ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​និង​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការ​ខេត្តសៀមរាប​បាន សហការ​ជាមួយ​ប៉ូលិស​អន្តរាគមន៍​ខេត្ត ចុះ​ប្រត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​នូវ​សារធាតុ​ញៀន​បាន​ចំនួន​៥​នាក់​បញ្ជូន​ទៅ​តុលាការ ។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​បាន​ធ្វើ​ទ្បើ​ង​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខណៈ​ពួក​គេ​កំពុង​ចែកចាយ​តាម​ផ្លូវ​សាធារណៈ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿង ដើម្បី​សាកសួរ ។

លោក​វរៈសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​បាន​បញ្ជាក់​ថា ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ចំនួន​៥​នាក់ ដែល​ត្រូវ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន​នោះ​មាន ១-​ឈ្មោះ តឹក បូ​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​ជួញដូរ​), ២-​ឈ្មោះ ស៊ុន វណ្ណ​សាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​ប្រើប្រាស់​), ៣-​ឈ្មោះ នី ហ៊ា​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាងឈើ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប​(​ប្រើប្រាស់​), ៤-​ឈ្មោះ រិ​ន មន្នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​ជួញដូរ​) និង ៥-​ឈ្មោះ សាន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​ប្រើប្រាស់​) ។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​រួច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២៧​កញ្ចប់ ស្មើ​ទម្ងន់​៤,០​ក្រាម​, ដាវ​ដែក​២​ដើម​, ពូថៅ​២​ដើម​, ម៉ូតូ​​២​គ្រឿង (​ម៉ាក​ហុងដា​១​គ្រឿង ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ស៊េរី​ឆ្នាំ​២០១៥ លេខ​តួ និង​លេខ​ម៉ាស៊ីន AD125 ME-9383374 និង​១​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី និច ពណ៌​ទឹកសមុទ្រ គ្មាន​ស្លាក​លេខ មាន​​លេខ​តួ និង​លេខ​ម៉ាស៊ីន 313740) ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុ​តាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕