កម្ពុជា មិនមានហេតុផលណា ត្រូវពន្យារពេលការ បោះឆ្នោតជាតិ នោះទេ

ភ្នំពេញ៖ ការវិវត្តន៍ស្ថានការណ៍ នយោបាយ នៅក្នុងប្រទេសកម្ពុជា មួយរយៈពេលចុងក្រោយនេះ ត្រូវបានក្រុម អ្នកវិភាគមួយចំនួន បានលើកឡើងថា នឹងក្លាយជាហេតុផល សំអាងរបស់ រាជរដ្ឋាភិបាល របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីពន្យារពេលការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ។ ក៏ប៉ុន្តែ តាមរយៈប្រសាសន៍ថ្មីៗនេះ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងហើយថា ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ នឹងធ្វើឡើងទៅតាមការកំណត់របស់ច្បាប់ដដែល ពោលគឺ នឹងធ្វើឡើង នៅអាទិត្យសប្តាហ៍ទី៤ នៃ ខែកក្កដា ។

ដូច្នេះ ការអះអាងរបស់ប្រមុខរដ្ឋាភិបាល នាពេលថ្មីៗនេះ គឺវាគ្រប់គ្រាន់នឹងអាច បញ្ជាក់បានហើយថា ការបោះឆ្នោតជាតិអាណត្តិទី៦ នៅឆ្នាំ២០១៨ខាងមុខ នឹងមិនមានការ ពន្យាពេល ឬ លើកពេលណាមួយនោះទេ ហើយថា ការចោទប្រកាន់មេដឹកនាំគណបក្ស ប្រឆាំងលោក សម រង្ស៊ី និងសកម្មជនគណបក្សសង្រ្គោះជាតិ នាពេលកន្លងមក គឺជារឿង របស់តុលាការ។

ការអះអាងថា ការចោទប្រកាន់របស់តុលាការលើលោក សម រង្ស៊ី ថា ជាល្បែងនយោបាយដើម្បីផ្ដួលគ្នា និងថា ជាយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច ចង់ពន្យាពេលការបោះឆ្នោតនៅពេលខាងមុខនោះ គឺជាការអះអាងបញ្ច្រាសទិស ទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ហៅកាត់ថា គ.ជ.ប ពិសេស គឺផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដែលបាននឹង កំពុងជួយលើការងារកំណែរទម្រង់ការបោះឆ្នោត នៅកម្ពុជា ដូចជា សហភាពអឺរ៉ុប ប្រទេស ជប៉ុន និង ប្រទេសអូស្រ្តាលី ជាដើម។

ជំហានថ្មីមួយ ដែលគួរឲ្យកត់សំគាល់នៅពេលនេះ គឺគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតថ្មី បានចាប់ផ្តើមធ្វើការងាររបស់ខ្លួន ទៅតាមកាលវិភាគទាំងអស់ រាប់ចាប់តាំង ពីការចុះ ឈ្មោះ បោះឆ្នោតសាកល្បង តាមប្រព័ន្ធកុំព្យូទ័រ កាលពីដើមខែ វិច្ឆិកាកន្លងទៅ។ ហើយនៅជំហានបន្ត ខាងមុខនេះ គ.ជ.ប នឹងធ្វើការចុះឈ្មោះបោះឆ្នោតផ្លូវការតែម្តង ដើម្បី ឈានទៅបង្កើតបញ្ជី ឈ្មោះបោះឆ្នោតថ្មីមួយ សម្រាប់ប្រើប្រាស់នៅក្នុងការ បោះឆ្នោតឃុំ សង្កាត់នៅ ឆ្នាំ២០១៧ ខាងមុខ។ ការបង្កើតបញ្ជី ឈ្មោះបោះឆ្នោតថ្មី និងការធ្វើ កំណែរទម្រង់ គណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោត គឺស្ថិតនៅក្នុងរបៀបវារៈនៃ កិច្ចព្រមព្រៀងបញ្ចប់ ជម្លោះនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤។

ជាការពិត កិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ ត្រង់ប្រការ៣ បានចែងថា គណបក្សទាំងពីរ បានឯកភាពគ្នាកំណត់ឡើងវិញ នូវកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនា ពេលខាងមុខ។ ប៉ុន្តែអ្វីដែលគេបានដឹងនៅពេលនេះ គឺការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ ២០១៧ខាងមុខ ត្រូវបានលើកពេលធ្វើ ពីខែកក្កដា មកនៅត្រឹមខែកុម្ភៈ វិញ ខណៈដែលការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នឹងរក្សាកាលបរិច្ឆេទ ឲ្យនៅដដែល។

ដូច្នេះ មិនមានហេតុផលណាមួយ ដែលក្រុមអ្នកវិភាគលើកឡើងថា ការវិវត្តន៍នៃស្ថានការណ៍នយោបាយ មួយរយៈចុងក្រោយនេះ គឺជាលេសពន្យាពេលនៃការបោះ ឆ្នោតជាតិឆ្នាំ២០១៨នោះទេ។ ក៏ប៉ុន្តែគឺ វាអាស្រ័យទៅលើគណបក្សប្រឆាំងខ្លួនឯងទៅវិញទេ ដែលត្រូវប្រាកដក្នុងចិត្តថា តើនឹងចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨ ឬអត់?

យ៉ាងណាក៏ដោយ ការជួបគ្នាថ្មីៗនេះ រវាងសម្តេចក្រឡាហោម ស ខេង ប្រធានក្រុម មតិភាគច្រើននៃរដ្ឋសភា និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងតំណាងក្រុមមតិភាគតិចនៃរដ្ឋសភា កាលពីថ្ងៃទី ១០ ធ្នូ កន្លងទៅ បានធ្វើការសម្រេចចិត្ត ចូលរួមប្រជុំសភាឡើងវិញ របស់ក្រុមអ្នក តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនាពេលនេះ គឺជាសញ្ញាល្អមួយដើម្បីពង្រឹងវប្បធម៌ សន្ទនា រវាងគណបក្សទាំងពីរ។ ក៏ប៉ុន្តែ វប្បធម៌សន្ទនា ដែលកើតចេញពីកិច្ចព្រមព្រៀង នយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤នោះ មិនមានឥទ្ធិពលអ្វី  ទៅលើអំណាចផ្លូវច្បាប់ របស់តុលាការ ក្នុងការចោទប្រកាន់ទៅលើលោក សម រង្ស៊ី និងសកម្មជនគណបក្សសង្រ្គោះ ជាតិនោះទេ៕