ចាប់មន្ត្រី៤នាក់​ជា​បុគ្គលិក​អង្គ​ការ​មួយ​ពី​បទ​ជំរិត​ទារ​ប្រាក់​ពី​អ្នក​នេសាទ

ខេត្តសៀមរាប ​៖ កម្លាំង​​​​អធិការ​ដ្ឋាន​នគរបាល​​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង ចុះ​ស្រាវជ្រាវ​តាម​ពាក្យបណ្តឹង​របស់​ក្រុម​អ្នកនេសាទ​ដល់​កន្លែង​កើតហេតុ រហូត​ឈាន​ដល់​​​ឃាត់ខ្លួន​​​ជន​​ប្រព្រឹត្ត​អំពើ​ជំរិត​ទារ​ប្រាក់​ពី​អ្នកនេសាទ​ចំនួន​៤​នាក់​នាំ​​មក​​អធិការ​ដ្ឋានស្រុក​ជីក្រែង ដើម្បី​សួរនាំ​ និង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​​សាលា​ដំបូងខេត្ត​​​ កាល​ពី​ថ្ងៃ​ទី​១២ ​ធ្នូ​ ​២០១៥ ​កន្លង​ទៅនេះ ស្ថិត​នៅ​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ​។​

​ជនសង្ស័យ​ទាំង​៤​នាក់​បាន​ប្រើ​ប័ណ្ណ​សម្គាល់​ខ្លួន​របស់​អង្គការ​ដើម្បី​អភិវឌ្ឍន៍ ​និង​ការពារ​ធនធានធម្មជាតិ​មក​គំរាម​ទា​រប្រាក់​ពី​អ្នកនេសាទ​ ។

លោក​វរសេនីយ៍ទោ តូច សាកល អធិការ​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​១៤ ​ធ្នូ​ ​២០១៥​​ ថា ដោយ​មាន​ពាក្យបណ្តឹង​របស់​អ្នកនេសាទ​ម្នាក់​​​​ថា មាន​មនុស្ស​៤​នាក់​បាន​​ប្រាប់​ថា ពួក​គេ​ជា​អង្គការ​ដើម្បី​អភិវឌ្ឍន៍ និង​ការពារ​ធនធានធម្មជាតិ ចុះ​មក​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​នេះ​ ។​ លោក​បន្ត​ថា ក្រោយ​ពី​ពួក​គេ​បាន​ប្រាប់​អ្នកនេសាទ​រួច​ហើយ ​​ក៏​​ទារ​ជំរិតបង់ប្រាក់​ឱ្យ​ពួក​គេ​ចាប់ពី៣០ទៅ​៤០​ម៉ឺន​រៀល បើ​មិន​ឱ្យ​ទេ ពួក​គេ​នឹង​កាប់​បំផ្លាញ​កម្ទេច​​ចោល​​​ឧបករណ៍​នេសាទ​ទាំង​អស់នេះ​ ។ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម​ៗ លោក​ក៏​បាន​ដាក់​កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​ប៉េ​អឹ​ម​ស្រុក​ជីក្រែងដល់​កន្លែង​កើតហេតុ ហើយ​បាន​ឃាត់ខ្លួន​​ជន​សង្ស័យ​​៤​នាក់​តែ​ម្តង​ ​។​

លោក​បាន​បញ្ជាក់​​​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ មាន ​​១/​ឈ្មោះ ឈឹ​ម ឈឹង ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ ​​២/​ឈ្មោះ ចាន់ សុ​ខេន ភេទ​ប្រុស ​អាយុ៣២​ឆ្នាំ ​​​៣/​ឈ្មោះ លឹម សា​វុន ភេទ​ប្រុស ​អាយុ៥២​ឆ្នាំ ​និង​​​៤/​ឈ្មោះ ខាន់ ទូច ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ ​អ្នក​ទាំង​៤​នាក់​នេះ​ ជា​​បុគ្គលិក​អង្គការ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ​៕