គ្រោះថ្នាក់​ចរាចរណ៍ ១១ ខែ​កន្លះ ក្នុង​ឆ្នាំ​២០១៥ សម្លាប់​មនុស្ស ២.២៦៥ នាក់ និង​រងរបួស ៧.៥១០​នាក់ ក្នុងនោះ មាន​បរទេស ១២០ នាក់​

ភ្នំពេញ: មនុស្ស​ចំនួន ២.២៦៥​នាក់ បាន​ស្លាប់ និង​រងរបួស​ធ្ងន់ ស្រាល ចំនួន ៧.៥១០​នាក់ ក្នុងនោះ មាន​បរទេស ១២០​នាក់ ដែល​បាន​រងគ្រោះ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​រយៈពេល ១១ ខែ និង ១៥ ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។​
 នេះ​បើតាម​របាយការណ៍​បូកសរុប​សភាពការណ៍​គ្រោះថ្នាក់ និង​លទ្ធផល​ការងារ​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៥ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៥ ខែធ្នូ​នេះ​។​

​របាយការណ៍ បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០១៥​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ៤.៥៩៥ លើក បាន​បណ្តាល​ឲ្យ​មនុស្ស​រងគ្រោះ ៩.៧៧៥ នាក់​។ ក្នុងនោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២.២៦៥ នាក់ ដោយមាន​ជនបរទេស​ចំនួន ១២០​នាក់ និង​រងរបួស ៧.៥១០ នាក់ (​របួសធ្ងន់ ៤.៤១៣ នាក់​)​។
​    ​
​របាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៥​នេះ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន ៤.៥៩៥ លើក ប្រៀបធៀប​ឆ្នាំ​២០១៤ មានការ​ថយចុះ ២៥៤​លើក ស្មើ​៥% គិត​ជា​មធ្យម​ក្នុង ១​ថ្ងៃ មាន​គ្រោះ​ថ្នាក់លើ​ក្រោម ១២​លើក​។ ករណី​គ្រោះថ្នាក់​ទាំងនោះ បាន​បណ្តាល​ឲ្យ​មនុស្ស​រងគ្រោះ សរុប ៩.៧៧៥​នាក់ ថយ ៤៤០​នាក់ ស្មើ ៤% ក្នុងនោះ​បណ្តាល​ឲ្យ​ស្លាប់ ២.២៦៥​នាក់ កើន ១១៧ នាក់ ស្មើ​៥% (​ជនបរទេស ២០​នាក់​) គិត​ជា​មធ្យម​ក្នុង ១​ថ្ងៃ ស្លាប់​លើ​ក្រោម ៦​នាក់ និង​របួស​សរុប ៧.៥១០ នាក់ ( របួស ៤.៤១៣ នាក់​) ថយ ៥៤៧​នាក់ ស្មើ​៧% (​ជនបរទេស ១២០​នាក់​) ជា​មធ្យម ១​ថ្ងៃ របរ​បួស​លើ​ក្រោម ២០​នាក់​។

​មធ្យោបាយ​ខូចខាត​សរុប ៧.៥៧៥​គ្រឿង (​ថយ​៩៥​គ្រឿង​) ក្នុងនោះ ទោចក្រយាន​យន្ត ៤.៨២៧ គ្រឿង ( ថយ ២២៥ គ្រឿង ) រថយន្ត​តូច ១.៦០២ គ្រឿង ( ថយ ១៩៥ គ្រឿង ) រថយន្ត​ធំ  ៧១៣ គ្រឿង ( កើន ២៦ គ្រឿង ) យាន​ផ្សេងៗ ៤៣៣ គ្រឿង ( កើន ៣​គ្រឿង )​។​
​    ​
​គ្រោះថ្នាក់​ខាងលើ បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា កត្តា​មនុស្ស ៩៤% (​បើកបរ​លើស​ល្បឿន​កំណត់ ៤២% មិន​គោរព​សិទ្ធិ​អាទិភាព ១៣% មិន​ប្រកាន់​ស្តាំ ៨% ប្រជែង ១២% បើកបរ​ស្រវឹង ១១% បត់​មិន​ប្រយ័ត្ន ៧% សុខភាព ១%)​។ កត្តា​យាន​យន្ត​២% កត្តា​ផ្លូវ ១% និង​កត្តា​ផ្សេងៗ ៣%៕​