បំរែបំរួល អាកាសធាតុ កំពុងគំរាមកំហែង ដល់ជីវិតក្នុង ទឹករបស់អូស្រ្តាលី

កង់បេរ៉ា៖ ចំនួនប្លង់តុង នៃប្រទេសអូស្រ្តាលី បានផ្លាស់ប្តូរទីតាំង ទៅកាន់ ភូមិភាគខាងត្បូង ក្នុងរយៈចំងាយជាង ៣០០គីឡូម៉ែត្រក្នុងរយៈពេល ៣០ឆ្នាំដោយសារ ការប្រែប្រួល យ៉ាងខ្លាំង គួរឲ្យកត់សំគាល់នៃអាកាសធាតុ របស់ ផែនដី ដែលនេះនាំឲ្យផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធផ្គត់ផ្គង់អាហារ ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី ១៥ ខែធ្នូ ឆ្នាំ ២០១៥ ថា ក្រុមអ្នកវិទ្យាសាស្រ្តមកពីអង្គការ ស្រាវជ្រាវផ្នែកឧស្សាហកម្ម និង វិទ្យាសាស្រ្ត (CSIRO) បានធ្វើការ បង្ហាញរបាយការណ៍ស្តីពីពពួកប្លង់តុង នៅក្នុង សមុទ្រឆ្នាំ ២០១៥ ដែលមានតួនាទីយ៉ាង  សំខាន់ នៅក្នុងការផ្គត់ផ្គង់ជីវិតសត្វទឹកនៃមហាសមុទ្រ។

ជាក់ស្តែងក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា ប្លង់តុងទឹកត្រជាក់នៅ ឆ្នេរភាគខាងត្បូងនៃ អូស្រ្តាលី មានលក្ខណៈ ខុសប្លែក និងមានសីតុណ្ហភាពក្តៅជាងប្លង់តុងកាលពីលើកមុន នេះក៏ដោយសារសីតុណ្ហភាពរបស់ ទឹកបាន កើនឡើង ដែលជាហេតុធ្វើឲ្យប្លង់តុង ខ្លះបានបាត់បង់ និង ខ្លះទៀតផ្លាស់ប្តូរទីតាំង។

គួរបញ្ជាក់ដែរថា ប្លង់តុងមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការដើរតួជាខ្សែអាហារ សម្រាប់ត្រី បក្សីសមុទ្រ និង ថនិកសត្វទឹកផ្សេងៗ ដែលនៅក្នុងនោះរួមមានត្រីបាឡែនជាដើម។ ប្រសិន បើគ្មានប្លង់តុងនោះទេ ជីវិតទាំងនោះ ក៏មិនអាចមានដែរ ដោយសារការបាត់បង់ប្លង់តុង ជាអាហារ៕

បំរែបំរួល អាកាសធាតុ កំពុងគំរាមកំហែង ដល់ជីវិតក្នុង ទឹករបស់អូស្រ្តាលី