លោក នូវ ដា​រ៉ា បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​រថយន្ត​ដឹកឈើ​នៅ​ខេត្តរតនគិរី​

ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា លោក នូវ ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​បាននិងកំពុង​ប្រើ​អំណាច និង​តួនាទី​ដើម្បី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​នៅក្នុង​ខេត្តរតនគិរី​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​បែងចែក​ទៅ​ថ្នាក់លើ​យ៉ាង​រលូន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ការប្រមូល​លុយ​របស់​ក្រុមមន្ត្រី​ខិលខូច​ខាងលើនេះ​គឺធ្វើឡើង​តាម​រូបភាព​ដាក់​កុងត្រូលជជុះ​គាប​យកលុយ​ពី​រថយន្ត​ដឹកឈើ និង​រថយន្ត​ដឹកទំនិញ​គេចពន្ធ​ផ្សេងៗ​តាម​ដងផ្លូវ​។​

​ការដែល​លោក នូវ ដា​រ៉ា អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការបើក​ដៃ​ពី​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី​ផងដែរ ជាពិសេស​ការបង្កើត​កុងត្រូលជជុះ​ដើម្បី​ជំរិត​យកលុយ​ពី​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ នេះ​ជាការ​បង្ហើប​របស់​មន្ត្រី​នគរបាល​នៅ​ខេត្តរតនគិរី​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក នូវ ដា​រ៉ា ជ្រើសរើស​មន្ត្រីនគរបាល​ស្និទ្ធ​នឹង​ខ្លួន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ឲ្យ​បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ និង​ពី​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាច្រើន​កន្លែង​ក្នុង​ក្រុង​បាន​លុង និង​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តរតនគិរី​។​

ឈ្មួញ​ដឹកឈើ​នៅ​ខេត្តរតនគិរី​បាន​រាយការណ៍​មក​ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រតន គិរី​ក្រោម​ការដឹកនាំ​របស់លោក នូវ ដា​រ៉ា និង​បក្ខពួក បាន​ជំរិត​យកលុយ​ពី​រថយន្ត​ដឹកជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត គឺ​រថយន្ត​តូចៗ​ត្រូវ​បង់​ចាប់ពី​៣០​ដល់​៥០​ដុល្លារ​ក្នុង​មួយគ្រឿង​។ ចំណែក​រថយន្ត​ធំៗ​ត្រូវ​បង់លុយ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្នុង​មួយគ្រឿង​ពី​២០០​ដល់​៥០០​ដុល្លារ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សូម្បី​រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​ទ្រី​ភាព ក៏​ត្រូវគេ​ដឹងថា​បានផ្តល់​សំណែន​ទៅជូន​បក្ខ​ពួកលោក នូវ ដា​រ៉ា ផងដែរ​ទើប​អាច​ដឹកជញ្ជូន​ឈើ​បាន​រលូន​ល្អ​។​

ប្រជាពលរដ្ឋ​ក្រុង​បាន​លុង ខេត្តរតនគិរី បាន​រិះគន់ថា សកម្មភាព​របស់លោក នូវ ដា​រ៉ា និង​បក្ខពួក​បាន​សរ​បញ្ជាក់​ថា​លោក នូវ ដា​រ៉ា កំពុង​ជាន់ឈ្លី​បទបញ្ជា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​តែងតែ​អះអាង​ពី​ការលុបបំបាត់​កុងត្រូលជជុះ​ដែល​រំខាន​ដល់​ការរកស៊ី​ចិញ្ចឹមជីវិត​របស់​អាជីវក​រ និង​ប្រជាពលរដ្ឋ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន ជិត​៣០​ឆ្នាំ​មកនេះ​ព្រៃឈើ​កាន់តែ​វិនាស​ហិន​ហោចទៅៗ ខណៈ​លោក ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​ខិលខូច និង​ក្រុម​ឈ្មួញ​រាប់សិប​ដង​ទៅហើយ តែ​គ្មាន​ប្រសិទ្ធភាព​នោះទេ​៕

wood_ratanakkiri1-2