អ្នក​កាន់ម៉ាស៊ីន​នាវា​ទេសចរ​ណ៍​​បរទេស​ម្នាក់​ដេក​ស្លាប់​លើ​​កប៉ាល់

ខេត្តកំពង់ឆ្នាំង ៖ យន្តការី​របស់​នាវា​ទេសចរណ៍ «​មេគង្គ​ដ​ន​» ម្នាក់​បាន​ស្លាប់​លើ​កប៉ាល់ ក្នុង​ចន្លោះ​ពី​ម៉ោង​១ ទៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ២០១៥ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ស្ថិត​នៅ​ចំណុច​ភូមិ​កោះ​ប្ញ​ស្សី ឃុំ​ប្រ​ឡា​មាស ស្រុក​កំពង់លែង ខណៈ​ដែល​ក្រុមការងារ​ជាមួយ​គ្នា បាន​ទៅ​បើក​បន្ទប់​មើល ។

ក្រោយ​ពី​ដឹង​ថា មាន​សមាជិក​នៃ​នាវា​ទេសចរណ៍​ខាងលើ​មាន​មនុស្ស​ស្លាប់ នាវា​មេគង្គ​ដ​ន​ខាងលើ​បាន​ត្រឡប់​មក​សំចត​នៅ​មុខ​កំពង់​ផែ​ដើម​ពោធិ៍​មុខ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​ទឹក​ខេត្ត ដើម្បី​សហការ​ជាមួយ​មន្ត្រី​នគរបាល​ជំនាញ​ខេត្ត​ធ្វើ​កោ​សល្យ​វិច័យ​លើ​សាកសព​ខាងលើ​ទៅ​តាម​និ​តិ​វិធី ។

មន្ត្រី​នគរបាល​ការិយាល័យ​បច្ចេកទេស​ខេត្ត​បាន​ចុះ​ធ្វើ​កោសល្យវិច័យ រួម​ទាំង​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​លើ​នាវា​ខាងលើ​ឈ្មោះ​ង្វៀ​ង វ៉ាង​តឿ​ង អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ខេ​ត្តឡុង​អាន ប្រទេស​វៀតណាម មាន​តួនាទី​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ម៉ាស៊ីន​នាវា​ទេសចរណ៍​ឈ្មោះ​មេគង្គ​ដ​ន ។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កប៉ាល់​ទេសចរណ៍​ខាងលើ​បាន​ធ្វើ​ដំណើរ​ទៅ​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​នៅ​ចំណុច​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ លុះ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ បុរស​រង​គ្រោះ​បាន​ប្រាប់​មិត្តភក្តិ​អ្នក​ដើរកប៉ាល់​ជាមួយ​គ្នា​ថា ចេះ​តែ​ពឺត​ក្បាល​ខ្លាំង​ណាស់ ហើយ​ក៏​បាន​លេបថ្នាំ​ជា​ច្រើន​គ្រាប់ រួច​ក៏​ដេក​ទៅ ។ នៅ​ម៉ោង​ជិត​១​យប់ មិត្តភក្តិ​បានឃើញ​នៅ​ដេក​ជា​ធម្មតា​ទេ ស្រាប់តែ​ព្រឹក​ឡើង​ម៉ោង​៦​ភ្លឺ​ក៏​ប្រទះ​ឃើញ​ស្លាប់​បាត់​ទៅ​ហើយ ទើប​អ្នកគ្រប់គ្រង​កប៉ាល់​បាន​បញ្ជា​ឱ្យ​កប៉ាល់​ត្រឡប់​មក​ខេត្តកំពង់ឆ្នាំង​វិញ ដើ​ម្ប​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង ធ្វើ​កោសល្យវិច័យ​តាម​ជំនាញ ។