​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១៩

​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១៩

​ការលូតលាស់ របស់​កូន​អ្នក​
​អារម្មណ៍​របស់​កូន​អ្នក ចាប់ផ្តើម​រីក​ដុះដាល​។ ខួរក្បាល​របស់គេ កំពុងតែ​ចាប់ផ្តើម​សម្គាល់ ក្លិន រសជាតិ ការ​ស្តាប់លឺ ការមើលឃើញ និង​ការ​ស្ទាប​ហើយ​។ ការសិក្សា​មួយ​ចំនួន​បានបង្ហាញ​ថា គេ​ប្រហែលជា​ស្តាប់លឺ នូវ​អ្វី​ដែល​អ្នក​កំពុង​និយាយ ដូច្នេះ ចាប់ពី​អាទិត្យ​នេះ​ទៅ អ្នក​គួរតែ​និយាយ​ជាមួយ​កូន​ឲ្យបាន​ច្រើន អង្អែល​គេ​លេង​ឲ្យបាន​ច្រើន ច្រៀង​ឲ្យគេ​ស្តាប់​ឲ្យបាន​ច្រើន ដើម្បី​ធ្វើឲ្យ​គេ​រីករាយ និង​ស្គាល់​អ្នក​។ ចំពោះ​ទម្ងន់​វិញ គឺ​ប្រហែលជា ២៤០ ក្រាម និង​មាន​ប្រវែង​ប្រហែល​ជា ១៥,៥ សង់ទីម៉ែត្រ​។ ដៃ និង​ជើង​របស់​គេ បាន​ស្ថិតក្នុង​ទីតាំង​ត្រឹមត្រូវ​ហើយ​។​

​តម្រងនោម​របស់គេ បន្ត​ផលិត​ទឹកនោម ហើយ​ក្បាល​របស់​គេ ក៏​ចាប់ផ្តើម​ដុះ​សក់​ផងដែរ​។​

​ការផ្លាស់ប្តូរ​ជីវិតរ​បស់​អ្នក​
​អ្នក​គិតថា ខ្លួនឯង​ធាត់​ខ្លាំង​ណាស់​មែន​ទេ​? ពិតណាស់ រាងកាយ​អ្នកនឹង​ចាប់ផ្តើម ឡើង​គីឡូ​លឿន​ទៅៗ​ហើយ​។ ជា​លទ្ធផល អ្នក​ប្រហែលជា​កំពុង ជួប​បញ្ហា​ឈឺចង្កេះ ឈឺ​ពោះ ពិបាក​ដើរ ឬ​ធ្វើ​ចលនា​ផ្សេងៗ​ហើយ​។​

​អ្នក​ក៏​ប្រហែល​ជា​កត់សម្គាល់ឃើញ មាន​ការផ្លាស់ប្តូរ​ស្បែក​ដែរ​។ បាតដៃ​អ្នក ឡើង​ក្រហម​ដែរឬទេ​? កុំ​ព្រួយបារម្ភ​អី វា​បណ្តាល​មកពី​ការកើនឡើង estrogen ច្រើនពេក​។ ស្បែក​ក៏​ប្រហែល​ជា​ឡើង​ខ្មៅ​ផងដែរ​។​

​ក្រៅពីនេះ មិនបាច់​ឆ្ងល់​ទេ គឺថា សុដន់ ចុង​សុដន់ ក្រោម​ក្លៀក គន្លាក់​ជង្គង់ ឬ​តំបន់​ក្បែរ​ប្រដាប់ភេទ​អ្នក ក៏​ឡើង​ខ្មៅ​ដែរ​។ បន្ថែម​ពីលើ​នេះ អ្នកនឹង​កត់សម្គាល់​ឃើញ​ស្នាម​សង្វារ​មួយចំនួន នៅលើ​ពោះ កំភួនជើង កំភួនដៃ ឬ​សុដន់​របស់​អ្នក​។ ប៉ុន្តែ កុំ​ព្រួយបារម្ភ​អី ចំណុច​ខ្មៅ ឬ​ស្នាម​សង្វារ​ទាំងនេះ ភាគច្រើន នឹង​បាត់​ទៅ​វិញ ក្រោយ​ពេល​សម្រាលកូន​រួច​។​
​អ្វី​ដែល​អ្នក​គួរ​ធ្វើ ក្នុង​សប្តាហ៍​នេះ​

​ស្វែងរក​សេវាកម្ម ថែទាំ​កូនតូច​ទុក​ឲ្យ​ហើយ​ទៅ​។ រក​អ្នក​នៅ​ជា​មួយ​ឲ្យ​ហើយ​ទៅ ព្រោះ​អ្នក​ប្រហែលជា​មិន​មាន​ពេល ឬ​កម្លាំង​គ្រប់គ្រាន់ ដើម្បី​មើល​ថែទាំ​កូនតូច​របស់​អ្នក គ្រប់​ពេលវេលា​នោះ​ទេ​៕
​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។