ជនជាតិ​យួន​នៅតែ​អាច​ឆ្លងដែន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​តាម​ព្រំដែន​ស្រុក​អណ្ដូង​មាស ស្រេច​អំពើ​ចិត្ត​

បន្ទាប់ពី​លោក កែប កត់ ឡើងកាន់តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី កាលពីពេល​ថ្មីៗ​នេះ​រួចមក​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តរតនគិរី នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ពុំមាន​ការថយចុះ​នោះទេ​។ ជាងនេះទៅទៀត​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ជនជាតិ​យួន​បាន​លួច​ឆ្លងដែន​ចូលមក​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​លើទឹក​ដី​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពពី​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ ក្នុង​ឃុំ​ញ៉ា​ង បាន​ឲ្យ​ដឹងថា ឈ្មួញ​ខ្មែរ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ខ្មែរ​តាម​ព្រំដែន​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ ដើម្បី​ចែក​ផលប្រយោជន៍​គ្នា​យ៉ាង​សុខ​ស្រួល​ជា​យូរ​មកហើយ​។

ក្រុម​សហគមន៍​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​ក្នុង​ឃុំ​ញ៉ា​ង បាន​ឲ្យ​ដឹងថា ចាប់តាំងពី​អំឡុង​ខែមិថុនា រហូតមកដល់​ខែធ្នូ ឆ្នាំ​២០១៥​នេះ ជនជាតិ​យួន​នៅតែ​អាច​ឆ្លងដែន​ចូលមក​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​តាម​ព្រំដែន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ស្រឡៅ កកោះ គគីរ សុ​ក្រំ ផ្ចឹក ជាដើម នៅក្នុង​ព្រៃ​សហគមន៍​ភូមិ​កេ​ត តំបន់ភ្នំ​តេ ភ្នំ​ក្រហម ភ្នំ​សូ​ខ្មាំ​អូរ​ប៉ា​តេស អូរ​ប៉ា​ឡា អូរ​តាក​ង់ ស្ថិតនៅក្នុង​ភូម​កេ​ត ឃុំ​ញ៉ា​ង ត្រូវបាន​ជនជាតិ​យួន​ចូលមក​កាប់​ហើយ​ដឹកជញ្ជូន​ចេញទៅ​ទឹកដី​យួន​យ៉ាង​រលូន​។ សមត្ថកិច្ច​នៅតាម​ព្រំដែន​គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​មិនដែល​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ម្តងណា​ឡើយ​។

ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស បាន​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ករណី​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​របស់​ពួកគាត់​ជាបន្ទាន់ ដោយហេតុថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិនដែល​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ក្នុងនោះ​លោក កែប កត់ អតីត​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ដែល​ទើប​ទៅកាន់​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី កាលពីពេល​ថ្មីៗ​នេះ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​ករណី​ជនជាតិ​យួន​ឆ្លងដែន​ចូលមក​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​អណ្ដូង​មាស ត្រូវបាន​គេ​ដឹងថា ជា​អ្នក​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​និង​ប្រមូល​ទិញ​ឈើ​លើ​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​៕

12345579_1004732219586516_8051591398635076651_n 12376005_1004732222919849_1280017895771742556_n