នាយករដ្ឋមន្រ្តីថៃ ប្រកាសប្រយុទ្ធ ប្រឆាំង នឹងបញ្ហាទាសករ សម័យទំនើប

បាងកក ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អ៊ូឆា បានប្ដេជ្ញាចេញ សកម្មភាពប្រឆាំងនឹង ទាសករនៅក្នុងបណ្ដា រោងចក្រកែច្នៃក្នុងប្រទេស ក្រោយពីមានប្រព័ន្ធស៊ើបអង្កេតមួយ បានរកឃើញថា ទាសករសម័យទំនើប កំពុង ទទួលរងអំពើឃុំឃាំងឲ្យធ្វើការងារ នៅក្នុងរោងចក្រទាំងនោះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នេះដោយដកស្រង់ សម្ដីរបស់លោក នាយករដ្ឋមន្រ្តីបន្ដទៀតថា “យើងកំពុងដោះស្រាយបញ្ហា ទាំងអស់ហ្នឹង” “គ្រប់យោធា និងប៉ូលិសទាំងអស់ត្រូវ តែមានភារៈកិច្ចលើរឿងនេះ ហើយប្រសិនបើពួកគេ មិនបានបំពេញភារកិច្ចទាំងនោះទេ ស្មើនឹងពួកគេ ក៏មានទោសដែរ”។

រោងចក្រកែច្នៃបង្គា នៅក្នុងប្រទេសថៃបានបង្កើនការនាំចេញជាង ១ពាន់លានដុល្លារ ដែល ការងារភាគច្រើនត្រូវធ្វើនៅខេត្តសាមុត សាខន ភាគនិរតីក្រុងបាកក។ បើទោះបីជា រោងចក្រ កែច្នៃបង្គាចំនួន ៥០កន្លែងបានស្នើសុំអាជ្ញាប័ណ្ណ ប៉ុន្ដែមានរោងចក្ររាប់រយកន្លែងផ្សេងទៀត កំពុងដំណើរការ ដោយប្រើប្រាស់កម្លាំងពលករខុសច្បាប់។

គួរបញ្ជាក់ តាមសេចក្ដីរាយការណ៍មួយថា ទាសករភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា ដែល ត្រូវបានភាគីរោងចក្រសន្យាថានឹងផ្ដល់ប្រាក់ខែសមរម្យ ប៉ុន្ដែធាតុពិតពួកគេទទួល បានតិចតួចប៉ុណ្ណោះ ហើយប្រាក់ទាំងនោះយកមកដើម្បីសងបំណុលឈ្មួញកណ្ដាល និងអ្នកជ្រើសរើស ឲ្យទៅទីនោះ៕

នាយករដ្ឋមន្រ្តីថៃ ប្រកាសប្រយុទ្ធ ប្រឆាំង នឹងបញ្ហាទាសករ សម័យទំនើប