ម៉ូតូ​បុក​រថយន្ត​បែន​ដឹក​ដី របួសធ្ងន់​ស្រាល​២​នាក់​នៅ​ក្រុងព្រះសីហនុ

ព្រះសីហនុ: ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​ហើយ​សន្លប់​ស្តូកស្តឹង និង​បុរស​ម្នាក់​រងរបួស​ស្រាល​ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ម៉ូតូ​​បុក​ជាមួយ​រថយន្ត​បែន​ដឹក​ដី ពីក្រោយ​ពេញទំហឹង កាលពី​វេលា​ម៉ោង​ជិត​១០​ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​ស្ថិតនៅស្ពាន​ជើងគោ​ខាងកើត​សាលា​​សង្កាត់​ជើងគោ ឃុំ​ជើងគោ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​ជនរងគ្រោះ​ទាំង​២​នាក់ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​។ ចំណែកអ្នកបើកបរ​រថយន្ត បែន​ដឹក​ដី​ក៏​មិន​ស្គាល់ អត្តសញ្ញាណ​ដូចគ្នា ព្រោះ​ក្រោយ​​កើតហេតុ បាន​ចុះ​គេចខ្លួនបាត់​បន្សល់ទុក​តែ​រថយន្ត​។​

​តាម​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញម៉ូតូ ១​គ្រឿង​ជិះ​ឌុប​គ្នា​២​នាក់ លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​​គ្នា​ជាមួយ​រថយន្ត​បែន​ដឹក​ដី​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7531​ពីក្រោយ​ពេញទំហឹងបណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​សន្ល​ប់​ស្តូក និង​ម្នាក់ទៀត​រងរបួស​ស្រាល​។​

​ក្រោយពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះមក វាស់វែង​ហើយ​យក​មធ្យោបាយទាំងអស់ ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា តាម​នីតិវិធី​។ ដោយឡែក​​អ្នករបួស​ត្រូវបាន បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕​