ជម្លោះ​នៅ​យេ​ម៉ែ​ន​ឈាន​ដល់​បទ​ឈប់​បាញ់​គ្នា​មួយ​ប៉ុន្មាន​ម៉ោង​មុន​ការ​ចរចា​នៅ​ស្វ៊ី​ស

បទ​ឈប់​បាញ់​គ្នា​មួយ​ត្រូវ​ចូល​ជា​ធរមាន​នៅ​យេ​ម៉ែ​ន​ចាប់ពី​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ទៅ ប៉ុន្មាន​ម៉ោង​មុន​ការ​ចរចា​សន្តិភាព​ក្រោម​ការ​ចាត់ចែង​របស់ អ​.​ស​.​ប នៅ​ក្រុង​ហ្សឺ​ណែវ ដែល​នៅ​ទីនោះ​បណ្តា​ភាគី​ច្បាំង​គ្នា​ប៉ុនប៉ង​បញ្ចប់សង្គ្រាម​ដែល​ហែកហួ​ប្រទេស​ចាប់តាំងពី​៩​ខែ​មក​ហើយ ។

ដោយសារ​បរាជ័យ​នា​ពេល​កន្លង​មក ពួក​អ្នក​ជំនាញការ​នៅ​តែ​មានការ​បារម្ភ​ចំពោះ​ច្រកចេញ នៃ​ការ​ចរចា​នេះ​ជាមួយ​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី គាំទ្រ​ដោយ​អីុ​រ៉​ង់ ដែល​កំពុង​ច្បាំង​ប្រឆាំង​កងកម្លាំង​ដែល​ស្មោះត្រង់​នឹង​ប្រធានាធិបតី​យេ​ម៉ែ​ន លោក​អាប​ដ៍ រ៉ា​បូ​ម៉ា​ន់​សួ​ហា​ឌី ទទួល​ការ​ជួយ​ទ្រទ្រង់​ខាង​យោធា​ពី​សំណាក់​ក្រុមចម្រុះ​អា​រ៉ាប់ ស៊ុន​នី​ត នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

ដំបូង​គ្រោង​សម្រាប់​ពាក់កណ្តាល​យប់​ថ្ងៃ​ទី​១៤ ធ្នូ បទ​ឈប់​បាញ់​គ្នា​នឹង​ចាប់ផ្តើម​នា​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ វេលា​ម៉ោង​៩​ម៉ោង​សាកល​ទៅ​តាម​សំណើ​របស់​លោក​ប្រធានាធិបតី​ហា​ឌី ។ ក្រុមចម្រុះ​បាន​ព្រមាន​ថា ខ្លួន​រក្សា​សិទ្ធិ​តបត​វិញ​ក្នុង​ករណី​មានការ​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់​គ្នា​ដោយ​ពួក​ហ៊ួ​ធី ។

តាម​សេចក្តី​ប្រកាស​មួយ​របស់​ក្រុមចម្រុះ​អា​រ៉ាប់​ថា លោក​ហា​ឌី បាន​បញ្ជូន​សារលិខិត​មួយ​ថ្វាយ​ដល់​ព្រះមហាក្សត្រ​សាល់​ម៉ា​ន ដើម្បី​ទូល​ព្រះ​អង្គ​ពី​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន​ប្រកាស​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៧​ថ្ងៃមួយ ។​បទ​ឈប់​បាញ់​គ្នា​នេះ​នឹង​បន្ត​ដោយ​ស្វ័យប្រវត្តិ​ប្រសិនបើ​ពួក​ហ៊ួ​ធី និង​សម្ព័ន្ធមិត្ត​គោរព ។

នៅ​លើ​ទីលាន​ប្រមុខ​យោធា​២​រូប​របស់​ក្រុមចម្រុះ​ម្នាក់​ជនជាតិ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​ម្នាក់​ទៀត​ជនជាតិ​អេ​មី​រ៉ាត់ អា​រ៉ាប់​រួម​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ដោយសារ​ការ​វាយប្រហារ​គ្រាប់​មី​ស៊ី​ល​របស់​ពួក​ឧទ្ទាម​ប្រឆាំង​ទីតាំង​ពួក​គេ​នៅ​ជិត​ច្រក​សមុទ្រ BAB AL MANDEB ច្រកចូល​សមុទ្រ​ក្រហម ៕