាក់​។​

​ក្នុង​របាយការណ៍​នេះដែរ ក្នុង​ឆ្នាំ​២០១៥​នេះ មានការ​ខូ​ត​ខាត​យានជំនិះ​ចំនួន​៧៥៧៥​គ្រឿង ថយចុះ​៣៩៥​គ្រឿង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ បណ្តាលមកពី​កត្តា​ដូចជា ការបើកបរ​លើស​ល្បឿន​កំណត់ ស្រវឹងស្រា ការមិន​គោរព​សិទ្ធិ​អាទិភាព ការមិន​ប្រកាន់​ស្តាំ ការ​ប្រជែង និង​កត្តា​យានយន្ត កត្តា​ផ្លូវ ជាដើម​៕