លក្ខណៈ​៧​ចំណុច​រវាង​​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១៤​ និង​​២០១៥​


លក្ខណៈ​៧​ចំណុច​រវាង​​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១៤​ និង​​២០១៥​

ការ​ប្រកួត​លីក​បាល់ទាត់​កម្ពុជា​ប្រចាំ​រដូវ​កាល​​២០១៥​​ទើប​បាន​បញ្ចប់​​កាល​ពី​ចុង​សប្តាហ៍​នេះ​ដែល​ក្រុម​ភ្នំពេញ​ក្រោន​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ រដូវ​កាល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន​ជាង​ឆ្នាំ​មុន​ដូច​ជា​ការ​​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទនៃ​ការ​ប្រកួត​​ កីឡាករ​មាន​របួស​ និង​ការ​ពិន័យ​ជា​ដើម។

 

លក្ខណៈ​៧​ចំណុច​រវាង​​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១៤​ និង​​២០១៥​ ភ្នំពេញ​ក្រោន​លើក​ពាន MCL 2015

 

មិត្ត​ហ្វូន​ខេមបូឌាន​លីក​២០១៥
១- ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៥​បាន​ចាប់​​ផ្តើម​​ការ​ប្រកួត​ពី​​ថ្ងៃ​ទី​១​ ខែ​កក្កដា ដល់​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​។ ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​​តាម​រយៈ​រូបមន្ត​សន្សំ​ពិន្ទុ​សម្រាប់​ទាំង​ពីរ​ជើង​គឺ​មួយ​ក្រុម​ត្រូវ​ប្រកួត​២២​លើក និង​មួយ​សប្តាហ៍​ប្រកួត​២​ដង។ ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ទាំង​៤​ត្រូវ​ប្រកួត​វគ្គ​​ខ្វែង ឬ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ដើម្បី​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រដែល​ត្រូវ​ប្រកួត​ពីរ​ជើង​​ ដូច្នេះ​ក្រុម​កំពូល​ទាំង​៤​​ត្រូវ​ប្រកួត​២៦​ដង​ទើប​ចប់​រដូវ​កាល។

 

២- ការ​ប្រកួត​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​រូប​មន្ត​ក្នុង​ដី​ និង​ក្រៅ​ដី​ ព្រម​ទាំង​ដី​កណ្តាល​ដែល​មាន​ពហុកីឡដ្ឋាន​ជាតិ​ កីឡដ្ឋាន​ស្តាត​ចាស់​ កីឡដ្ឋាន​ភ្នំពេញ​ក្រោន​ កីឡដ្ឋាន​វេស្ទើន​ ​កីឡដ្ឋាន​ស្វាយរៀង​ និង​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី។

 

៣- បន្ទាប់​ពី​ចប់​ការ​ប្រកួត​ ក្រុម​បាត​តារាង​ពីរ​គឺ​មិន​ត្រូវ​បាន​កាត់​ចោល​ឡើយ​ ដោយ​សារ​គ្មាន​ក្រុម​ណា​ឡើង​មក​ជំនួស​ ហើយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ក៏​ឈប់​បង្កើត​ការ​ប្រកួត​ជើង​​ឯក​ក្រប​ខណ្ឌ​១។ ប្រមុខ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ គ្រោង​នឹង​បង្កើត​លីក​លំដាប់​ទី​២​នៅ​ឆ្នាំ​២០១៦​ដើម្បី​ជ្រើស​រើស​យក​ក្រុម​លេខ​១​ និង​លេខ​២​ឡើង​ជំនួស​ក្រុម​បាត​តារាង​ទាំង​ពីរ។ យ៉ាង​ណា​មិញ​ លីក​លំដាប់​ទី​ពីរ​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ឡើយ។

 

៤- ជ័យជម្នះ​ទាត់​បាល់​ចូល​ទី​ច្រើន​បំផុត​ដោយដៃ​​គូ​ប្រកួត​មិន​អាច​តដៃ​បាន​គឺ​ភ្នំពេញ​ក្រោន​ឈ្នះ​ក្រុម​វេស្ទើន​ភ្នំពេញ​ ១០-០ នៅ​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ និង​ការ​ប្រកួត​ទាត់​បញ្ចូល​ទី​គ្នា​ច្រើន​បំផុត​គឺ​ប្រកួត​រវាង​ចម្ការ​កៅ​ស៊ូបឹង​កេត ​១២- ២ គីរីវង់សុខសែន​ជ័យ​នៅ​ថ្ងៃ​ទី​១១​ ខែ​កក្កដា។

 

៥-  ភ្នំពេញក្រោន ក្លាយ​ជា​ជើង​ឯក​ដែល​ទទួល​បាន​​ប្រាក់​រង្វាន់​៦០​លាន​រៀល ក្រុម​ជើង​ឯក​រង​ណាហ្គាវើល​ទទួល​បាន​ប្រាក់​រង្វាន់​៤៦​លាន​រៀល​ ក្រុម​លេខ​៣ បឹងកេត​អង្គរ​ទទួល​បាន​ប្រាក់​រង្វាន់ ៣៦​លាន​រៀល និង​ក្រុម​លេខ​៤​  ខេមបូឌានថាយហ្គឺរ​ ទទួល​បាន​ប្រាក់​រង្វាន់​៣០​លាន​រៀល។ ក្រុម Fair Play​ បឹងកេតអង្គរ​ទទួល​បាន​ប្រាក់​រង្វាន់​៤​លាន​រៀល។

 

លក្ខណៈ​៧​ចំណុច​រវាង​​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១៤​ និង​​២០១៥​ កីឡាករ​ល្អ និង​ម្ចាស់​ស្បែក​ជើង​មាស ចាន់ វឌ្ឍនាកា

 

៦- ក្រុម​ជើង​ឯក​ភ្នំពេញ​នៅ​តែ​មិន​បាន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​សម្រាប់​ការ​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​​ជើង​ឯក​អាស៊ី​ AFC Championship ឆ្នាំ​២០១៦​ ដូច​កាល​ឆ្នាំ​២០១៤។ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា​ ក្រុម​ណា​ដែល​មាន​សិទ្ធិ​ទៅ​លេង​ពាន​អន្តរជាតិ​ដូច​ជា​ Singapore Cup ឬ​យ៉ាង​ណា​នោះ​ទេ។

 

៧- គ្រូ​បង្វឹក​​ល្អ​បំផុត​បាន​ទៅ​​  លោក ប្រាក់ សុវណ្ណារ៉ា ក្រុម​បឹងកេតអង្គរ​ទទួល​បាន​ប្រាក់​រង្វាន់​១​លាន​ ៥​សែន​​រៀល។ អ្នក​ចាំ​ទី​ល្អបំផុត​​បាន​ទៅ​ កីឡាករ​ កែវ​ សុខសិលា ក្រុម​ភ្នំពេញក្រោន ទទួល​បាន​ប្រាក់​រង្វាន់ ១​លាន ៥​សែន​​រៀល។ ចាន់ វឌ្ឍនាកា​ជា​​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​​ដោយ​ស៊ុត​បាន​៣៧​គ្រាប់​ទទួល​បាន​ប្រាក់​រង្វាន់ ១​លាន ៥​សែន​​រៀល និង​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ ១​លាន ៥​សែន​​រៀល។

 

មិត្ត​ហ្វូន​ខេមបូឌាន​២០១៤​

ចំពោះ​ការ​ប្រកួត​មិត្តហ្វូនខេមបូឌាន​លីក​២០១៤​ត្រូវ​បាន​​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៥ ខែ​មករា​ ដល់​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ដែល​ក្លិប​ភ្នំពេញ​ក្រោន​ជា​ជើង​ឯក។

 

លក្ខណៈ​៧​ចំណុច​រវាង​​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១៤​ និង​​២០១៥​ ភ្នំពេញ​ក្រោន​លើក​ពាន MCL ២០១៤

 

១- ក្រុម​ជា​សមាជិក​ចំនួន​១២​​ដែល​ក្រុម​នីមួយ​ៗ​ត្រូវ​ប្រកួត​ចំនួន​២២​ដង និង​១​ដង​ក្នុង​មួយ​សប្តាហ៍​តាម​​​​រូប​​មន្ត​ប្រកួត​សន្សំ​ពិន្ទុ​ដែល​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ត្រូវ​ឈ្នះ​ជើង​ឯក​តែ​ម្តង។ ក្រុម​២​ដែល​ស្ថិត​នៅ​បាត​តារាង​គឺ​ជា​ក្រុម​មាន​ពិន្ទុ​​ទាប​ជាង​គេ​ត្រូវ​កាត់​ចោល​ និង​ជំនួស​វិញ​ដោយ​ក្រុម​ពីរ​មក​ពី​ក្រប​ខណ្ឌ​​ក១។

 

២- ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​​នៅ​លើ​​ទី​លាន​តែ​២​ប៉ុណ្ណោះ​គឺ​ពហុកីឡដ្ឋាន​ជាតិ​ និង​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ដែល​មិន​មែន​ជា​ការ​ប្រកួត​ក្នុង​ដី​ ឬ​ក្រៅ​ដី​ឡើយ។

 

៣- ក្រុម​ភ្នំពេញ​ក្រោន​បាន​ក្លាយ​ជា​ជើង​ឯក​ និង​​មិន​មាន​ឈ្មោះ​លេង​នៅ​ក្រប​ខណ្ឌ​បាល់ទាត់​ទ្វីប​អាស៊ី​ ACF Championship ឡើយ ប៉ុន្តែ​បាន​ចូល​លេង​ក្នុង​ពាន​រង្វាន់ Toyota Mekong Club Championship 2014។ កាល​ណោះ​ ​ក្រុម​ណាហ្គាខប​ និង​ស្វាយរៀង​មាន​ឈ្មោះ​ទៅ​លេង​ពាន​រង្វាន់​ Singapore Cup 2014។

 

៤- ជ័យជម្នះ​ទាត់​បាល់​ចូល​ទី​ច្រើន​បំផុត​ដោយ​គូ​ប្រកួត​មិន​អាច​តដៃ​បាន​គឺ​ស្វាយរៀង​៩ – ០ គីរីវង់សុខសែនជ័យ។ ការ​ប្រកួត​ទាត់​បញ្ជូល​ទី​គ្នា​ច្រើន​បំផុត​គឺ​ប្រកួត​រវាង​ចម្ការ​កៅ​ស៊ូបឹង​កេត​១០- ៥ បៀលប្រាយ។

 

៥- ​ភ្នំពេញ​ក្រោន​ជា​ម្ចាស់​ជើង​ឯក​ដែល​ទទួល​បាន​​ប្រាក់​រង្វាន់​​៦០​លាន​រៀល​ ក្រុម​លេខ​២​គឺ​​ចម្ការកៅស៊ូ​បឹងកេត​​ទទួល​បាន​៤៦​លាន​រៀល​ និង​ក្រុម​លេខ​៣​បាន​ទៅ​ក្រុម​ណាហ្គា​ទទួល​បាន​៣៦​លាន​រៀល​។ ក្រុម​ចំណាត់​ថ្នាក់​បាត​តារាង​ Albirex Niigata PP ​ឈ្នះ​ពាន​ជា​ក្រុម​លេង​ល្អ​ Fiar Play ទទួល​បាន​៤​លាន​រៀល។

 

៦- ខ្សែ​ប្រយុទ្ធ​ក្រុម​ស្វាយរៀង​ Bata បាន​ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ បន្ទាប់​ពី​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​រហូត​ដល់​២៣​គ្រាប់​ប្រចាំ​រដូវ​កាល។ ចាន់ វឌ្ឍនាកា​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​រដូវ​កាល​ ហើយ​​លោក​ អ៊ុង កន​យ៉ា​និ​ត​ គ្រូបង្វឹក​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​​ក្លាយ​ជា​គ្រូ​ល្អ​ប្រចាំ​រដូវ​កាល ខណៈ​អ្នក​ចាំ​ទី​ល្អ​បាន​ទៅ​ ស៊ូ យ៉ាទី​ ដែល​កាល​ណោះ​នៅ​ក្លិប​ភ្នំពេញ​ក្រោន។

 

៧- ភ្នំពេញក្រោន​ជា​ក្រុម​ទាត់​ចូល​ទី​ច្រើន​ជាង​គេ​គឺ​៥៧​គ្រាប់​ ខណៈ​ក្រុម​គីរីវង់សុខសែនជ័យ​ជា​ក្រុម​ទាត់​បញ្ជូល​ទី​ដៃ​គូ​តិច​​ជាង​គេ​បាន​ត្រឹម​១៣ គ្រាប់​ក្នុង​ចំណោម​២២​ប្រកួត។ ក្រុម​ណាហ្គា​ជា​ក្រុម​របូត​គ្រាប់​បាល់​តិច​ជាង​គេ​ត្រឹម​​តែ​១៨​គ្រាប់​ប៉ុណ្ណោះ៕

 

លក្ខណៈ​៧​ចំណុច​រវាង​​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១៤​ និង​​២០១៥​អ្នក​ចាំទី​ល្អ​បំផុត កែវ សុខសីលា ឆ្នាំ​២០១៤

 

អត្ថបទ៖ ជាន ចាន់រ៉ា​