សម្តេច​សខេង ព្រមាន​បក​ស័ក្តិ​ស្នងការ​នគរបាល​ខេត្ត ដែលមាន​ចោរប្លន់​កក្រើក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​

ភ្នំពេញ: ចំពោះមុខ​មេ​ប៉ូលិស​ធំៗ ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ព្រមាន​ដល់​ស្នងការ​នគរបាល​ខេត្តកណ្ដាល ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ថា​នឹងត្រូវ​បក​ស័ក្តិ បើសិនជា​បង្ក្រាប​ក្រុមចោរប្លន់ មិនបាន​។ ខេត្ត​ទាំងបី​នោះ មាន​ករណី​ប្លន់​ប្រដាប់អាវុធ លើ​អាជីវករ​លក់​មាស និង​ផ្ទះ​ផ្ទេរ​លុយ វី​ង បណ្តាល​ឲ្យ​ស្ត្រី​ម្ចាស់ផ្ទះ​ម្នាក់​ស្លាប់ នៅ​ខេត្តពោធិ៍សាត់ កាលពី​ល្ងាច និង​យប់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥​។​

​សម្តេច ស ខេង បាន​លើកឡើងថា ស្នងការ​នគរបាល​ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង​ខេត្តកណ្ដាល ត្រូវ​រក​ឲ្យ​ឃើញ​ករណី​ចោរប្លន់ និង​ត្រូវ​បង្ក្រាប​ឲ្យ​បាន​។ បើ​បង្ក្រាប​មិន​បានទេ ត្រូវ​បក​ស័ក្ដិ​ខ្លួនឯង កុំ​ចាំ​ឲ្យ​សម្តេច បក​អោយ​។ ចំណែក​ស្នងការ​ប៉ូលិស នៅតាម​ខេត្ត​ផ្សេងៗ​ទៀត ក៏​យកចិត្តទុកដាក់​រឿង​ចោរប្លន់​ប្រដាប់អាវុធ​នេះ​ផងដែរ​។

​ករណី​ចោរប្លន់​ប្រដាប់អាវុធ ដែល​បានចាប់ផ្តើម​កក្រើក​ឡើង​វិញ នៅពេលនេះ ត្រូវបាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ បានដាក់​បញ្ជា​ផ្ទាល់មាត់ ទៅកាន់​ប៉ូលិស និង​ប៉េអឹម អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់​ជាន់ថ្នាក់ ត្រូវតែ​បង្កើន​វិធានការ និង​វ៉ៃ​បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ទាំងនោះ​។​

​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ណែនាំ​ដល់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ត្រូវ​ពិនិត្យឡើង​វិញ ករណី​ស្នើសុំ​លើកលែងទោស​ដល់​ទណ្ឌិត ព្រោះថា ក្រុមចោរប្លន់ និង​ឧក្រិដ្ឋជន​គ្រឿងញៀន ដែល​ទទួលបាន​ការលើក​លែង​ទោស​កន្លងមក គឺ​បានមក​ធ្វើ​សកម្មភាព​ឡើងវិញ​៕​