រថយន្តកុងតឺន័រ បុក រថយន្តសាំយ៉ុងរុញក្រឡាប់ចូលប្រឡាយនៅ​ខេត្តកណ្ដាល

ខេត្តកណ្ដាល​៖ មនុស្ស​ចំនួន ១៥ នាក់​បាន​រងរបួស ក្នុងនោះ ២ នាក់ បាន​របួសធ្ងន់ និង ១៣ នាក់​ទៀត​បាន​របួសស្រាល ក្នុងខណៈ​ពេលដែល​ជនរងគ្រោះ​ទាំងនោះ កំពុង​ជិះ​នៅក្នុង​រថយន្ត សាំ​យ៉ុង ១ គ្រឿង ហើយ​រថយន្ត​នេះ​បាន​ឈប់​នៅតាម​ចិញ្ចើមផ្លូវ​ដាក់​ម៉ូយ ស្រាប់​តែមាន​រថយន្ត​ដឹក​កុងតឺន័រ​មួយគ្រឿង បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅដល់ បាន​រេ​ចង្កូត​ជ្រុល​ទៅបុក ពីក្រោយ​រុញ​រថយន្ត​សាំ​យ៉ុង​នោះ​ទៅមុខ​ចម្ងាយ​ជិត ៤០ ម៉ែត្រ ផ្ទប់​នឹង​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ​ទឹកស្អុយ ហើយ​ក្បាល​រថយន្ត​បង្កហេតុ ក៏បាន​ធ្លាក់​ចូលទៅក្នុង​ប្រឡាយទឹក​ស្អុយ​នោះ​ផងដែរ ។​

រថយន្តកុងតឺន័រ បុក រថយន្តសាំយ៉ុងរុញក្រឡាប់ចូលប្រឡាយនៅ​ខេត្តកណ្ដាល

ឧប្បត្តិហេតុ​ខាងលើ​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង ៣៥ នាទី​ថ្ងៃត្រង់ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ២៨-២៩ ស្ថិត​ក្នុងភូមិ​ទួលសាលា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។​ រថយន្ត​សាំ​យ៉ុង​ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T- 1436 បើកបរ​ដោយ​ឈ្មោះ ស៊ឹង ធឿន ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អណ្ដូងទឹក ឃុំ​អណ្ដូងទឹក ស្រុក​បទុម​សាគរ ខេត្តកោះកុង ។ ដោយឡែក​រថយន្ត​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ​ឆ្នូត​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3A- 0258 ជា​កម្មរ​សិទ្ធ​របស់​ក្រុមហ៊ុន ផែស្ងួត អ៊ុយ​ញ៉ុ​ង ហើយ​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ទេ​មាន​អាយុ​ប្រហែល ៥០ ឆ្នាំ បាន​រត់​គេចខ្លួនបាត់​ស្រមោល ។

រថយន្តកុងតឺន័រ បុក រថយន្តសាំយ៉ុងរុញក្រឡាប់ចូលប្រឡាយនៅ​ខេត្តកណ្ដាល

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្តឈ្នួល ម៉ាក​សាំ​យ៉ុង នោះ​ដឹក​មនុស្ស​ចំនួន ១៥ នាក់ បើកបរ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ច​ទៅ​កើត ដែល​តាម​ដឹង​អ្នកជិះ​ក្នុង​រថយន្ត​នោះ គឺជា​អ្នក​រស់នៅក្នុង ភូមិ​អណ្ដូងទឹក ឃុំ​អណ្ដូងទឹក ស្រុក​បទុម​សាគរ ខេត្តកោះកុង​ទាំងអស់គ្នា​តែម្ដង ។ ពេលទៅ ដល់​ត្រង់ចំណុច​កើតហេតុ បាន​ឈប់​ដាក់​ម៉ូយ​ថែម ប៉ុន្តែ​ពេល​កំពុង​ឈប់ ស្រាប់​តែ​រថយន្ត​បង្ក​បើកស្របគ្នា​ក្នុង​ល្បឿន​លឿនបាន​ទៅដល់​បុក​ពីក្រោយ រុញ​ផ្ទប់​បង្គោល​ភ្លើងក្រឡាប់​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយទឹកស្អុយ បណ្ដាល​ឲ្យ​អ្នកជិះ​នៅក្នុង​រថយន្ត​សាំ​យ៉ុង រងរបួស​ទាំងអស់គ្នា ចំណែក​ក្បាល​រថយន្ត​កុងតឺន័រ ក៏បាន​ធ្លាក់​ទៅក្នុង​ប្រឡាយ​ទឹកស្អុយ​នោះដែរ បន្ទាប់មក​អ្ន​លបើក​បរបាន​រត់គេច​ខ្លួន​បាត់ ។ ក្រោយពេល​កើតហេតុ​ប៉ូលិសចរាចរណ៍ស្រុក​អង្គស្នួល​បាន​ចុះទៅ​វាស់វែង និង នាំយក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ រួច​នាំយក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ​រង់ចាំ​ការដោះស្រាយ ៕   (​ប្រភព TV5)

រថយន្តកុងតឺន័រ បុក រថយន្តសាំយ៉ុងរុញក្រឡាប់ចូលប្រឡាយនៅ​ខេត្តកណ្ដាល