ក្រុម​ជញ្ជីង​របស់លោក ម៉ឹង យូ​ឡេង នៅ​ខេត្តកណ្តាល​ធ្វើ​ឲ្យ​អ្នកបើករថយន្ត​ផ្ទុះ​ការតវ៉ា​

​ប្រធាន​មន្ទីរ​សាធារណការ ខេត្តកណ្តាល​លោក ម៉ឹង យូ​ឡេង ត្រូវបាន​ក្រុមអាជីវករ និង​ពលរដ្ឋ រកស៊ី​ដឹកទំនិញ​រិះគន់ថា បាន​ឃុបឃិត​ឲ្យ​មន្ត្រី​ជំនិត​របស់ខ្លួន បង្កើត​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត នៅតាម​ដងផ្លូវ​មួយចំនួន​ដើម្បី​ប្រមូល​លុយ តាម​អំពើ​ចិត្ត ហើយ​ជញ្ជីង​ទាំង​នោះបាន​សម្របសម្រួល​ជា​រូបភាព​ស្របច្បាប់ តែ​ធ្វើ​សកម្ម​ភាពមិន​ខុសពី​កុងត្រូលជជុះ នោះទេ​។​

ចំពោះមុខ​បញ្ហា​នេះ នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នៃ​២០១៥ នៅ​ចំណុច​ស្ថានីយ៍​ជញ្ជីង ថ្លឹង​រថយន្ត​កំពង់​សំបួ ក្នុងភូមិ​កំពង់​សំបួរ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ​មាន​ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​កើតឡើង គឺ​អ្នកបើករថយន្ត​ធំៗ ប្រមាណ​ជិត​៣០០​គ្រឿង បាននាំគ្នា​ធ្វើ​កូដកម្ម បិទផ្លូវ​ជាតិ​លេខ​២១ B​ដោយ​ទាមទារ​ឲ្យ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្អាក​ជា​បណ្តោះអាសន្ន រង់ចាំ​ផ្លូវជាតិ​លេខ​២១B ធ្វើ​ហើយ​ចាំ​ប្រតិបត្តិ​ការបន្ត ព្រោះ​កន្លងមក​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ពុករលួយ​ទាំងនោះ គិតតែ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ដោយ​មិន​ខ្វល់​ពី​ករណី​រថយន្ត​ដឹក​លើស​ចំណុះ​នោះទេ​។​

ប្រភពព័ត៌មាន​ពី​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក ម៉ឹង យូ​ឡេង និង​បក្ខពួក បានដាក់​ពង្រាយ​កម្លាំង​ចល័ត​គ្រប់​ច្រកល្ហក តាម​ឃាត់​រថយន្ត ដឹក​ថ្ម​ក្រួស​ខ្សាច់ និង​រថយន្ត​ដឹកទំនិញ មិន​ឲ្យ​រួច​មួយគ្រឿង​នោះទេ​ពោលគឺ​រថយន្ត​ដឹក​ថ្ម និង​ដឹក​ដីខ្សាច់ ដែល​ឆ្លងកាត់​ជញ្ជីង​នោះ​ក្នុង​មួយគ្រឿង ត្រូវ​បង់លុយ​ចាប់ពី ២​ម៉ឺន​រៀល​រហូត​ទៅដល់​១០​ម៉ឺន​រៀល ដូច្នេះ​ក្រុម​ជញ្ជីង​អាច​ប្រមូលប្រាក់​ក្នុង​មួយថ្ងៃៗ​បាន​រាប់លាន​រៀល​។​

ក្រុម​អ្នកបើករថយន្ត​ដែល​ធ្វើ​ការតវ៉ា​បា​នប​ញ​ញ​ជា​ក់ថា ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត នៅតាម​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​កំពង់ទួល បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ម៉ឹង យូ​ទ្បេ​ង និង​បក្ខពួក​តាមរយៈ​ការចាត់​មន្ត្រី​ជំនិត​ឲ្យ​ដាក់​គោលដៅ​ឈរជើង​សម្រាប់​ថ្លឹង​រថយន្ត លើស​ទម្ងន់​តែ​ភាព​ពិត​គឺ​មន្ត្រី​ទាំងនោះ​កំពុង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​រាល់ថ្ងៃ​។​

ប្រជាពលរដ្ឋ​ស្រុក​ស្អាង ខេត្តកណ្តាល បាន​លើកឡើងថា​មន្ត្រី​រដ្ឋាភិបាល​គួរ​ត្រួតពិនិត្យ​បញ្ហា​ទាំងនេះ​ឡើងវិញ​ផង ព្រោះ​ការដាក់​កុងត្រូលជជុះ​តាមរយៈ​រូបភាព​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​គ្មាន​បាន​ចំណូល​ចូល​រដ្ឋ​នោះទេ ខណៈ​ផ្លូវ​រង​ការខូចខាត​ជា​បន្តបន្ទាប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ផ្លូវ​ភាគច្រើន​ជា​ថវិការដ្ឋ​ខ្ចី​ពី​បរទេស​យកមក​ធ្វើ​ពុករលួយ​ពេល​ដេញថ្លៃ និង​សាងសង់​ម្តង​រួចទៅហើយ ដូច្នេះ​គួរ​ត្រួតពិនិត្យ​យានយន្ត​ដែល​ចរាចរណ៍​លើផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​៕

W@t-15126 W@t-15127