អ្នកភូមិ​ដែល​គេ​បណ្តេញ​ចេញ​តវ៉ា​ប្រឆាំង​ចម្ការ​អំពៅ​របស់​លោក លី យ៉ុងផាត់

អ្នក​ភូមិ​ប្រហែល​២០០​នាក់​ក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​តវ៉ា​នៅ​មុខ​ការិយាល័យ​ស្រុក​ឱរ៉ាល់​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បង្កើន​ការ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ច្រើន​ឆ្នាំ​មក​ហើយ​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ​របស់​លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។

យោង​តាម​ក្រុម​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ​បាន​ដណ្តើម​យក​ដី​រាប់​ពាន់​ហិកតា​ពី​គ្រួសារ​ជាច្រើន​ក្នុង​មូលដ្ឋាន​នោះ​តាំង​ពី​ឆ្នាំ​២០១០​មក។ កាលពី​ដើម​ខែ​សីហា គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​សភា​ជាតិ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​អាជ្ញាធរ​ខេត្ត ដោយ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រួសារ​ទាំង​នោះ​ទទួល​បាន​ដី​ធ្លី​របស់​ពួកគាត់​វិញ។

លោក ព្រំ សុធី អ្នក​តវ៉ា​ម្នាក់​កាលពី​ថ្ងៃ​ច័ន្ទ​ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៤២១​គ្រួសារ បាន​និយាយ​ថា អ្នក​ភូមិ​បាន​មក​ជួបជុំ​គ្នា​នៅ​ការិយាល័យ​ស្រុក​នេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ធ្វើ​តាម​សំណើ​របស់​គណៈកម្មការ​នេះ។

លោក​បាន​និយាយ​ថា “យើង​មក​តវ៉ា​នៅ​ការិយាល័យ​ស្រុក​ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿនការ​ដោះស្រាយ។ ក្រុមហ៊ុន​បាន​រាន​ដី​ចម្ការ​របស់​យើង ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​បង់​ប្រាក់​សំណង​ឲ្យ​យើង​ទេ”។

លោក​អភិបាល​ស្រុក មួង ធី បាន​និយាយ​ថា គ្មាន​គ្រួសារ​ណា​ដែល​កំពុង​​តវ៉ា​មាន​សិទ្ធិ​កាន់កាប់​ដីនោះ​ស្របច្បាប់​ទេ។ លោក​បាន​អះអាង​ថា ផ្ទុយ​ទៅវិញ គ្រួសារ​ភាគ​ច្រើន​បាន​និង​កំពុង​កាន់កាប់​ដី​ព្រៃ​សាធារណៈ​ដោយ​ខុសច្បាប់ ហើយ​គ្មាន​សិទ្ធិ​ទទួល​បាន​សំណង​ពី​ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ​ទេ។

លោក​បាន​និយាយ​ថា “ចំពោះ​ករណី​នេះ យើង​ដោះស្រាយ​បាន​ប្រហែល​៧០​ភាគរយ​នៃ​គ្រួសារ​ទាំង​នោះ​ប្រហែល​ប្រាំ​ឬ​ប្រាំមួយ​ឆ្នាំ​មក​ហើយ ហើយ​ភាគច្រើន​បំផុត​នៃ​គ្រួសារ​នៅ​សេសសល់​កំពុង​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ”។

លោក​អភិបាល​ស្រុក ធី បាន​និយាយ​ថា គ្រួសារ​ជាច្រើន​ដែល​ទទួល​បាន​សំណង ខ្លះ​ទទួល​បាន​ដី​ថ្មី ខ្លះ​បាន​ប្រាក់។ លោក​បាន​និយាយ​ថា គ្រួសារ​នៅ​សល់​ពី​នោះ នឹង​មិន​ទទួល​បាន​អ្វី​ទេ ពីព្រោះ​ពួកគេ​បាន​កាប់​ឆ្ការ​ដី​ព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់។

លោក ស៊ីន សត្ថា ជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ បាន​និយាយ​ថា លោក​បាន​ជួប​ជាមួយ​លោក យ៉ុង ផាត់ បន្ទាប់ពី​ជួប​ជាមួយ​ក្រុម​អ្នក​តវ៉ា​នៅ​ស្រុក​ឱរ៉ាល់ ហើយ​លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​បាន​ទិញ​ដី​ទាំងនោះដោយ​ស្រប​ច្បាប់។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​ជួប​មេ​របស់​ខ្ញុំ ហើយ​គាត់​បាន​និយាយ​ថា ក្រុមហ៊ុន​​បាន​ទិញ​ដីនោះ​ពី​ម្ចាស់​ឯកជន​ជា​ច្រើន​នាក់ ហើយ​យើង​នឹង​ទុក​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​នេះ”៕និត

 

The post អ្នកភូមិ​ដែល​គេ​បណ្តេញ​ចេញ​តវ៉ា​ប្រឆាំង​ចម្ការ​អំពៅ​របស់​លោក លី យ៉ុងផាត់ appeared first on ខេមបូឌា ដេលី.