​ជិះ​ម៉ូតូ​​ចេញពី​បន្ទាយ​​ចុះ​ចំណោតវាក់​​នឹងម៉ូតូ​ដឹកឈើ​​បួង​ចង្កូត​គេច​​ជ្រុល​ធ្លាក់​​​ប្រឡាយអត់ទឹក​​​រង​របួសធ្ងន់

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួសធ្ងន់​បាក់ឆ្អឹង​ដងកាំបិត​ផ្នែក​ខាងឆ្វេង ត្រូវ​​​មិត្តភក្តិ​ដឹកតាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ជិះ​ម៉ូតូ​​​ចុះ​ចំណោត​ចេញពី បន្ទាយ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ​មាន​ម៉ូតូ​១​គ្រឿង​ទៀត​បើក​បញ្ច្រាស​ទិស​គ្នា​ ដឹក​កូន​ឈើ​សំពីងសំពោងចង្អៀត​ផ្លូវក៏​បួង​ចង្កូត​គេច បណ្តាល​ឱ្យ​ជ្រុល​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​អត់​ទឹក​ដួល​បោក​ទៅ​នឹង​ថ្ម​របួសធ្ងន់​តែម្តង ​កាលពី​វេលា​ម៉ោង​១០និង៣០​នាទី​ព្រឹកថ្ងៃ​ទី​១៤ ​ធ្នូ ​​២០១៥ ​​នៅ​ក្បែរ​បន្ទាយ​យោធាវរ​សេនា​តូច​លេខ​៥២៣ កង​ពល​​លេខ​៥២ ​ស្ថិតនៅ​​ផ្លូវ​ចុះ​ចំណោត ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ខាងលើបានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គាត់​​ជិះ​​ម៉ូតូ​ម្នាក់ឯងចេញពី​បន្ទាយ​លើ​ភ្នំ ​បំណង​ចុះ​​ទៅ​ទិញ​ម្ហូប​នៅ​ឯ​ផ្សារ​ព្រំ ។ លុះ​ចេញ​ផុត​ពី​បន្ទាយ​ប្រហែល​៣០​ម៉ែត្រ ស្រាប់តែ​មាន​ម៉ូតូ​មន្ត្រី​យោធាម្នាក់​​ទៀត​​​ដឹក​កូន​ឈើ​ឡើង​ភ្នំ​បម្រុង​យក​ទៅ​ជួសជុល​បន្ទាយ ។ តែ​ដោយសារ​ផ្លូវ​ចុះ​​ចំណោត​លឿន និង​មើល​មិនឃើញ​ម៉ូតូ​ពីមុខ​ផងស្រាប់តែ​ដល់ក្បែរ​គ្នា​វាក់ទើប​​គាត់​កាច់​ចង្អូ​ត​គេច​ទៅ​ខាងស្តាំ​ដៃ បណ្តាល​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​អត់​ទឹក​ដួល​បោក​ទៅ​នឹង​ថ្ម​រង​របួស​បាក់ឆ្អឹង​ដង​កាំបិត​​ផ្នែក​ខាងឆ្វេង​តែ​ម្តង ៕