តម្រួត​អា​ហ្ស​ង់​ទី​ន​ជាង​40​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​រថយន្ត​បឺស​មួយ

យោង​តាម​តុល្យការ​ថ្មី​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ដោយ​អាជ្ញាធរ​មូលដ្ឋាន​ថា តម្រួត​ជាង​៤០​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ត​បឺស​មួយ​ដែល​ដឹក​ពួក​គេ​នៅ​ភាគ​ពាយ័ព្យ​អា​ហ្ស​ង់​ទី​ន ។

លោក FRANCISCO MARINARO នាយក​ផ្នែក​សន្តិសុខ​ស៊ី​វិល​ខេត្ត​សាល់​តា តំបន់​ភ្នំ​មួយ​ដែល​កើត​គ្រោះថ្នាក់​នេះ​ថ្លែង​ថា ចំនួន​អ្នក​ស្លាប់មាន​ដល់​៤១​នាក់ ហើយ​តម្រួត​១០​នាក់​រង​របួស​ក្នុង​នោះ​៤​នាក់​របួសធ្ងន់ ។ រថយន្ត​បឺស​នោះ​ដែល​ដឹក​កង​តម្រួត​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​ពី​កម្ពស់​១៥​ម៉ែត្រ ពីលើ​ស្ពាន​មួយ​នា​យប់​ថ្ងៃ​ទី​១៣ មក​១៤ ធ្នូ ។ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៤ ធ្នូ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​ដំបូង​នូវ​សាកសព​មនុស្ស​២០​នាក់ ហើយ​បន្ទាប់​មក​រក​ឃើញ​សាកសព​ឯទៀត​ៗ ដែល​កៀប​ជាប់​ក្នុង​រថយន្ត ។

រថយន្ត​បឺស​នោះ​ស្ថិត​ក្នុង​ក្បួន​រថយន្ត​ប៉ូលិស​៣​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន​ពេល​អ្នក​បើក​បាត់បង់​ការ​ត្រួតត្រា​ក្រោយ​ពី​ឡើង​ស្ពាន ។ យោង​តាម​អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​ស៊ី​វិល​ថា ការ​ផ្ទុះ​កង់​អាច​ជា​ប្រភព​នៃ​សោកនាដកម្ម​នេះ ។ អភិបាលក្រុង ROSARIO DE LA FRONTERA លោក GUSTAVO SOLIS និយាយ​ថា ភាគច្រើន​នៃ​ជន​រង​គ្រោះជា​តម្រួត​វ័យក្មេង​ៗ ៕