ពលករ​ខ្មែរ ១០ នាក់ ត្រូវបាន​ជួយសង្គ្រោះ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អោយដឹង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ថា មាន​ពល​​ករ​ខ្មែរ​ចំនួន ១០ នាក់ ត្រូវបាន​ឃាត់ខ្លួន​រក្សាទុក​នៅ​ការិយាល័យ​អន្តោ​ប្រវេ​ស​​ន៍ Tarempa នៃ​កោះ Riau ប្រទេស​
​ឥណ្ឌូណេស៊ី ក្នុងកំឡុងពេល​កងទ័ព​​ជើង​ទឹក​ឥណ្ឌូណេស៊ី ចុះ​ចាប់​ទូក​នេសាទ​ម៉ាឡេស៊ី ចូលធ្វើ​នេសាទ​ខុសច្បាប់ នៅក្នុង​ដែនទឹក​ឥណ្ឌូ​ណេ​​ស៊ី ក្នុងពេល​កន្លង​មក​នេះ​។​

លោក ជុំ សុន្ទរី បាន​លើកឡើងថា តាម​ការណែនាំ​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​​អន្តរជាតិ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណ​​រដ្ឋ​​ឥណ្ឌូណេស៊ី បាន​៖
​    ​
១- ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ស្នើសុំ​ឲ្យ​ដោះលែង​ពលករ​ខ្មែរ​ទាំង ១០​រូបនោះ ដើម្បី​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ អាជ្ញាធរ​ឥណ្ឌូណេស៊ី កំពុង​រៀបចំ​ដោះស្រាយ តាម​សំណើសុំ​របស់​ស្ថានទូត​។​

២- ធ្វើការ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ទូក​នេសាទ​ម៉ាឡេស៊ី ហើយ​ទទួលបាន​ការបញ្ជាក់​ច្បាស់​ពី​ក្រុមហ៊ុន​ថា នឹង​ទទួលខុសត្រូវ​ដោះស្រាយ​ប្រាក់បៀវត្សរ៍ និង​ការចំណាយ​ផ្សេងៗ សម្រាប់​ការធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ របស់​ពលករ​ខ្មែរ​ទាំង ១០​រូប​។
​ពលករ​ខ្មែរ​ទាំង ១០​រូប​ខាងលើ នឹង​វិល​ត្រឡប់មក​មាតុប្រទេស​វិញ ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​៕​