លោក ភួង ស្រៀវ ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់ភ្នំ​ឱ​រ៉ា​ល់ មានមុខ​ប្រព្រឹត្ត​បទល្មើស​ឡើងវិញ​ហើយ​

ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់ភ្នំ​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា លោក ភួង​ស្រៀវ ប្រធាន​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់ ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នោះ បានបង្ហាញ​មុខ​ឡើងវិញ​ហើយ​។ តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់ភ្នំ​ឱ​រ៉ា​ល់ ជាប់​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​លោក ភួង ស្រៀវ ដែល​បាត់​មុខមាត់​មួយរយៈ​ស្រាប់តែ​វិលត្រឡប់​មកកាន់​កន្លែង​ដើម​វិញ ហើយ​ប្រកប​របរ​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ដូច​មុន​ដដែល​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រការនេះ​អាចធ្វើ​ឲ្យ​ព្រៃឈើ​តំបន់​ឱ​រ៉ា​ល់ ជាប់​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្រឈម​នឹង​មហន្តរាយ​ចៀស​មិន​ផុត​នោះទេ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ព​និត្យ​មើល​ឡើងវិញ​ជាបន្ទាន់​។​

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា កន្លងមក​លោក ភួង ស្រៀវ ក្នុងតួនាទី​ជា​ប្រធាន​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់ តែងតែ​ប្រើប្រាស់​អំណាច​ដើម្បី​ប្រមូល​លុយ​ពី​អ្នក​កាប់​ឈើ​តាម​អំពើ​ចិត្ត​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​នៅពេល​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​មកដល់​ចំណុច​ភូមិ​វាល ឃុំរ​កាត និង​នៅ​ចំណុច​ក្សេត្រ​បុរី ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺ​លក់​ឲ្យ​ឈ្មួញ​ក្នុង​១​ម៉ែត្រគូប​តម្លៃ​៤០០​ដុល្លារ​។ ប៉ុន្តែ​ឈ្មួញ​ទាំងនោះ ត្រូវ​លក់​ទៅ​ឲ្យ​លោក ភួង ស្រៀវ ក្នុង​១​ម៉ែត្រគូប​តម្លៃ​៦០០​ដុល្លារ ដោយ​លោក ភួង ស្រៀវ យក​ឈើ​ទាំងនោះ​ទៅ​លក់​ឲ្យ​ឈ្មួញ​ធំ​ម្នាក់​នៅក្នុង​ស្រុក​ក្រគរ ហើយ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ម្នាក់​នោះទេ​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​កន្លងមក​លោក ភួង ស្រៀវ ប្រហែល​ត្រូវបាន​ក្រសួងបរិស្ថាន​ដក​បញ្ឈរជើង​មួយរយៈ​ទើប​បាត់​មុខ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់ ប៉ុន្តែ​ប្រហែល​ដោយសារ​ការ​បញ្ឈរជើង​លោក ភួង ស្រៀវ ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​ទើប​គេ​បញ្ជូន​មន្ត្រី​បរិស្ថាន​រូបនេះ​ទៅ​កន្លែង​ដើម​វិញ​។ វត្តមាន​ជាថ្មី​របស់លោក ភួង ស្រៀវ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ វាយតម្លៃថា​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១ ចៀស​មិន​ផុតពី​រលាយ​សាបសូន្យ​ឡើយ​។ មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យមើល​សកម្មភាព​របស់លោក ភួង ស្រៀវ ខ្លះ​ផង​ព្រោះ​មន្ត្រី​រូបនេះ ធ្លាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់​ស្ទើរ​រលាយ​សាបសូន្យ​អស់​ទៅហើយ​៕

environment-620​ ​លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន