បុរស​ម្នាក់ ស្រវឹង​ជិះ​ម៉ូតូ បុក​រថយន្ត រងរបួស​ធ្ងន់

តាកែវ: មនុស្ស​ម្នាក់ បាន​រងរបួស​ធ្ងន់ បាក់​ស្មងជើង​ខាងស្តាំ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ​បង្អែក ខេត្តតាកែវ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត ក្នុងទិសដៅ​ច្រាស់​គ្នា​។
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ១៨ និង ២០ នាទី នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោល គ​.​ម លេខ ៩១ និង ៩២ ស្ថិតក្នុង​ភូមិ​ល្វេ​ថ្មី ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​លោក ប៉ិច វណ្ណា អធិការរង​ស្រុក​ទ្រាំង បានអោយដឹងថា ម៉ូតូ​ម៉ាក វ៉េវ អាល់​ហ្វា ពណ៌​ទឹកប្រាក់​លាយ​ខ្មៅ​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សួន សាវុធ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​រលួស ឃុំ​ធ្លា​ប្រជុំ ស្រុក​កោះអណ្ដែត ខេត្តតាកែវ រងរបួស​ធ្ងន់​បាក់​ស្មងជើង​ខាងស្តាំ ចំណែក​រថយន្ត​ម៉ាក CRV ពណ៌​សំបក​ឳ​ឡឹ​ក ពាក់​ស្លាក​លេខ ភ្នំពេញ 2J 5264 បើកបរ​ដោយ​ឈ្មោះ ឃុន សុខា ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ រស់នៅ​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួល​គក រាជធានី​ភ្នំពេញ មិនមាន​រងរបួស​។​

​អ្នកឃើញ​ហេតុការណ៍ បាន​និយាយប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង បើកបរ​មកពី​ទិស​ខាងត្បូង ឆ្ពោះទៅ​ទិស​ខាងជើង លុះ​មកដល់​កន្លែងកើតហេតុ ក៏មាន​ម៉ូតូ​មួយគ្រឿង បើកបរ​ក្នុងទិសដៅ​ច្រាស់​គ្នា រ៉េ​ចង្កូត​មក​បុក​រថយន្ត​យ៉ាង​ពេញទំហឹង បណ្ដាលអោយ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​តែម្ដង​។
​វត្ថុតាង​ទាំង ២​គ្រឿង ត្រូវបាន​នគរបាល យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ទ្រាំង រង់ចាំ​ដោះស្រាយ​៕

បុរស​ម្នាក់ ស្រវឹង​ជិះ​ម៉ូតូ បុក​រថយន្ត រងរបួស​ធ្ងន់