សម្តេចតេជោ​ ហ៊ុន សែន​ ជំរុញឲ្យស្ថាប័ន​ពាក់ព័ន្ឋទំាងអស់​ផ្តល់ការងារបន្ថែមដល់ស្រ្តី

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម​ ​( Facebook)​ផ្លូវការរបស់សម្តេចតេជោ ​ហ៊ុន សែន ​បានសរសេរបង្ហោះនៅ​វេលាថ្ងៃត្រង់​នេះ​មានខ្លឹមសារទំាង​ស្រុង​ថា "កាលពីថ្ងៃទី១៥​ ធ្នូ ២០១៥ ព្រឹកមិញនេះ​ នៅវិមានសន្តិភាព​ សម្តេចតេជោ ​ហ៊ុន សែន និង សម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន សែន ​បានអញ្ជើញជា​អធិបតីភាព​ក្នុងវេទិកាជាតិ​ស្តីពី​ស្រ្តីជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ ​និងនយោបាយ ​ដែលពិធីនេះមានការចូលរួមពី​គ្រប់បណ្ដាស្រ្តីដែល​ជាអ្នកដឹកនាំតាម​បណ្ដា​ស្ថាប័ន ក្រសួង ជាពិសេស​ក្រសួងកិច្ចការនារី ។

គោលបំណងនៃ​វេទិកាជាតិនេះ ​គឺធ្វើការពិនិត្យលើវឌ្ឍនភាព​ក្នុងការអនុវត្ត​តួនាទី និងភារកិច្ចរបស់ស្រ្តីជាអ្នកដឹកនាំ ​ការកំណត់រកបញ្ហាប្រឈម ​និងតំរូវការបន្ថែមទៀត ព្រមទាំងលើអនុសាសន៍​សំរាប់ពង្រឹងការអនុវត្ត​យុទ្ឋសាស្រ្ត និងវិធានការដើម្បីទ្រទ្រង់​ដល់ស្រ្តីជាអ្នកដឹកនាំ​នៅគ្រប់កំរិត ។

បច្ចុប្បន្ននេះ​ រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ឋសាស្រ្តចតុកោណ ​ដើម្បីកំណើនការងារ ​សមធម៌ និងប្រសិទ្ឋភាព​ការងារស្រ្តីនៅកម្ពុជា​ដំណាក់កាលទី៣ ដែល​កំណត់​យកអភិបាលកិច្ចល្អជាស្នូល​ និងបានចាត់ទុក​​ស្រី្តជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ​និងសង្គមជាតិ ។

សម្តេចតេជោ​ ហ៊ុន សែន ​បានវាយតំលៃខ្ពស់ចំពោះ​ការងារស្រ្តីដែលបានចូលរួមចំណែ​កយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ​ ហើយរាជរដ្ឋាភិបាល​តែងតែគិតគូរ ជានិច្ចក្នុងការលើក​កម្ពស់​សិទ្ឋិស្រ្តី ជាពិសេសផ្តល់ឱកាស​អោយស្រ្តីបានចូលក្នុងកិច្ចការងារផ្សេងៗ​ក្នុងសង្គម។

ទន្ទឹមនឹ​ងនេះ​ សម្តេចតេជោ បានជំរុញអោយ​ស្ថាប័នពាក់ព័ន្ឋទាំងអស់​ ត្រូវបង្កើនការយកចិត្តទុកដាក់​និងផ្តល់ការងារបន្ថែមទៀតចំពោះស្រ្តី​ គឺត្រូវរៀបចំ​ដាក់បញ្ចូល តួនាទី ស្រ្តីទៅតាមសមត្ថភាពពិតប្រាកដ​ ចៀសវាងដាក់តែចំនួនស្រ្តីតែ​គ្មានសមត្ថភាពនិងគុណការងារ។ ​សម្តេចតេជោ​ សំណូ​មពរអោយស្រ្តីខ្លួនឯង​ត្រូវតែខិតខំពង្រឹង​ សមត្ថភាព ខ្លួនឯងបន្ថែមផង​ ដើម្បីអោយការងាររបស់ខ្លួនមានប្រសិទ្ឋភាព ​និងគុណភាព។ ​ពិធីបិទវេទិការជាតិខាងលើនេះ ​សម្តេចតេជោ ហ៊ុន សែន ​បានបំពាក់គ្រឿងឥស្សរិយយស ដល់មន្រ្តីរាជការជាស្រ្តី​ដែលមានស្នារដៃឆ្នើមចំពោះ​សង្គមជាតិចំនួន ​២១នាក់មកពីទូទាំងប្រទេស ​ហើយសម្តេចតេជោក៏បានផ្តល់​បាច់ផ្កាជូនពរសម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ​នៅក្នុងថ្ងៃខួបកំណើត​គម្រប់៦១ចូល៦២ ឆ្នាំ​នៅថ្ងៃនេះ ក្រោមបរិយាកាសរីករាយ​ក្រៃលែង"៕