អាជ្ញាធរកម្ពុជា កំពុង អន្តរាគមន៍ ជួយ ពលករខ្មែរ ១០នាក់ ដែលត្រូវឃាត់ខ្លួន នៅកោះ Riau ប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ស្ថានឯកអគ្គរាជទូតខ្មែរ ប្រចំាសាធាររដ្ឋ ឥណ្ឌូនេស៊ី បាននិងកំពុងជួយអន្តរាគមន៍ ពលករខ្មែរ ១០នាក់ ដែលត្រូវឃាត់ខ្លួន រក្សាទុកនៅ ការិយាល័យអន្តោប្រវេសន៍ Tarempa នៃកោះ Riau ប្រទេសឥណ្ឌុនេស៊ី ក្នុងកំឡុងពេល កងទ័ពជើងទឹក ឥណ្ឌូណេស៊ី ចុះចាប់ទូកនេសាទ ម៉ាឡេស៊ី ចូលធ្វើនេសាទ ខុសច្បាប់ នៅក្នុងដែនទឹកឥណ្ឌូណេស៊ី ក្នុងពេលកន្លងមកនេះ។

យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់លោក ជុំ សុន្ទរី អ្នកនំាពាក្យ ក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅរសៀល ថ្ងៃទី១៥ ខែធ្នូ នះ បានឲ្យដឹងថា តាមការណែនាំពី ក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ ស្ថានឯកអគ្គរាជទូត កម្ពុជា ប្រចំាសាធារណរដ្ឋ ឥណ្ឌូណេស៊ី បាន ទំនាក់ទំនងជាមួយអាជ្ញាធរ ឥណ្ឌូណេស៊ី ស្នើសុំឲ្យដោះលែងពលករខ្មែរ ទាំង១០រូបនោះ ដើម្បីបានវិលត្រឡប់មក កម្ពុជាវិញ អាជ្ញាធរ ឥណ្ឌូណេស៊ី កំពុងរៀបចំដោះស្រាយ តាមសំណើសុំ របស់ស្ថានទូត។

លោក ជុំ សុន្ទរី បានបញ្ជាក់ទៀតថា ភាគីកម្ពុជា បានធ្វើការតវ៉ា ជាមួយក្រុមហ៊ុនទូកនេសាទ ម៉ាឡេស៊ី ហើយទទួលបានការ បញ្ជាក់ច្បាស់ពី ក្រុមហ៊ុនថា នឹងទទួលខុសត្រូវដោះស្រាយ ប្រាក់បៀវត្សរ៍ និងការចំណាយផ្សេងៗ សម្រាប់ការធ្វើ មាតុភូមិនិវត្តន៍ មកកម្ពុជាវិញ របស់ពលករខ្មែរទាំង១០រូប ។

តាមការបញ្ជាក់ ពលករខ្មែរទាំង១០រូប នោះ នឹងវិលត្រឡប់ មកមាតុប្រទេសវិញ ក្នុងពេលឆាប់ៗ ខាងមុខនេះ៕