សម្ដេច ស ខេង ដាក់កំហិត ឲ្យស្នងការ ខេត្ដបាត់ដំបង ពោធិ៍សាត់ និងកណ្តាល បង្កា្របចោរប្លន់ មិនបានទេ លាលែងតំណែងខ្លួនឯងទៅ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានថ្លែងសង្កត់ធ្ងន់ ដោយបានដាក់កំហិត ទៅស្នងការ នគរបាលបាត់ដំបង ពោធិ៍សាត់ និង ខេត្តកណ្តាល  ត្រូវតែដោះស្រាយ និងបង្ក្រាបករណីចោរប្លន់ប្រដាប់អាវុធ ដែលបានកើតមាន ឡើងនៅក្នុង ខេត្តរបស់ខ្លួន ហើយបើអនុវត្តមិនបានដកតំណែងខ្លួនឯងចេញទៅ។

ការថ្លែងរបស់សម្តេច ស ខេង បែបនេះ ក្រោយពីមានសកម្មភាព ករណីប្លន់បាញ់គំរាម និងសម្លាប់យក សម្ភារៈមានតម្លៃ និងប្រាក់អស់ជាច្រើនម៉ឺនដុល្លារអាម៉េរិក យ៉ាងកក្រើកប្រទេសចំនួន៣ករណី នៅក្នុងខេត្តចំនួន ៣ផ្សេងគ្នា ដែលកើតឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង។

សម្តេចក្រឡាហោម ស ខេង បានថ្លែងក្នុងពិធីប្រកាសសមាសភាព គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកនៅព្រឹកថ្ងៃទី១៥ ធ្នូ ថា  “ករណី៣កន្លែងនេះខ្ញុំចាត់ទុកជាវិញ្ញាសារសំរាប់ ខេត្ដ បាត់ដំបង ខេត្ដ កណ្ដាល និង ខេត្ដពោធិ៍សាត់ ត្រូវតែរកឲ្យឃើញ បើរកមិនឃើញ ការវាយតម្លៃក៏ទៅតាមហ្នឹងដែរ។ មុនគេគឺស្នងការ ដាច់ខាត់ត្រូវតែធ្វើឲ្យបាន ត្រូវតែរកឲ្យឃើញ តែបើរកមិនឃើញត្រូវតែដកស័ក្ដខ្លួនឯង ព្រោះរឿងប្លងប្រដាប់អាវុធ មិនមែនជារឿងសាមញ្ញនោះទេ”។

ព្រមជាមួយគ្នានេះ សម្តេចបានបញ្ជាឲ្យត្រួតពិនិត្យ និងគ្រប់គ្រងអាវុធជាតិផ្ទុះគ្រប់ប្រភេទ ទៅតាមគោលដៅ នីមួយៗ ក្នុងគោលបំណងកាត់បន្ថយនូវអំពើចោរលួច ចោរប្លន់ និងចារកម្មជាដើម។

កាលពីប៉ុន្មានថ្ងៃមុនេះ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ បានមានប្រសាសន៍ថា ករណីប្លន់ទាំង ៣ខេត្តនោះ ករណីទី១. កើតឡើងនៅខេត្តកណ្តាល ប្លន់យកផ្លាកទីនចំនួន ៥តម្លឹង និងប្រាក់ដុល្លារប្រមាណ ១ម៉ឺនដុល្លារ និងប្រាក់រៀលប្រហែល ៥០លានរៀល, ករណីទី២. កើតឡើងនៅខេត្តពោធិ៍សាត់ យកអស់ប្រាក់មួយចំនួន និងករណី៣. កើតឡើងនៅខេត្តបាត់ដំបង ប្លន់យកសម្ភារៈមានតម្លៃចំនួន ៤កេស គិតជាប្រាក់ប្រហែល៣០ម៉ឺនដុល្លារអាម៉េរិក៕

សម្ដេច ស ខេង ដាក់កំហិត ឲ្យស្នងការ ខេត្ដបាត់ដំបង ពោធិ៍សាត់ និងកណ្តាល បង្កា្របចោរប្លន់ មិនបានទេ លាលែងតំណែងខ្លួនឯងទៅ