អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បង្កើត​ក្រុមចម្រុះ​អ៊ិ​ស្លា​ម​មួយ​ប្រឆាំង​ភេរវកម្ម​មាន​34​ប្រទេស

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត  SPA បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ធ្នូ នូវ​បញ្ជី​ឈ្មោះ​ប្រទេស​៣៤​មិន​បញ្ចូល​អីុ​រ៉​ង់ និង​អីុ​រ៉ា​ក់​ក្នុង​ក្រុមចម្រុះ​អ៊ិ​ស្លា​ម​ប្រឆាំង​ភេរវកម្ម​មួយ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

ក្រុមចម្រុះ​អ៊ិ​ស្លា​ម​ប្រឆាំង​ភេរវកម្ម​៣៤​ប្រទេស​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នេះ​មាន​ជា​អាទិ៍​អេ​ហ្ស៊ី​ប តួ​ក​គី ប៉ា​គី​ស្ថាន និង​សេ​នេ​ហ្គា​ល់​ជាដើម ។ ក្រុមចម្រុះ​នេះ​នឹង​មាន​មជ្ឈមណ្ឌល​ទីបញ្ជាការដ្ឋាន​មួយ​នៅ​ទីក្រុង​រី​យ៉ា​ដ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ប្រតិបត្តិការ​យោធា​ក្នុង​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម ។

អនាគត​រាជទាយាទ និង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ព្រះ​អង្គ​ម្ចាស់ MOHAMED BEN SALMANE ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​រី​យ៉ា​ដ ថ្លែង​ថា ក្រុមចម្រុះ​នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ពិភព​អ៊ិ​ស្លា​ម​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ហើយ​ក្លាយជា​ដៃគូ​ក្នុង​ការ​តស៊ូ​របស់​ពិភពលោក​ប្រឆាំង​ភេរវកម្ម ។

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដែល​ដឹកនាំ​ក្រុមចម្រុះ​អា​រ៉ាប់ ប្រឆាំង​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី នៅ​យេ​ម៉ែ​ន​ក៏​ចូលរួម​ដែរ ក្នុង​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​ដែល​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី និង​នៅ​អីុ​រ៉ា​ក់ ។

ពេល​សួរ​ថា តើ​ក្រុមចម្រុះ​ថ្មី​នេះ​នឹង​ធ្វើការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែរ​ទេ ព្រះ​អង្គ​ម្ចាស់ MOHAMED បុត្រា​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត គូសបញ្ជាក់​ថា ក្រុមចម្រុះ​នេះ​នឹង​ប្រយុទ្ធ​ប្រឆាំង​គ្រប់​អង្គការ​ភេរវកម្ម​ទាំងអស់ ។

ប្រទេស​អ៊ិ​ស្លា​ម​១០​ទៀត ក្នុង​នោះ​មាន​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ គាំទ្រ​ដល់​ក្រុមចម្រុះ​ថ្មី​នេះ ហើយនឹង​អាច​ចូលរួម​នា​ពេល​ក្រោយ ៕