ព្យុះ​ទី​ហ្វុ​ង MELOR បោកបក់​កាត់​ហ្វ៊ី​លី​ពី​ន

ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ MELOR កាលពី​ថ្ងៃ​ទី​១៤ ធ្នូ បាន​បោកបក់​កាត់​ភាគ​កណ្តាល​ហ្វ៊ី​លី​ពី​ន​ដោយ​មនុស្ស​៧០០.០០០​នាក់ បាន​ចាក​ចេញពី​លំនៅ​ឋាន​ពេល​ព្យុះ​នេះ​ជិត​មក​ដល់ ។ ព្យុះ​នេះ​បណ្តាល​ឱ្យ​មាន​រលក​ធំ​ៗ ការ​បាក់​ដី និង​ទឹកជំនន់ ។

ព្យុះ MELOR នា​យប់​ថ្ងៃ​ទី​១៤ ធ្នូ បាន​បោកបក់​លើ​កោះ BURIAS ភាគ​កណ្តាល​ហ្វ៊ី​លី​ពី​ន ដែល​នៅ​ទីនោះ​អាជ្ញាធរ​ប្រកាស​ថា ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​អាច​បំផ្លាញ​ផ្ទះ​ប្រពៃណី​ទាំងឡាយ​ដែល​មាន​ដំបូល​ប្រក់​ស្បូវ ហើយ​បំផ្លាញ​ផលដំណាំ​មួយ​ផ្នែក ។ ក្នុង​ពេល​ភ្លាម​ៗ ពុំ​ទាន់​មាន​ព័ត៌មាន​ពី​ជន​រង​គ្រោះ ឬ​ការ​ខូចខាត​ជាយថាហេតុ​នៅ​ឡើយ ។

យោង​តាម​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ថា ព្យុះ MELOR នា​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ បោកបក់​លើ​ភាគ​ខាងជើង​កោះ SAMAR ជា​កោះ​កសិកម្ម​មួយ​មាន​ប្រជាជន​១,៥​លាន​នាក់ អម​ដោយ​ខ្យល់​មាន​ល្បឿន​ដល់​១៨៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ SAMAR ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​រង​ការ​បំផ្លាញ​កាលពី​ឆ្នាំ​២០១៣ ដោយ​មហា​ព្យុះ HAIYAN ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ដល់​ទៅ​៧.៣៥០​នាក់ ។

អាជ្ញាធរ​និយាយ​ថា ព្យុះ MELOR អាច​បណ្តាល​ឱ្យ​មាន​រលក​សមុទ្រ​កម្ពស់​ដល់​៤​ម៉ែត្រ អម​ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​អាច​ញ៉ាំង​ឱ្យ​មាន​ទឹកជំនន់ និង​ការ​បាក់​ដី ។

ក្នុង​ខេត្ត ALBAY ភាគ​ខាងត្បូង​កោះ​លូ​ហ្សុ​ង ជា​កោះ​សំខាន់​របស់​ប្រទេស មនុស្ស​ជិត​៦០០.០០០​នាក់​ត្រូវ​ជម្លៀស​ចេញ ជា​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​ខ្លាច​ការ​ហូរ​ភក់​ដោយសារ​ការ​បាក់​ដី​ពី​ចង្កេះ​ភ្នំភ្លើង MAYON ។ ទីក្រុង LEGAZPI ទីប្រជុំជន​ខេត្ត ALBAY ប្រជាជន​នាំ​គ្នា​ភៀសខ្លួន​ចេញ​តាម​រថយន្ត​យោធា​ពេល​មានការ​ប្រកាស​អាសន្ន។

រលក​សមុទ្រ​ធំ​ៗ​បាន​បោក​ចូល​មហាវិថី​នៃ​ទីក្រុង​នេះ ហើយ​ដើមឈើ​ទាំងឡាយរ​លំបាក់​ក្រោម​កម្លាំង​ខ្យល់​យ៉ាង​ខ្លាំង ។ ទីក្រុង​នេះ​ទាំងមូល​ក្លាយជា​ស្ងាត់ជ្រងំ​ដូច​ទីក្រុង​ខ្មោច ។

ក្នុង​ខេត្ត SORSOGON ខាងត្បូង​ខេត្ត ALBAY មនុស្ស​១៣០.០០០​នាក់ ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​លំនៅ​ឋាន ។ ព្យុះ​ទី​ហ្វុ​ង MELOR នា​យប់​ថ្ងៃ​ទី​១៤ ធ្នូ បាន​បោកបក់​ពីលើ​សមុទ្រ SIBUYAN ហើយ​ត្រូវ​មក​ដល់​កោះ​មីន​ដូ​រ៉ូ នា​បណ្តា​ម៉ោង​ដំបូង​ថ្ងៃ​ទី​១៥ ធ្នូ ជាមួយ​ខ្យល់​មាន​ល្បឿន​១៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បន្ទាប់​មក​ព្យុះ​នេះ​នឹង​ចាក​ចេញពី​ហ្វ៊ី​លី​ពី​ន​ពី​ទិស​ខាងលិច ទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង ៕