អព្យាក្រឹតភាព​របស់​ទាហាន​មាន​ឬ​គ្មាន​ ស្រេច​លើ​បុរស​៧​នាក់​ជា​ថ្នាក់ដឹកនាំ​បក្ស​កាន់​អំណាច​

​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ​ដែល​មាន​ចែង​ក្នុង​មាត្រា​២៤​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ហើយ​ ដោយ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ​ អនុម័ត​ដោយ​រដ្ឋសភា​នីតិកាល​ទី​៤​ នា​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៣​ និង​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៣១៣/០០៥​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៣​ ដោយ​អះអាង​ថា​ ដើម្បី​ធានា​ការពារ​រដ្ឋធម្មនុញ្ញ​ ការពារ​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ធានា​ការ​អនុវត្ត​តួនាទី​ ភារកិច្ច​ សមត្ថកិច្ច​ របស់​កង​យោធពលខេមរភូមិន្ទ​ ព្រមទាំង​ពិនិត្យ​និង​អនុម័ត​គោលនយោបាយ​ការពារ​ជាតិ​ និង​ផែនការ​ការពារ​ជាតិ​ ។​

​សមាសភាព​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ​មាន​៧​អង្គ​-​នាក់​ ខណៈ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​គ្រាន់តែ​គង់​ជា​ព្រះ​អធិបតី​ប៉ុណ្ណោះ​ ក្រៅពី​នោះ​រួម​មាន​ ៖​ -​សម្តេច​អគ្គសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​អនុប្រធាន​,​ -​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ជា​សមាជិក​,​ -​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ជា​សមាជិក​,​ -​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​សមាជិក​,​ -​ឯកឧត្តម​ ហោ​ ណាំ​ហុង​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ជា​សមាជិក​,​ -​ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ជា​សមាជិក​ និង​-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប៉ុ​ល​ សា​រឿ​ន​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ ជា​សមាជិក​ ។​

​មាត្រា​៤​នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ​ បាន​កំណត់​អំពី​តួនាទី​របស់​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ​ ដូច​តទៅ​ ៖​ -​ធានា​ការពារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ -​ធានា​ការពារ​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ -​ធានា​អព្យាក្រឹតភាព​នៃ​ការ​អនុវត្ត​តួនាទី​ ភារកិច្ច​ និង​សមត្ថកិច្ច​របស់​កង​យោធពលខេមរភូមិន្ទ​ និង​-​ធានា​ការ​អនុវត្ត​គោលនយោបាយ​ការពារ​ជាតិ​ និង​ផែនការ​ការពារ​ជាតិ​ ។​

​សរុបសេចក្តី​មក​ អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ​នេះ​ មាន​ន័យ​ថា​អព្យាក្រឹតភាព​របស់​កង​យោធពលខេមរភូមិន្ទ​ មាន​ឬ​គ្មាន​ គឺ​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​បុរស​ទាំង​៧​នាក់​ ជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កំពុង​កាន់កាប់​អំណាច​នៅ​កម្ពុជា​ទាំងស្រុង​ ៕​

អព្យាក្រឹតភាព​របស់​ទាហាន​មាន​ឬ​គ្មាន​ ស្រេច​លើ​បុរស​៧​នាក់​ជា​ថ្នាក់ដឹកនាំ​បក្ស​កាន់​អំណាច​