លោក កឹម សុខា ចាកចេញទៅ ក្រៅប្រទេសស្ងាត់ៗ បន្ទាប់ពីជំនួប ជាមួយសម្តេច ស ខេង

ភ្នំពេញ៖ លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានចាកចេញ ទៅក្រៅប្រទេសដោយស្ងាត់ៗ  កាលពីពេលថ្មីៗនេះ ក្រោយពីធ្វើការចរចា ជាមួយសម្តេចក្រឡាហោម ស ខេង នេះបើតាមការឲ្យដឹង ពីមន្ត្រី គណបក្សសង្គ្រោះជាតិ ។

 តាមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលនៅជិតនឹងលោក កឹម សុខា បានបង្ហើបឲ្យដឹងថា លោក កឹម សុខា បាន ដឹកនាំសមាជិកសភា មាន លោក អេង  ឆៃអ៊ាង លោក  ញ៉យ ចំរើន និង គង់ សភា ទៅសហរដ្ឋអាម៉េរិក ។
សម្រាប់ទស្សនកិច្ចរបស់លោក កឹម សុខា នេះ បើតាមប្រភពដដែលថា លោក កឹម សុខា និងសមាជិកមួយចំនួន ទៀត អាចនឹងជួបពិភាក្សាជាមួយ លោក សម រង្ស៊ី ដែលកំពុងតែនៅក្រៅប្រទេសផងដែរ។ ជាងនេះការចេញ ទៅក្រៅប្រទេសរបស់ កឹម សុខា ខណៈរដ្ឋសភាបើកសម័យប្រជុំពេញ អង្គក្រោមអធិបតីភាពសម្តេចហេង សំរិន  ប្រធានរដ្ឋសភា។

ក្នុងនោះសមាជិកគណបក្សសង្គ្រោះជាតិ មួយចំនួន នឹងចូលរួមប្រជុំសភាជាមួយជាមួយសមាជិកសភា មកពី គណបក្សប្រជាជនកម្ពុជា បន្ទាប់សមាជិកបក្សប្រជំទាស់នេះធ្លាប់ធ្វើពហិការ មិនចូលរួមប្រជុំមួយ រយៈពេលមក។
នៅថ្ងៃទី១៦ ធ្នូ ស្អែកនេះ រដ្ឋសភានឹងបើកសម័យប្រជុំពិភាក្សាលើរបៀបវារៈដូចជាៈទី១  ពិភាក្សានិងអនុម័តសេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងម៉ារ៉ាកេស  ស្តីពីការបង្កើត អង្កការពាណិជ្ជកម្មពិភពលោកដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួល ពាណិជ្ជកម្មនៅក្នុងឧបស័ម្ពន្ធ១ «ក» នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស ។ ទី២ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើកិច្ច ព្រមព្រៀង ស្តីពី ការបង្កើតឲ្យមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន និងទី៣  ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី សុខភាពសត្វ  និងផលិតកម្មសត្វ៕

លោក កឹម សុខា ចាកចេញទៅ ក្រៅប្រទេសស្ងាត់ៗ បន្ទាប់ពីជំនួប ជាមួយសម្តេច ស ខេង