ក្រសួង​៖ គិតដល់​បំណាច់​ខែវិច្ឆិកា ឆ្នាំ​២០១៥ ទុនវិនិយោគ​លើ​វិស័យ​សំណង់​នៅ​ទូទាំងប្រទេស មាន​ជិត ៣ ពាន់​លាន​ដុល្លារ​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើងថា គិត​មកដល់​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ ទុនវិនិយោគ​លើ​វិស័យ​សំណង់ នៅ​ទូទាំងប្រទេស មាន​ប្រមាណ ២.៩៣៦ លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៤ មានការ​កើនឡើង​ចំនួន ២៧%​។​

​លោក ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​គណៈ​ស្ថាបត្យករ​កម្ពុជា បានលើកឡើង​ដូច្នេះ នៅ​ក្នុងឱកាស​បើកសម្ពោធ​ជា​ផ្លូវការ ការតាំងពិព័រណ៍​ស្ថាបត្យករ និង​ការតុបតែង​កម្ពុជា លើក​ទី​១ នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethhra ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​។​

​ក្នុង​ពិព័រណ៍​នោះ មានការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​បំរើ​ឲ្យ​ការងារ​សាងសង់ ការងារ​ស្ថាបត្យកម្ម ការ​រចនា​ផ្នែក​ខាងក្នុង គ្រឿង​សង្ហា​រឹម និង​ការតុបតែង ដែល​មកពី​ក្នុងស្រុក និង​ក្រៅ​ស្រុក ដូចជា ថៃ ម៉ាឡេស៊ី សឹង្ហ​បុរី វៀតណាម ចិន សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ជាច្រើន​ទៀត ជុំវិញ​ពិភពលោក​។​

​លោក​រដ្ឋលេខាធិការ ភឿង សុ​ភ័​ណ្ឌ បាន​បញ្ជាក់ថា ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ គឺ​ចាប់ពី​ឆ្នាំ​២០១១ មកដល់​ដំណាច់ឆ្នាំ​២០១៤ មាន​ជា​មធ្យម​ជិត ២.២០០ លាន​ដុល្លារ ក្នុង​មួយឆ្នាំ ដែល​នៅ​ឆ្នាំ​២០១១ មាន​ទុនវិនិយោគ​ជាង ១.២២៦ លាន​ដុល្លារ ឆ្នាំ​២០១២ មាន​ជាង ២.១០៩ លាន​ដុល្លារ ឆ្នាំ​២០១៣ មាន​ជាង ២.៧៧៣ លាន​ដុល្លារ និង​ឆ្នាំ​២០១៤ មាន​ជាង ២.៥០៧ លាន​ដុល្លារ​។​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើងថា មកដល់ពេលនេះ មាន​ក្រុមហ៊ុន​ធំៗ​ក្នុងស្រុក ដូចជា ក្រុមហ៊ុន​សុខាអូតែល ក្រុមហ៊ុន OCIC ក្រុមហ៊ុន​វឌ្ឍនៈ ក្រុមហ៊ុន​ម៉ុង​ឫទ្ធី ក្រុមហ៊ុន​ជីពម៉ុង ជាដើម បាន​បោះទុន​វិនិយោគ​យ៉ាងច្រើន​លើ​ការងារ​សាងសង់​សំណង់​ខ្ពស់ៗ និង​ទំនើប​ជា​ខុន​ដូ ជា​បូរី ជាទី​ក្រុង​រណប ជា​អាគារ​ពាណិជ្ជកម្ម ជា​ផ្សារ​ទំនើប ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​៕​