អភិបាល​រាជធានី​៖ ៦ ខែ​ក្នុង​ឆ្នាំ​២០១៥ ភ្នំពេញ មាន​គម្រោង​សាងសង់ ៦៩៤ និង​ទំហំ​វិនិយោគ ជាង ១៤៤១ លាន​ដុល្លារ​

ភ្នំពេញ: ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​នៅ​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ថា ក្នុង​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៥ រាជធានី​ភ្នំពេញ មាន​គម្រោង​សាងសង់​ចំនួន ៦៩៤ គម្រោង លើ​ផ្ទៃដី​សរុប ៤.២៤៤.២៩២ ម៉ែត្រក្រឡា សំណង់​បុរី​មាន​ចំនួន ១១០ កន្លែង និង​សំណង់​អគារ​ខ្ពស់ៗ ចំនួន ៦២៨ អគារ ដែលមាន​ទំហំ​វិនិយោគ ១.៤៤១.០១៧.១២៦ ដុល្លារ​។

​លោក ប៉ា សុជាតិ​វង្ស បានលើកឡើង​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា "​ប​ច្ច​យ​ប្បន្ន សាលា​រាជធានី​ភ្នំពេញ បាន និង​កំពុង​ខិតខំ​ជំរុញ​ការ​អ​ភុ​វឌ្ឍន៍ ដោយ​ផ្ដោត​សំខាន់​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ ដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធ​ប្រឡាយ លូ បណ្ដាញ​ទឹកស្អាត ប​ណ្ថា​ញ​ចរន្ដអគ្គិសនី បណ្ដាញ​ទូរគមនាគមន៍ ការកែលម្អ និង​ពង្រីក​បន្ថែម​សួនច្បារ​សាធារណៈ ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស ជាដើម​។​ល​។ ទាំងនេះ ជា​ធាតុ​ដែល​ទាក់ទាញ​វិនិយោគិន​ជាតិ​-​អន្ដរជាតិ ឲ្យ​មក​វិនិយោគ ក្នុង​រាជធានី​ភ្នំពេញ កាន់តែ​ច្រើនឡើង​"​។​
 ទន្ទឹមនឹង​ការអភិវឌ្ឍន៍​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ខាងលើនេះ លោកប៉ា​សុជាតិ​វង្ស បាន​គូសបញ្ជាក់ថា "​រាជធានី​ភ្នំពេញ​របស់​យើង ក៏បាន និង​កំពុង ប្រែក្លាយ​មុខមាត់​ថ្មី ប្រកបដោយ​ភាព​ទាក់ទាញ ជាមួយនឹង​ទីក្រុង​រណប អគារ​ពាណិជ្ជកម្ម សំណង់​បុរី ផ្ទះល្វែង អគារ​ស្នាក់នៅ​រួម សណ្ឋាគារ និង​ខុន​ដូ ជាដើម​"​។

​លោក​អភិបាល​រាជធានី បន្តថា "​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៥ កន្លងទៅនេះ រាជធានី​ភ្នំពេញ​មាន​គម្រោង​សាងសង់​ចំនួន ៦៩៤​គម្រោង លើ​ផ្ទៃដី​សរុប ៤.២៤៤.២៩២ ម៉ែត្រក្រឡា សំណង់​បុរី​មាន​ចំនួន ១១០​កន្លែង និង​សំណង់​អគារ​ខ្ពស់ៗ ចំនួន ៦២៨ អគារ ដែលមាន​ទំហំ​វិនិយោគ ១.៤៤១.០១៧.១២៦,០០ $ ក្នុងនោះ ក៏មាន​ចំណែក​វិនិយោគ​របស់​មជ្ឈមណ្ឌល​ព្រីស​ន៍​ផ្លា​ហ្សា លើ​គម្រោង​អគារ​ស្នាក់នៅ​រួម ដែល​សម្ពោធ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​តាំង​លក់ នាពេលនេះ​"​។​

​លោក ប៉ា សុជាតិ​វង្ស បន្តថា "​ការអភិវឌ្ឍន៍​ទាំងអស់នេះ​អាច​ប្រព្រឹត្តទៅបាន​លុះត្រាតែ​កម្ពុជា មាន​សុខសន្ដិភាព​ពេញលេញ មាន​ស្ថេរភាព​នយោបាយ​ដូច​បច្ចុប្បន្ន ដែលជា​មូលដ្ឋាន​គ្រិះ​សំខាន់បំផុត ក្នុងការ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​"៕​

អភិបាល​រាជធានី​៖ ៦ ខែ​ក្នុង​ឆ្នាំ​២០១៥ ភ្នំពេញ មាន​គម្រោង​សាងសង់ ៦៩៤ និង​ទំហំ​វិនិយោគ ជាង ១៤៤១ លាន​ដុល្លារ​