ចោរ​ប្រុស​-​ស្រី​៤​នាក់​បន្លំ​លួច​លុយ​ក្នុង​ហាង​ប្តូរ​ប្រាក់ និង​បង់​រំលស់​អស់​មិន​តិច

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ នូវ​ករណី​លួច​ដែល​ចោរ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​បាន​បន្លំ​ចូល​លួច​ក្នុង​ហាង​យីហោ ជី​ន លី ប្តូរ​ប្រាក់ និង​បង់​រំលស់​អស់​ទឹកប្រាក់​ជា​ច្រើន និង​កាត​ទូរស័ព្ទ​មួយ​ចំនួន រួច​គេចខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​០៧ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ ស្ថិត​នៅផ្ទះ​លេខ​៥៨ ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោក​អនុសេនីយ៍ឯក អ៊ុយ ច​យ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​ប្រាប់​កោះសន្តិភាព​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ នេះ​ថា ក្រោយ​ពី​មាន​ម្ចាស់​ហាង​បាន​រាយការណ៍​មក​កម្លាំង​កង​រាជ​ហត្ថ​ខេត្ត ទើប​លោក​បាន​បញ្ជា​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ។ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​រួច​មក កម្លាំង​ជំនាញ​ក៏​បាន​ប្រតិបត្តិ​តាមដាន​ស្រាវជ្រាវ​ស្វែង​រក​។

លោក​បន្ត​ថា ក្រោយ​ពី​ចោរ​បាន​ចូល​លួច​ក្នុង​ហាង​ខាងលើ ត្រូវ​បាន​ម្ចាស់​ហាង​ប្រាប់​សមត្ថកិច្ច​ថា ចោរ​មាន​គ្នា​៤​នាក់​ក្នុង​នោះ​មាន​ស្រី​ម្នាក់​ជា​ជនជាតិ​វៀតណាម​បាន​បន្លំ​ដូរ​លុយ និង​ម្នាក់​ទៀត​បន្លំ​ទិញ​ពូក​សុវត្ថិភាព និង​កាត​ទូរស័ព្ទ ហើយ​ពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​​ដោយ​មាន​ម៉ូតូ​ចំនួន​៣​គ្រឿង​ពី​ជន​រង​គ្រោះ​ឈ្មោះ​មឿ​ន ស្រី​ផល អាយុ​៣៥​ឆ្នាំ មុខរបរ​ប្តូរ​ប្រាក់ និង​បង់​រំលស់ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​បាន​បាត់បង់​សម្ភារ​មាន​ដូច​ជា​ប្រាក់​ដុល្លារ​ចំនួន​៦.០០០​ដុល្លារ ប្រាក់​ខ្មែរ​ចំនួន​៦០​ម៉ឺន​រៀល កាត​ទូរស័ព្ទ​ចំនួន​២០០​ដុល្លារ ។ លោក​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ក្រុម​ចោរ​ទាំង​៤​នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងត្បូង​បាត់ ដោយ​សុវត្ថិភាព ។