​២​​នាក់​ជិះ​ម៉ូតូ​ដូច​ហោះ​បុក​​គូទ​រថយន្ត​ដឹកស្រូវ​ពីក្រោយ​​ស្លាប់​​ទាំង២នាក់

ខេត្តបាត់ដំបង ៖ យុវជន​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ដឹកស្រូវ​ពីក្រោយ ដែល​ឈប់​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សី កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៤ ធ្នូ ។ រីឯ​រថយន្ត​ដាក់​មេ​ប្រូច​បាត់​ស្រមោល​ទាំង​យប់ មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។

មន្ត្រី​នគរបាល​ស្រុក​មោង​ប្ញ​ស្សី​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ម្នាក់​ឈ្មោះ​ត្រឹង ពិសិដ្ឋ អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​សុង ស៊ី​នឿ​ន អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សី ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1Q-1224 ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត ។ រីឯ​រថយន្ត​បាន​បើក​រត់​បាត់​ស្រមោល តែ​ត្រូវ​គេ​ដឹង​ថា ជា​រថយន្ត​ដឹកស្រូវ និង​ពាក់​ស្លាក​លេខ​ស្វាយ​រៀង 3A-0386 ។

សាក្សី​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​នោះ បាន​ឈប់​សំចត​លើ​ចិញ្ចើមថ្នល់ ហើយ​ឃើញ​កម្មករ​បាន​ទាញ​តំរៀប​បាវ​ស្រូវ​ផង ដែល​ទំនង​បាវ​ស្រូវ​រអិល​ចង់​ធ្លាក់ ។ ប្រភព​ដដែល​បញ្ជាក់​ថា ពេល​អ្នក​ជិះ​រថយន្ត​កំពុង​រៀបចំ​បាវ​ស្រូវ ស្រាប់តែ​អ្នក​ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន​ស្រប​ទិស​គ្នា ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ទាំង​២​នាក់​ភ្លាម​ៗ រីឯ​ភាគី​រថយន្ត​ឃើញ​បែប​នេះ ក៏​បាន​បើករថយន្ត​យ៉ាង​លឿន​ចេញ​ទៅ​ទិស​ខាងកើត​បាត់​តែ​ម្ដង ។