កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ពង្រាយ​កម្លាំង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ

ខេត្តស្ទឹងត្រែង​ ៖ ក្រោយ​កើត​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​ និង​រាល់​ករណី​នីមួយ​ៗ​សុទ្ធ​សឹង​ជា​ករណី​ប្លន់​បាញ់​សម្លាប់​នោះ ​កម្លាំង​កង​រាជ​អាវុធហត្ថ​ស្ទឹង​ត្រែង​ បាន​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ ​ដើម្បី​លើក​ផែនការ​ការពារ​សន្តិ​សុខ​ជូន​ប្រជាពលរដ្ឋ​ និង​អាជីវករ​ទូទាំង​ខេត្ត​ ។

លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់​ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ​បាន​បើក​កិច្ចប្រជុំ​ដែល​មានការ​ចូលរួម​ចាប់ពី​ថ្នាក់​នាយការិយាល័យ​ឡើង​ទៅ​ ដើម្បី​រិះរក​ក​ន្លឹះ​​ក្នុង​ការ​ទប់​បង្ក្រាប ​ប្រ​សិន​កើត​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ឡើង​ ។  ​ខណៈនោះ ​លោក
មេបញ្ជាការ​បាន​ផ្តល់​នូវ​យុទ្ធសាស្ត្រ​​ជា​ច្រើន​ ដល់​មេបញ្ជាការ​ង ក្រុង ស្រុក ស្នាក់​ការ​សន្តិសុខ​ និង​ធ្វើការ​ណែនាំ​អំពី​ការ​បង្ក្រាប​បទល្មើស​នោះ​ និង​ហាមឃាត់​ជា​ដាច់ខាត​ មិន​ឱ្យ​មានការ​ផ្ទុះអាវុធ ​បើ​គ្មាន​បទបញ្ជា​តែ​ប្រ​សិន​ក្រុម​ឧ​ក្រិ​ដ្ឋ​ជន​បាញ់​មក​លើ​សមត្ថកិច្ច​អាច​​​​នឹងតដៃ​វិញ​បាន ​ដើម្បី​ការពារ​ខ្លួន​។

​លោក​មេបញ្ជាការ​បាន​ប្រាប់​កោះសន្តិភាព​ថា​ ការ​រៀបចំ​ធ្វើ​ឡើង​ដូច្នេះ​ មិន​មាន​គិត​ត្រឹម​ថា​ ​បន្ទាប់​ពី​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​នៅ​តាម​​បណ្តា​ខេត្ត​កន្លង​ទៅ​ ទើប​លោក​ត្រៀម​ដាក់​កម្លាំង​បង្កា​ទប់ស្កាត់​នោះ​ទេ តែ​វា​ជា​ភារកិច្ច​មួយ​ដ៏​សំខាន់​ដែល​កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ចុះ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្រោយ​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តម​សេនីសៅ សុខា អគ្គមេ បញ្ជាការ​រង​កង​យោ​ពល​ខេមរៈភូមិន្ទ មេបញ្ជាការ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស និង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​។ ​​