អ្នកលក់​សៀវភៅ​អះអាង​ពី​ភាពជោគជ័យ​នា​ពិព័រណ៍​សៀវភៅ​កន្លងមក​

​ភ្នំពេញ​៖ ពិព័រណ៍​សៀវភៅ​នៅ​បណ្ណាល័យ​ជាតិ កាលពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែធ្នូ កន្លងមកនេះ បានធ្វើ​ឲ្យ​អ្នកលក់​មាន​ស្នាមញញឹម ច្រើនជាង​គ្រវីក្បាល​។ យុវជន​ក្មេងៗ  បាន​ទិញ​សៀវភៅ​ដែល​ខ្លួន​ពេញចិត្ត ដោយ​អ្នកខ្លះ​យួរ​ថង់​ដាក់​សៀវភៅ​ពេញដៃ ស្ទើរតែ​រក​កន្លែង​ដាក់​គ្មាន រីឯ​កន្លែង​ផ្ញើ​រកង់​ម៉ូតូ រថយន្ត​ឯណោះ​វិញ មាន​សភាព​ណែនណាន់តាន់តាប់​។​

​លោក សូត្រ ផាន់​ណា វ័យ​២៤​ឆ្នាំ​ជា​អ្នកលក់​ក្នុង​ស្តង់​លក់​សៀវភៅ​បណ្ណាគារ​នគរធំ រវល់​យ៉ាងខ្លាំង ស្ទើរតែ​រក​ពេល​ផ្តល់​បទសម្ភាសន៍​មិនបាន​។ អ្នកទិញ​ដែល​ភាគច្រើន​ជា​យុវវ័យ ចេះតែ​ចូល​ទិញ​ជា​ហូរហែ​ក្នុង​ស្តង់​លក់​សៀវភៅ​របស់លោក​នា​អំឡុង​នៃ​ការតាំង​ពិរ​ព័ណ៌​សៀវភៅ Cambodia Book Fair 2015 នៅ​បណ្ណាល័យ​ជាតិ កាលពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែធ្នូ​។​

​ឆ្លៀត​ទំនេរ​បាន​មួយ​ភ្លែត លោក​ផាន់​ណា​ប្រាប់​ឲ្យដឹង​ថា​៖ «​ឆ្នាំនេះ​លក់ដាច់​ជាង​ឆ្នាំមុនៗ ។​ដោយសារ​មានការ​ផ្សព្វផ្សាយ​ច្រើន​ពី​ពិព័រណ៍​សៀវភៅ​នេះ ទើប​ធ្វើ​ឲ្យ​មាន​អ្នកចូលរួម​ច្រើន កើន​ជាង​ឆ្នាំមុនៗ​»​។ លោក​បន្តថា​៖ « ក្នុងចំណោម​ប្រភេទ​សៀវភៅ​សន្ទនា វចនានុក្រម  វេ​យ្យាក​រណ៍ ពេទ្យ ទស្សន៍ទាយ ជាដើម ខ្ញុំ​លក់​សៀវភៅ​សន្ទនា វចនានុក្រម​ដាច់​ជាង​សៀវភៅ​ផ្សេងៗ ។ ខ្ញុំ​លក់​នៅទីនេះ​បួន​លើក​ហើយ​»​។​

​ស្តង់​នៅជាប់​គ្នា​នោះ លោក ប៊ុនលី វ័យ​២៤​ឆ្នាំ​ជា​អ្នកលក់​ម្នាក់​ក្នុង​ស្តង់​លក់​សៀវភៅ​បណ្ណាគារ​បន្ទាយស្រី បង្ហាញ​ទឹកមុខ​សប្បាយ​ជាខ្លាំង​។ លោក​សប្បាយចិត្ត​ព្រោះ​ការលើក​ទី​៤​នេះ​មាន​អ្នក​ចូល​ទិញ​ច្រើន​។ លោក​ប្រាប់ថា​៖ «​ឆ្នាំនេះ​លក់ដាច់​ជាង​ឆ្នាំមុន ជាពិសេស​សៀវភៅ​សម្រាប់​កុមារ​។ អ្នកទិញ​មាន​ទាំង​ក្មេងៗ យុវជន និង​ចាស់ៗ ។ ភាគច្រើន​គេ​ទិញ​២​ឫ​៣​ក្បាល​»​។

​រំលង​ពី​នោះ​បន្តិច លោក ឌឹ​ម​ដាវី វ័យ​៣១​ឆ្នាំ ជា​បណ្ណាធិការ​នៃ​គ្រឹះស្ថានបោះពុម្ពផ្សាយ​ដាំ​ដើម​ជីវិត​ដែល​កំពុង​គ្រប់គ្រង​ការលក់​ក្នុង​ស្តង់​មួយ​ឈ្មោះ​ដាំ​ដើម​ជីវិត​។ លោក​និយាយ​យ៉ាង​ប្រញាប់ប្រញាល់​ថា​៖ «​កន្លែង​ខ្ញុំ​មាន​សៀវភៅ​ជាង​១៥០​ឯណោះ ដែល​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​ផ្ត​ត់​គំនិត ចិត្ត​វិទ្យា គោលនយោបាយ អាស៊ាន​ជាដើម​។​សៀវភៅ​ទាំងនោះ​លក់​ដាច់ប្រហាក់ប្រហែលគ្នា​។ អ្នកទិញ​ភាគច្រើន​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​។ អ្នកខ្លះ​ទិញ​ដល់​១០​ក្បាល​ឫ​រហូត​៣០​ក្បាល​។ ពួកយើង​លក់​នៅទីនេះ​៣​ដង​ហើយ​។​ឆ្នាំមុនៗ​លក់ដាច់​ជា​មធ្យម​ប៉ុណ្ណោះ តែ​ឆ្នាំ​ចុងក្រោយ​នេះ​នេះ​លក់ដាច់​ជា​គំហុក​តែម្តង​។​

​លោក គឹម ចាន់ណា នាយក​គ្រឹះស្ថានបោះពុម្ពផ្សាយ​ម៉ាញ​ប៊ុ​ក ដែល​កំពុង​ជជែក​លេង​ជាមួយ​អតិថិជន​របស់ខ្លួន​នៅ​ស្តង់​លក់​សៀវភៅ​ម៉ាញ​ប៊ុ​ក​ក៏​បញ្ចេញ​នូវ​ស្នាមញញឹម​ផងដែរ​។ នៅ​ពីមុខ​ស្តង់​លក់​សៀវភៅ​របស់លោក​មាន​ដាក់តាំង​រួប​សៀវភៅ​ថ្មីៗ​ជាច្រើន​ដែល​សុទ្ធសឹង​ជា​ប្រភេទ​សៀវភៅ​បណ្តុះ​គំនិត​។

​លោក​គឹម​ចាន់ណា​មានប្រសាសន៍ថា​៖ «​ការលក់​ឆ្នាំនេះ​មាន​កំណើន​ជាង​ឆ្នាំមុន​ខ្លះ តែ​មិនជា​កើន​ខ្ពស់​ពេក​ទេ​។​ខ្ញុំ​លក់​ទីនេះ​បួន​លោក​ហើយ​។​លោក​រៀបរាប់​សៀវភៅ​ក្នុង​ស្តង់​របស់លោក​ថា​៖ «  មាន​សៀវភៅ​ប្រលោមលោក រឿងនិទាន​ខ្លីៗ ជីវប្រវត្តិ ទស្សនៈវិជ្ជា ចិត្ត​វិទ្យា អភិវឌ្ឍ​ខ្លួន និង​ភាពជា​អ្នកដឹកនាំ​។ នៅ​កន្លែង​នេះ​សៀវ​ភាព​អ្នក​ដឹក​នា ការអភិវឌ្ឍ​ខ្លួន លក់ដាច់​ជាងគេ​។ អ្នកទិញ​ភាគច្រើន​វ័យ​ចាប់ពី​២០​ឆ្នាំទៅ​៣៥​ឆ្នាំ​។ អ្នកខ្លះ​ទិញ​២​ឫ​៣​ក្បាល ខ្លះ​ទិញ​ដល់​១០​ក្បាល​»​។

​លោក​គឹម​ចាន់ណា ដែលជា​អ្នកនិពន្ធ​សៀវភៅ​ល្បីឈ្មោះ​ម្នាក់​ផង​នោះ បាន​បង្ហើប​ថា សន្ទុះ​នៃ​ការអាន​សៀវភៅ​របស់​ប្រជាពលរដ្ឋ ពិសេស​យុវជន មានការ​កើនឡើង តែ​នៅ​ជា​ជំហានៗ​នៅឡើយ មិនទាន់​កើន​ណាស់ណា​នោះទេ​។​

​ដោយឡែក​អ្នកលក់​ម្នាក់ទៀត គឺ​លោកស្រី សូត្រ វណ្ណៈ វ័យ​២៨​ឆ្នាំ កំពុង​ឈរ​លក់​សៀវភៅ​ក្នុង​ស្តង់​បណ្ណាគារ​អង្គ​រហាក់​មិនសូវ​សប្បាយ​ចិត្តនឹង​ការលក់​ឆ្នាំនេះ​ប៉ុន្មាន​ទេ​។ លោកស្រី​រៀបរាប់ថា​៖ «​ខ្ញុំ​លក់បាន​៤​ដង​ហើយ​។​ឆ្នាំនេះ​លក់ដាច់​ចាញ់​ឆ្នាំមុន​។​កន្លែង​ខ្ញុំ​មាន​លក់​សៀវភៅ គណនេយ្យ កុំព្យូទ័រ ទេសចរណ៍ ច្បាប់ ប្រវត្តិសាស្ត្រ និយាយ​ទៅ​មាន​លក់​សៀវភៅ​ច្រើន​មុខ​។ ភាគច្រើន​សិស្សសាលា និង​មនុស្ស​វ័យ​កណ្តាល​ចូលមក​ទិញ​។ គេ​ទិញ​ចាប់​១​ក្បាល​ដល់​រាប់សិប​ក្បាល​ឯណោះ​»​។

​សម្រាប់​អតិថិជន​ដែល​បាន​ទិញ​សៀវភៅ​វិញ ពួកគេ​មិន​ភ្លេច​ក្នុង​បង្ហោះ​រូបថត​របស់ខ្លួន​នៅលើ​ហ្វេ​ស​ប៊ុ​ក​ជាមួយ​សៀវភៅ​ដែល​ខ្លួន​បាន​ទិញ រួមទាំង​ការថតរូប​អនុស្សាវរីយ៍​ជាមួយ​អ្នកនិពន្ធ​ជាដើម​៕