ឧបសគ្គ​ដ៏​លំបាក​បំផុត​៤​ចំណុច​ដើម្បី​ក្លាយជា​សហគ្រិន​ជោគជ័យ

ជា​ការ​ពិត​ណាស់ ការ​ប្រតិបត្តិ​តាម​នីតិវិធី​ក្នុង​ការ​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន និង​ការ​ហ្វឹកហ្វឺន​ដោយ​ខ្លួនឯង គឺជា​កិច្ចការ​ដ៏​មាន​សារសំខាន់​មួយ​ដែល​អ្នក​ត្រូវ​ឈ្វេងយល់​ដោយ​ខ្លួនឯង​ផ្ទាល់​អំពី​ផ្លូវ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្ពោះទៅ​មុខ​ដូច​ជា ការ​បើក​ក្រុមហ៊ុន​ពាណិជ្ជកម្ម ជាដើម ។

១-​ការ​ពលិកម្ម ៖

ចំណុច​នេះ​ស្តែង​ចេញ​តាម​រយៈ​ស្មារតី​ព្យាយាម​បំផុត​ក្នុង​ការ​ធ្វើ​ដំណើរ ឬ​ក៏​ដំណើរការ​អាជីវកម្ម ។ នៅ​ក្នុង​ជំហាន​ដំបូង អ្វី​ៗ​ដែល​អ្នក​ធ្វើ ហើយ​សម្រេច​បាន អ្នក​នឹង​មាន​អារម្មណ៍​ថា ដូច​ជា​ការ​ពលី​ដ៏​មហិមា​មួយ ដូច​ជា មិត្ត​របស់​អ្នក​ទៅ​បន្ធូរ​អារម្មណ៍​សម្រាក​លំហែកាយ​នៅ​រាត្រី​ថ្ងៃ​សុក្រ​ចុង​ស​ប្តា​ហ៍ ប៉ុន្តែ​អ្នក​បែរជា​នៅផ្ទះ​ធ្វើ​ការងារ​ទៅ​វិញ ។

អ្នក​ទំនងជា​សួរ​ខ្លួនឯង​ភ្លាម​ៗ និង​មាន​មន្ទិល​ពី​ការងារ​ដែល​កំពុង​ធ្វើ​ជា​មិន​ខាន ហើយ​ថែម​ទាំង​ស្វែងរក​នូវ​ការ​ស្រុះស្រួល​ពី​អ្នក​ខាងក្រៅ ដើម្បី​ជួយ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ធ្វើ​ត្រឹមត្រូវ​គ្រប់ពេល ។ ចំណែក​ការងារ​លំបាក​ៗ គឺ​អ្នក​កំពុង​តែ​បញ្ចូល​វា​ទៅ​ក្នុង​មុខ​ជំនួញ​ថ្មី​របស់​អ្នក ។

ទោះជា​យ៉ាងណា ក្នុង​រូបភាព​ជាក់ស្តែង អ្នក​បាន​ត្រឹមតែ​កំណត់​នូវ​ទំហំ​ពេលវេលា​ក្រៅ​ម៉ោង សម្រាប់​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ​រួចរាល់​ប៉ុណ្ណោះ ដូច្នេះ ប្រសិនជា​អ្នក​ចង់​ឲ្យ​សម្រេច​បាន​ជោគជ័យ​លើ​ការ​ប្រកប​មុខ​ជំនួញ​ថ្មី​នោះ គឺ​អ្នក​គ្មាន​ជម្រើស​ដទៃ​ក្រៅពី​ការ​ប្រើប្រាស់​ពេលវេលា​ដែល​អ្នកមាន​នោះ​ឡើយ ។

២-​ការ​សំលៀង​គំនិត ៖

នៅ​ក្នុង​ដំណាក់កាល​នេះ បច្ចុប្បន្ន​អ្នក​ក្លាយជា​មាន​ភាព​ងាយស្រួល ឬ​ផាសុកភាព​ពី​ចំណុច​ស្មុគស្មាញ​ទាំងឡាយ ខណៈ​ពេល​កំពុង​ចាប់ផ្តើម​អាជីវកម្ម តួយ៉ាង ការ​សិក្សា​ពី​ជំនាញ​ថ្មី​ៗ និង​ការ​ចែក​រំលែក​គំនិត​យោបល់​ជាមួយនឹង​ពិភពលោក ហើយ​អ្នក​ក៏​ចាប់ផ្តើម​ដើរ​លើ​ភាព​ស៊ីចង្វាក់​នោះ ។

ជាង​នេះ​ទៀត ក្នុង​ដំណាក់កាល​នេះ អ្នក​នឹង​ចាប់ផ្តើម​រើស​យក​នូវ​កម្លាំង​រុញច្រាន និង​បទ​ពិសោធន៍​ឈ្នះ​ៗ​កាន់តែ​ធំធេង​ច្រើន​ជាង​ពេល​អ្នក​ទើបតែ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម ។ អ្នក​បាន​បញ្ចេញ​ចោល​នូវ​អារម្មណ៍​មន្ទិល ហើយ​ផ្តោត​ទៅ​លើ​ការ​ពង្រីក​គំនិត​ប្រកប​អាជីវកម្ម ។

៣-​ជីវិត ៖

ដោយសារ​មុខ​ជំនួញ​ថ្មី​បាន​បង្កើត​ចំណូល អ្នក​ប្រាកដជា​ដឹង​ថា នរណា​ជា​អតិថិជន ហើយ​ថែម​ទាំង​ដឹង​ថា តើ​គួរ​ទាក់ទាញ​ពួក​គេ​បែប​ណា​ផង​ដែរ ។ អ្នក​បាន​សម្រេច​អូស​ទាញ​ពួក​គេ (​អតិថិជន​) ក្នុង​កម្រិត​វិជ្ជមាន​មួយ និង​មានការ​ជឿជាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​បម្រើ​អតិថិជន​ទាំងនោះ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​គូប្រកួត​ប្រជែង​ទៅ​ទៀត ។

ប្រសិនជា​អ្នក​កំពុង​ចាប់ផ្តើម​មុខ​ជំនួញ គឺជា​ដំណាក់​កាលដែល​នឹង​សម្រេច​បាន​លើក​ចុង​ក្រោយ​នូវ​លក្ខណៈ​វិ​ច្ឆ័​យ​នៃ​ចំណូល​អប្បបរមា​របស់​អ្នក ក្នុង​ការ​លះបង់​ការងារ​ទៀងទាត់ ហើយ​ផ្តោត​លើ​ការ​បង្កើន​ពាណិជ្ជកម្ម​ពេញ​ម៉ោង​។

៤-​សេរីភាព ៖

បន្ទាប់​ពី​ជួប​នូវ​ការ​លំបាក​ទាំង​អម្បាលម៉ាន​ក្នុង​ការងារ​នោះ អ្នក​នឹង​មាន​មោទនភាព​ច្រើន​។ មុខ​ជំនួញ​ផ្ទាល់ខ្លួន​អាច​បំពេញ​តាម​តម្រូវការ​ទីផ្សារ​រឹង​មាំ ហើយ​អ្នក​អាច​ធ្វើ​បាន​ឈាន​ទៅ​ដល់​កម្រិត​កំពូល​ក្នុង​ប្រតិបត្តិការ​កាន់តែ​ច្រើន និង​ឆាប់រហ័ស ។ បច្ចុប្បន្ន អ្នកមាន​ពេលវេលា ថាមពល និង​ការ​គិត​ច្បាស់លាស់​ក្នុង​ការ​ផ្តោត​លើ​ចក្ខុវិស័យ​យូរអង្វែង ។

អ្នក​អាច​បោះ​ជំហាន​ចេញពី​មុខ​ជំនួញ ដោយ​ជឿជាក់​លើ​ប្រព័ន្ធ និង​មនុស្ស​ដែល​អ្នក​បាន​ប្រគល់​មុខ​នាទី ដើម្បី​ជួយ​រក្សា​នូវ​អ្វី​ៗ​នៅ​លើ​ផ្លូវ​ដើរ​នេះ ខណៈ​អ្នក​នឹង​រីករាយ​ក្នុង​ការ​ទទួល​ប្រយោជន៍​ពី​ជីវភាព​នៃ​ដំណើរការ​នៃ​មុខ​ជំនួញ​ផ្ទាល់ខ្លួន ។

សហគ្រិន​ពិតប្រាកដ​ម្នាក់ មិន​ដែល​បញ្ឈប់​ការ​ប្រកួតប្រជែង​របស់​ខ្លួន​នោះ​ឡើយ  ៕