ប្រទះឃើញ គ្រាប់ B40 មិនទាន់ផ្ទុះ ៣គ្រាប់ នៅវត្តព្រែកត្រប់ ស្រុកឯកភ្នំ

បាត់ដំបង៖ កម្លាំងនគរបាល ស្រុកឯកភ្នំ រួមនិងអង្គភាពកំចាត់ មីងស៊ីម៉ាក់ នៅម៉ោង ១៤៖០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ បានសហការគ្នា រាវរកគ្រាប់មិនទាន់ផ្ទះ រួចបានប្រទះឃើញគ្រាប់ B40 ៣គ្រាប់ ស្ថិតនៅ វត្តព្រៃត្រប់ ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

យោងតាមគេហទំព័រអគ្គស្នងការ នគរបាលជាតិ បានដកស្រង់សំដីលោក វរសេនីយ៍ត្រី ឡុង យោធា វរៈអធិការ នគរបាល ស្រុកឯកភ្នំ មកបញ្ជាក់ថា គ្រាប់ ប្រភេទគ្រាប់ B40 ចំនួន៣គ្រាប់ នេះ ត្រូវបានកម្លាំងនគរបាល ស្រុក ឯកភ្នំ សហការគ្នាជាមួយកម្លាំង ស៊ីម៉ាក់ រាវរករួចប្រទះ នៅចំណុចវត្តព្រែកត្រប់ ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។

លោកវរសេនីយ៍ត្រី ឡុង យោធា បានបញ្ជាក់ទៀតថា គ្រាប់ B40 មិនទាន់ផ្ទុះចំនួន ០៣គ្រាប់ នេះនឹងត្រូវអង្គភាព ស៊ីម៉ាក់ធ្វើការ កំទេចចោល។

ជាមួយគ្នានោះ លោកអធិការស្រុកឯកភ្នំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់សូមឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងឡាយណា ដែលបន្សល់ពីសម័យសង្គ្រាមក្តី ឬយុទ្ធភ័ណ្ឌទាំងឡាយណា ដែល បានបន្សល់ពីគ្រប់មជ្ឈដ្ឋាន ប្រសិនប្រទះឃើញ ត្រូវរាយការណ៍ជាបន្ទាន់ ទៅដល់កម្លាំងមានសមត្ថកិច្ច ឫអង្គភាព ស៊ីម៉ាក ដើម្បីយកទៅកំទេចចោល ជៀសវាងកើតមានគ្រោះថ្នាក់ ដោយសារយុទ្ធភ័ណ្ឌទាំងនោះជាយថាហេតុ៕

ប្រទះឃើញ គ្រាប់ B40 មិនទាន់ផ្ទុះ ៣គ្រាប់ នៅវត្តព្រែកត្រប់ ស្រុកឯកភ្នំ