ក្រុម​អ្នក​ប្រកប​រប​រថយន្ត​ដឹក​ដី​ចង្កូត​ស្តាំ​ជាង៥០​នាក់ សុំ​ការ​អន្តរាគមន៍​លើកទី២ពី​រដ្ឋ​សភាជាតិ មិន​ធ្វើការ​​កែ​ចង្កូត

រាជធានីភ្នំពេញ ៖ ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ដី ថ្ម និង​ខ្សាច់​ជាង​៥០​នាក់ បាន​លើកគ្នា​យក​ញត្តិ​មួយ​ច្បាប់​ មក​ដាក់​ជូន​រដ្ឋ​សភាជាតិ ដើម្បី​សុំ​​ឱ្យ​​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល​មិន​អនុវត្ត​​​នូវ​ការ​កែ​ចង្កូត​រថយន្ត​​​របស់​ពួក​គាត់​ពី​ចង្កូត​ស្តាំ​ទៅ​ចង្កូត​ខាងឆ្វេងវិញ ដោយ​​បាន​អះអាង​ថា ការ​កែ​​ចង្កូត​នេះ ​ជា​ការ​ធ្វើ​​ឱ្យ​​ពួក​គាត់​ងាយ​នឹង​​រងគ្រោះថ្នាក់​​ និងសុំ​សិទ្ធិ​​ប្រកប​របរ​រកស៊ី​ឡើង​វិញ ​ដោយ​ពេញ​មុខ​ផង​ដែរ ​កាលពី​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី១៥ ​ធ្នូ ​២០១៥ ស្ថិត​នៅ​ខាង​មុខ​រដ្ឋ​សភាជាតិ ​​។

តាម​​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ​ ពិន ឃុន អាយុ​៣១​ឆ្នាំ ជា​អ្នកតំណាង​​មក​ពី​ខណ្ឌដង្កោ​​បាន​ប្រាប់​ឱ្យ​​ដឹង​ថា ក្នុង​ពេល​នេះ​​ដែរ​ក្រុម​​អ្នកតំណាង​រថយន្ត​ដឹក​ដី​ចំនួន​ជាង​៥០​នាក់ បាន​លើកគ្នា​​មក​កាន់​រដ្ឋ​សភាជាតិ​ជា​លើក​​ទី​២​ហើយ​​ប្រឆាំង​តវ៉ា​ ដើម្បី​ទាមទារ​កុំ​ឱ្យ​​មាន​ការ​កែ​ចង្កូត​​នេះ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​របស់​អាជ្ញាធរ​រាជធានី​ បាន​ដាក់​កម្លាំង​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​រថយន្ត​របស់​ពួក​គាត់ ដោយ​មានការ​ចាប់​អោយ​បង់ពន្ធកែ​ចង្កូត និង​ធ្វើការ​ផាកពិន័យ​ផ្សេង​ៗ​ទៀត​​ជាដើម​អស់​រយៈ​​ពេល​ជាង​២​ខែ​មក​ហើយ​នោះ​។

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​​ថា ក្នុង​ពេល​កន្លង​មក​ ក្រុម​អ្នក​ប្រកប​រប​រថ​រថយន្ត​ដឹក​ដី​ថ្ម និង​ខ្សាច់យ៉ាងច្រើន​បាន​នាំ​គ្នា​ដើរ​ដាក់​ញត្តិ​ទៅ​សុំ​ការ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​តាម​ក្រសួង មន្ទីរ ឬ​ស្ថាប័ន​នានា​ដែល​ពាក់ព័ន្ធ​ជា​ច្រើន ក្នុង​ការ​​ជួយ​សម្រួល​ដល់​មុខរបរ​​របស់​ពួក​គាត់​នេះ​ ។ ​តែ​ពុំ​បាន​ចម្លើយ​ជាក់លាក់​​អំពី​ចំណាត់ការ​ច្បាស់លាស់​មក​លើ​រថយន្ត​របស់​ពួក​គាត់​ឡើយ និង​ជា​ចុង​ក្រោយ​នេះ​ពួក​គាត់​សុំ​តែ កុំ​ឱ្យ​​មានការ​ការ​កែ​ចង្កូត​តែ​ប៉ុណ្ណោះ ដោយ​យល់ព្រម​ក្នុង​ការ​បង់ពន្ធ​នាំ​ចូល​ជា​ធម្មតា​ទៅ​តាម​ច្បាប់​។

ការ​ជួបជុំ​គ្នា​​យក​ញត្តិ​មក​ដាក់​ជូន​រដ្ឋសភា​ជា​លើក​ទី​២ ​របស់​ក្រុម​អ្នក​ប្រកបរ​រថយន្ត​ដឹក​ដី ថ្ម និង​ខ្សាច់​នេះ​ដែរ ត្រូវ​បាន​រដ្ឋ​សភាជាតិ​អនុញ្ញាតិ​ឱ្យ​​តំណាង​ចំនួន​៥​នាក់​យក​ចូល​ទៅ​ផង​ដែរ តែ​ដោយសារ​តែ​ខ្លឹមសារ​នៃ​ញត្តិ​នោះ​ មាន​លក្ខណៈ​មិន​ពេញ​​លេញ​ ក៏​តម្រូវ​​ឱ្យ​យក​ទៅ​ធ្វើការ​កែសម្រួល​ជា​ថ្មី និង​យក​មក​វិញ​នៅ​វេលា​ម៉ោង​២​រសៀល​ក្នុង​ថ្ងៃ​ដដែល​ផង​ដែរ​ ។