តួ​ក​គី ៖ បាតុករ​2​នាក់​ស្លាប់​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស

បាតុករ​២​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ដោយសារ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​ជាមួយ​ប៉ូលិស​នៅ​ទីក្រុង DIYARBAKIR ខណៈ​មានការ​ប្រមូលផ្តុំ​មនុស្ស​ប្រឆាំង​ការ​ដាក់​បំរាម​គោចរ​រយៈពេល​ជាង​២​ស​ប្តា​ហ៍​មក​ហើយ ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​នេះ​ដែល​មាន​ពួក​ឃើ​ត​ភាគច្រើន ។

ប្រភព​ព័ត៌មាន​ជិតដិត​នឹង​ភ្នាក់ងារ​សន្តិសុខ​រាយការណ៍​ថា ជន​រង​គ្រោះ​២​នាក់​នេះ​ម្នាក់​អាយុ​២១​ឆ្នាំ ហើយ​ម្នាក់​ទៀត​អាយុ​២៥​ឆ្នាំ​បាន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ពេល​ពួក​គេ​ប៉ុនប៉ង​លុក​ចូល​ក្នុងស្រុក SUR ជាទី​លាន​តាំងពី​ដើមខែ​នេះ​មក​នៃ​ការ​ប្រយុទ្ធ​គ្នា រវាង​កងកម្លាំង​សន្តិសុខ និង​ពួក​អ្នកគាំទ្រ​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK ។ ចំណែក​មនុស្ស​យ៉ាងតិច​២​នាក់​ទៀត​ជា​ជន​ស៊ី​វិល​បាន​ត្រូវ​របួស​ក្នុង​ឧប្បត្តិហេតុ​ទាំងនេះ ។

ការ​ប៉ះទង្គិច​គ្នា​ចាប់​ផ្ទុះ​នា​ពេល​ព្រឹក ពេល​មនុស្ស​ជា​ច្រើន​រយ​នាក់​ក្នុង​នោះ​មាន​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន HDP ស្និទ្ធ​ពួក​ឃើ​ត​ជា​ច្រើន​នាក់​ផង ប៉ុនប៉ង​លើកគ្នា​ចូល​ក្នុងស្រុក SUR ដើម្បី​បរិហារ​ដល់​ការ​ដាក់​បម្រាម​គោចរ ។ ក្បួន​បាតុកម្ម​ត្រូវ​បាន​ប៉ូលិស​រុញច្រាន​ភ្លាម​ៗ​ជាមួយ​ការ​បាញ់​គ្រាប់បែក​បង្ហូរទឹកភ្នែក និង​កាណុង​បាញ់​ទឹក ។ ពេល​នោះ​មនុស្ស​យ៉ាងតិច​២​នាក់​រង​របួស ហើយ​៤០​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន ។

អាជ្ញាធរ​តួ​ក​គី​បាន​ដាក់​បំរាម​គោចរ​ចាប់តាំងពី​ថ្ងៃ​ទី​២ ធ្នូ មក នៅ​ស្រុក SUR ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​សម្លាប់​មេធាវី​ជនជាតិ​ឃើ​ត​ល្បី​ម្នាក់ លោក TAHIR ELCI មក ៕