ព្រោះតែ​រត់ការ​ឆក​ល្វែង​ទើបត្រូវ​សមត្ថកិច្ច​មួយ​ចាប់​ទុក

ខេត្តរតនគិរី ៖ គោ​យន្ត​ច្នៃ​១​គ្រឿង​ដឹកឈើ​គគីរ​ងឿ​៤​សន្លឹក​ធំ​ៗ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង​សហការ​បង្ក្រាប​បាន​នៅ​ចំណុច​ភូមិ​កាំ​បាក់ ឃុំ​តឺ​ន ស្រុក​កូន​មុំ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ យក​មក​រក្សារ​ទុក​នៅ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្ត ។

តាម​ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា ឈើ​គគីរ​សន្លឹក​ដឹក​តាម​គោ​យន្ត​ច្នៃ​១​គ្រឿ​នេះ​ត្រូវ​បាន​ឈ្មួញ​រត់ការ​បង់ប្រាក់​ដល់​សមត្ថកិច្ច​ខ្លះ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អស់ហើយ ប៉ុន្តែ​ឆក​ល្វែង​ពុំ​បាន​រត់ការ​ដល់​នគរបាល​សេដ្ឋកិច្ច​នេះ ទើប​ឈាន​ដល់​បង្ក្រាប​តែ​ម្តង ។

ក្នុង​ពេល​ចុះ​បង្ក្រាប​នោះ អ្នកបើកបរ​បាន​រត់គេច​ខ្លួន ឯ​ម្ចាស់​ឈើ​សន្លឹក​នោះ​មិន​ត្រូវ​បាន​ប្រភព​ណាមួយ​ទំលាយ​ឱ្យ​ដឹង​នោះ​ទេ តែ​ត្រូវ​គេ​បង្ហើប​ថា ជា​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​សន្លឹក​ងឿ​នេះ​យ៉ាង​សកម្ម​ផង​ដែរ​តាម​បណ្តា​គ្រប់​ស្រុក​ក្នុង​ខេត្តរតនគិរី ហើយ​ជំនាញ​ព្រៃឈើ​ឡើង​ថ្មី​មិន​ដែល​បង្ក្រាប​ទេ គឺ​បង្ក្រាប​តែ​ឈ្មួញ​ណា​ដែល​មិនមែន​ជា​បក្ខពួក​ខ្លួន​ដើម្បី​យក​ស្នារ​ដៃ​ផង និង​ចង់ឱ្យ​ពួក​ឈ្មួញ​ស្គាល់​ផង ។

នៅ​ខេត្តរតនគិរី​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​តែ​វត្ថុ និង​ឧបករណ៍​បទល្មើស​ប៉ុណ្ណោះ មិន​ដែល​ឈើ​ញ​បង្ក្រាប​អ្នក​ប្រ​ព្រឹ​ត្ត​នោះ​ទេ មាន​តែ​ឃុបឃិត​ជួយ​លាក់​កំបាំង និង​ចាប់​ហើយ​តែងតែ​សម្រួល​ដោះ​លែង​វិញ​ដដែល ដែល​ជា​រឿង​សង្ស័យ​ក្រោម​តុ ។

មតិ​មហាជន​ភាគច្រើន​កំពុង​រង់ចាំ​មើល​ផង​ដែរ​ចំពោះ​ករណី​ខាងលើ​នេះ​ជាដើម តើ​ត្រូវ​បាន​ក្រុម​ឈ្មួញ​រត់កា​ដោះ​លែង​វិញ ឬ​យ៉ាងណា​នោះ​ទេ ភាគច្រើន​ឱ្យ​តែ​បង្ក្រាប​បាន​ហើយ​នោះ​តែង​ឆ្លើយ​ប្រាប់​ថា​ជា​របស់​លោក​ធំ​នេះ​លោក​ធំ​នោះ​ជួល​ឱ្យ​ដឹក ក៏​ត្រូវ​មាន​លេស​សម្រួល​ដោះ​លែង​វិញ ៕