កងទ័ព​ស៊ី​រី​វាយ​យក​បាន​មូលដ្ឋាន​អាកាសចរណ៍​សំខាន់​មួយ​ខាងកើត​ក្រុង​ដា​ម៉ាស់ ខណៈ​រុ​ស្ស៊ី​បង្កើន​សមត្ថភាព​អាកាស​នៅ​ស៊ី​រី

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយគូ​សបញ្ជាក់​ថា កងទ័ព​ស៊ី​រី​នា​ថ្ងៃ​ទី​១៤ ធ្នូ វាយ​ដណ្តើម​ត្រួតត្រា​មូលដ្ឋាន​យោធា​សំខាន់​មួយ​នៅ​ភាគ​ខាងកើត​ក្រុង​ដា​ម៉ាស់ រដ្ឋធានី​របស់​ប្រទេស បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ជាមួយ​ពួក​ឧទ្ទាម​មក ។

ប្រភព​ព័ត៌មាន​នេះ​បន្ត​ថា មូលដ្ឋាន​យោធា MARJ AL SULTAN ព្រមទាំង​ផ្នែក​យ៉ាង​ធំ​នៃ​ទីក្រុង MARJ AL SULTAN តំបន់ GHOUTA ភាគ​ខាងកើត​ក្រុង​ដា​ម៉ាស់ ត្រូវ​កងទ័ព​ស៊ី​វិល​ដណ្តើម​យក​បាន ។ មួយ​ផ្នែក​ធំ​នៃ​យុទ្ធ​ជន​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា មាន​ទំនាក់ទំនង​ជាមួយ​អាល់​កៃ​ដា​បាន​ដកថយ​ចេញពី​មូលដ្ឋាន​អាកាសចរណ៍​នៃ​ទីក្រុង​នេះ ។ ក្នុង​ប្រតិបត្តិការ​យោធា​ដែល​មាន​រយៈពេល​២​ស​ប្តា​ហ៍ បណ្តាល​ឱ្យ​យុទ្ធ​ជន​ក្រុម​នេះ​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ ខណៈ​កងទ័ព​ស៊ី​រី​ពុំ​មានការ​ខូចខាត​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ។

ការ​ដណ្តើម​យក​បាន​មូលដ្ឋាន​អាកាសចរណ៍​នេះ ព្រមទាំង​ទីក្រុង MARJ AL SULTAN នឹង​អាច​ឱ្យ​កងទ័ព​ស៊ី​រី​ដាក់​ការ​គាបសង្កត់​លើ​បណ្តា​ក្រុម​ឧទ្ទាម ដែល​មាន​ក្នុង​តំបន់​នេះ​នៅឡើយ ហើយ​ក៏​ជា​ការ​សម្រាល​ដល់​ការ​បាញ់​ផ្លោង​រៀងរាល់ថ្ងៃ​របស់​ពួក​ឧទ្ទាម​ដាក់​ក្រុង​ដា​ម៉ាស់​ដែរ ។

កងទ័ព​ស៊ី​រី​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​វិញ មាន​ប្រៀប​លើ​ពួក​ឧទ្ទាម​ក្រោយ​អន្តរាគមន៍​តាម​អាកាស​យ៉ាង​ខ្លាំង​របស់​រុ​ស្ស៊ី​មក ។ ពេល​នេះ​រុ​ស្ស៊ី​រឹតតែ​បង្កើន​សមត្ថភាព​វាយ​ប្រហារ​តាម​អាកាស​ថែម​ទៀត​នៅ​ស៊ី​រី ។

យោង​តាម​ទស្សនាវដ្តី​អង់គ្លេស JANE’S  DEFENCE WEEKLY ថា រុ​ស្ស៊ី​អាច​ពង្រឹង​បន្ថែម​សមត្ថភាព​វាយប្រហារ​នៅ​ស៊ី​រី ។ ទស្សនាវដ្តី​នេះ​អះអាង​ពី​បណ្តា​រូបភាព​របស់​ក្រុម AIRBUS DEFENCE AND SPACE ដែល​ថត​បាន​កាលពី​ជិត​១​ស​ប្តា​ហ៍​មុន​បញ្ជាក់​ថា ក្រុង​មូ​ស្គូ​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន SOUKHOI SU-34 ចំនួន​៣​គ្រឿង​ថែម​ទៀត នៅ​មូលដ្ឋាន​អាកាសចរណ៍ HUMAYMIM ក្រុង LATTAQUIE របស់​ស៊ី​រី ។ កងទ័ព​រុ​ស្ស៊ី​ក៏​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន SU-24 ចំនួន​១១​គ្រឿង​ទៀត ព្រមទាំង​យន្តហោះ​វាយប្រហារ​មក​លើ​ដី​ធុន SU-25 ចំនួន​១២​គ្រឿង យន្តហោះ​ប្រដេញ SU-30SM ចំនួន​៤​គ្រឿង ព្រមទាំង​ទីតាំង​ស៊ើបការណ៍​អេ​ឡិច​ត្រូ​និក​មួយ ។

ម្យ៉ាងទៀត ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ថ្លែង​ថា រុ​ស្ស៊ី​ក៏​ជួយ​គាំទ្រ​ដល់​កងទ័ព​ស៊ី​រី​សេរី​ជា​ក្រុមប្រឆាំង​ផង​ដែរ ។ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​លោក​មេដឹកនាំ​រុ​ស្ស៊ី​អះអាង​ថា សកម្មភាព​វាយប្រហារ​តាម​អាកាស​របស់​យើង​អាច​រួមចំណែក​ដល់​ការ​បង្រួបបង្រួម​កងទ័ព​រដ្ឋាភិបាល និង​កងទ័ព​ស៊ី​រី​សេរី ។ បច្ចុប្បន្ន​កងឯកភាព​ជា​ច្រើន​របស់​ក្រុម​នេះ ដែល​មាន​ទាហាន​សរុប​ជាង​៥.០០០​នាក់ ព្រមទាំង​កងកម្លាំង​រៀបរយ​បាន​ចូលរួម​ក្នុង​បេសកកម្ម​ប្រឆាំង​ពួក​ភេរវ​ករ​ក្នុង​ខេត្ត​ហូ​ម ហា​ម៉ា អា​ឡែ​ប និង​រ៉ា​កា ។ លើស​ពី​ការ​ជួយ​ទ្រទ្រង់​ពួក​គេ​តាម​អាកាស​យើង​នៅ​បាន​ជួយ​ផ្តល់​អាវុធ​គ្រាប់រំសេវ​ដល់​ពួក​គេ​ពោល​យើង​ជួយ​ទ្រទ្រង់​ខាង​សម្ភារ ។

នេះ​ពុំ​មែន​ជា​លើក​ដំបូង​ទេ ដែល​ក្រុង​មូ​ស្គូ​ប្រកាស​ពី​ការ​ជួយ​ដល់​ក្រុម​កងទ័ព​ស៊ី​រី​សេរី​ក្នុង​ការ​ប្រយុទ្ធ​របស់​ក្រុម​នេះ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ក៏​ប៉ុន្តែ​ក្រុម​ឧទ្ទាម​នេះ​បដិសេធ​រួច​ហើយ​ថា ពុំ​មាន​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​វិមាន​ក្រឹម​ឡាំង​ឡើយ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​េ​ម​រិ​ក លោក JOHN KIRBY អះអាង​ថា លោក​ពុំ​ទាន់​អាច​អះអាង​ពី​ការ​ពិត​នៃ​ការ​ជួយ​ទ្រទ្រង់​នេះ​ចំពោះ​ក្រុម​កងទ័ព​ស៊ី​រី​សេរី​ឡើយ ។ ចំណែក​អ្នកនាំពាក្យ​សេត​វិមាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ការ​ផ្តល់​អាវុធ​ដែល​លោកពូ​ទី​ន បាន​លើក​ឡើង​មាន​ន័យ​ថា រុ​ស្ស៊ី​ផ្តល់​អាវុធ​ទាំងនេះ​ដល់​កងទ័ព​ស៊ី​រី ហើយ​ពុំ​មែន​ដល់​កងកម្លាំង​ប្រឆាំង​ឡើយ ៕