លោក​ស៊ុន ចាន់ថុល​៖ ឆមាស​ទី​១ ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ប្រមាណ​៩,៧៥​ពាន់​លាន​ដុល្លារ កើនឡើង​៩,៥​ភាគរយ

ភ្នំពេញ: ​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា មាន​ចំនួន​ប្រមាណ​៩,៧៥​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​៩,៥​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤ ក្នុងនោះ​បរិមាណ​នាំចេញ​មាន​ទឹកប្រាក់​ចំនួន​ប្រហែល ៤,១៣​ពាន់​លាន​ដុល្លារ កើន​ឡង​ប្រមាណ​៩,៥​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៤​។​

​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ផលិតផល​នាំចេញ​នាំចូល​និង​ខេត្ត​១ ផលិត​១ កម្ពុជា លើក​ទី​១០​ឆ្នាំ​២០១៥ កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ លោក​ស៊ុន ចាន់ថុល បាន​បន្តថា ពិព័រណ៍​នេះ គឺជា​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​កម្រិត​អន្តរជាតិ​ដ៏​សំខាន់​របស់​កម្ពុជា ត្រូវបាន​បង្កើត​ក្នុង​គោលបំណង ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​បង្កើត​ឱកាស​ទីផ្សារ បង្ហាញ​ពី​បរិយាកាស​ធុរកិច្ច និង​សក្តានុពល​វិនិយោគ​ល្អប្រសើរ ព្រមទាំង​បង្ហាញ​អំពី​គោលនយោបាយ​គាំពារ​វិនិយោក និង​ធុរកិច្ច នៅ​កម្ពុជា​។ តាមរយៈ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នេះ​ផងដែរ អ្នកប្រើប្រាស់​នឹង​បាន​ស្គាល់ និង​គាំទ្រ​ទំនិញ​ក្នុងស្រុក ក៏ដូចជា​ទំនិញ​នាំចូល​ដែលមាន​គុណភាព​។ ជាមួយនឹង​ការដាក់​តាំង​បង្ហាញ​ទំនិញ​នាំចូល​នាំចេញ និង​ទំនិញ​សក្តានុពល​ដ៏​សម្បូរបែប ដែល​យក​មកពី​បណ្តា​ខេត្ត​នៅ​ទូទាំងប្រទេស​កម្ពុជា ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ដ៏​សំខាន់​នេះ​ក៏មាន​ការរៀបចំ​នូវ​ជំនួប​ពាណិជ្ជកម្ម វេទិកា​វិនិយោគ សិក្ខាសាលា ពិធី​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ​នានា ដែល​នោះ​គឺជា​ឱកាស​មាស​សម្រាប់​ពាណិជ្ជករ វិនិយោគ​អាច​ស្វែងរក​ដែ​គូ​សមស្រប​ដើម្បី​ដាក់​ទុក​វិនិយោគ​រួមគ្នា ហើយ​នៅពេល​រាត្រី​ក៏​នឹងមាន​ការសម្តែង​សិល្បៈ ដើម្បី​លំហែ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្តថា វិស័យ​ពាណិជ្ជកម្ម​កម្ពុជា បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ និង​ជំរុញ​កំណើន​សេដ្ឋ​កិ​ច្ច្​។ ក្នុង​ឆ្នាំ​២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា មាន​ចំនួន​ប្រមាណ​១៨,១​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​១៣,៨​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៣ ក្នុង​បរិមាណ​នាំ​ចេ​ណ​មាន​ទឹកប្រាក់​ប្រមាណ​៧,៧​ពាន់​លាន​ដុល្លារ ។ សម្រាប់​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា មាន​ចំនួន​ប្រមាណ​៩,៧៥​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​៩,៥​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤ ក្នុងនោះ​បរិមាណ​នាំចេញ​មាន​ទឹកប្រាក់​ចំនួន​ប្រហែល ៤,១៣​ពាន់​លាន​ដុល្លារ កើន​ឡង​ប្រមាណ​៩,៥​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៤​។​

​ក្នុងឱកាស​នោះដែរ លោក​ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងថា ពិព័រណ៍​ត្រូវបាន​រៀបចំឡើង​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​រួមមាន ប្រទេស​ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា សិង្ហ​បុរី ថៃ វៀតណាម ចិន​(​ខេត្ត​យូ​ន​ណាន់ ហ៊ុន​ជាន និង​ម៉ា​កាវ​) ជប៉ុន កូរ៉េ បារាំង ឥណ្ឌា និង​អាហ្វ្រិក​ខាងត្បូង និង​មន្ទីរ​ពាណិជ្ជកម្ម​ទាំង​២៥​ខេត្ត រាជធានី អង្គការ សមាគម ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​ក្រៅ​ស្រុក ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា សរុប​ចំនួន​២៥០​ក្រុមហ៊ុន មាន​ស្តង់​សរុប​ចំនួន​៣៨១​ស្តង់​។ លោក​បាន​បន្តថា ផលិតផល​និង​សេវា​ជាច្រើន​ប្រភេទ នឹងត្រូវ​ដាក់តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជ​កម្មនេះ រួមមាន ផលិតផល​កសិកម្ម គ្រឿងចក្រ​កសិកម្ម ម៉ាស៊ីន​ឧស្សាហកម្ម ផលិតផល​សិប្បកម្ម ផលិតផល​ធ្វើ​ពី​សូត្រ អង្ករ វត្ថុ​អនុស្សាវរីយ៍ សម្ភារៈ​ការិយាល័យ ក្រណាត់ វាយ​ន​ភណ្ឌ និង​សម្លៀកបំពាក់ ប្រដាប់ប្រដា​ប្រើប្រាស់​ប្រចាំថ្ងៃ ផលិតផល​សម្រាប់​តុបតែង​ក្នុង​គេហដ្ឋាន គ្រឿងអលង្ការ និង​ត្បូងថ្ម​មានតម្លៃ ផលិតផល​ឱសថ និង​គ្រឿងសំអាង ម្ហូបអាហារ​កែច្នៃ គ្រឿងឧបភោគ​បរិភោគ ភេសជ្ជៈ ផលិតផល​ប្លា​ស្ទីក គ្រឿង​អេ​ឡិច​ត្រូ​និ​ច កំ​ព្យូ​ទ័​រ គ្រឿងសង្ហារិម សម្ភារៈ​សំណង់់ សេវា​សណ្ឋាគារ សេវា​ទេសចរណ៍ សេវា​អប់រំ សេវា​ធនាគារ និង​គម្រោង​វិនិយោគ​ផ្សេងទៀត​ជាច្រើន​៕

លោក​ស៊ុន ចាន់ថុល​៖ ឆមាស​ទី​១ ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ប្រមាណ​៩,៧៥​ពាន់​លាន​ដុល្លារ កើនឡើង​៩,៥​ភាគរយ

លោក​ស៊ុន ចាន់ថុល​៖ ឆមាស​ទី​១ ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ប្រមាណ​៩,៧៥​ពាន់​លាន​ដុល្លារ កើនឡើង​៩,៥​ភាគរយ

លោក​ស៊ុន ចាន់ថុល​៖ ឆមាស​ទី​១ ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ប្រមាណ​៩,៧៥​ពាន់​លាន​ដុល្លារ កើនឡើង​៩,៥​ភាគរយ