ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​រក​ឃើញ​បេក្ខភាព​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ហើយ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​វគ្គ​ជម្រុះ​វិល​ជុំ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ គេ​រក​ឃើញ​បេក្ខភាព​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​ហើយ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​កន្លង​មកនេះ ។

សម្រាប់​បេក្ខភាព​ដែល​ត្រូវ​ឡើង​សង្វៀន​ស៊ីធី​អិន​នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ធ្នូ ចុង​ស​ប្តា​ហ៍​នេះ មាន​កីឡាករ​កម្ពុជា​ចាន់ គឹ​ម​លាភ មក​ពី​ក្លិប​និរោធ​មាន​ជ័យ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ​យ៉​ត​ឃុន អេក​បាង​សៃ និង​កីឡាករ អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ អូ​រ៉ូ​ណូ ចំ​ប៉ា​សក្តិ ។

តាម​ពិត ចាន់ គឹ​ម​លាភ ប្រកួត​លើក​នេះ​គ្រាន់តែ​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ព្រោះ​កីឡាករ​រូប​នេះ​ប្រកួត​២​លើក​កន្លង​មកនេះ​អត់​ដែល​ស្គាល់​ឈ្នះ​ម្តងណា​ឡើយ ។ ចំណែក​កីឡាករ​យ៉​ត​ឃុន អេក​បាង​សៃ វិញ មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ ព្រោះ​គេ​ឈ្នះ​២​ប្រកួត​ជាប់​គ្នា​រួច​មក​ហើយ បើ​ទោះជា​ចាញ់​លើក​នេះ​ក៏​គ្មាន​បញ្ហា​អ្វី​ដែរ ។ ប៉ុន្តែ​ពេល​នេះ គេ​មាន​ជំនឿ​ចិត្ត​១០០%​ក្នុង​ការ​យកឈ្នះ​ចាន់ គឹ​ម​លាភ ដោយសារ​កីឡាករ​កម្ពុជា​រូប​នេះ​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​យកឈ្នះ​លើ​គេ​បាន​ឡើយ ។

រីឯ អ៊ុំ ចំរើន និង​អូ​រ៉ូ​ណូ ចំ​ប៉ាសក្តិ វិញ​អាច​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដូច​គ្នា ដោយសារ​អ៊ុំ ចំរើន ប្រកួត​បាន​២​លើក ឈ្នះ​១ ចាញ់​១ ឯ​កីឡាករ​ឡាវ​ប្រកួត​បាន​២​លើក​ដូច​គ្នា ឈ្នះ​ទាំង​២​លើក ។ ដូច្នេះ លើក​នេះ​ជា​លើកចុង​ក្រោយ​ហើយ​នៅ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​វិល​ជុំ ប៉ុន្តែ​អ៊ុំ ចំរើន បើ​ឈ្នះ​ទើប​ជា​ការ​ល្អ ព្រោះ​៦​ពិន្ទុ​អាច​ឱ្យ​គេ​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​១​ក្នុង​ពូ​ល និង​ជួប​ប្រកួត​ជាមួយ​អ្នក​ជាប់​លេខ​៤ ក្នុង​ពូ​ល​។ ទោះបី​យ៉ា​ង​ណា បើ​តាម​ការ​កត់​សម្គាល់ការ​ប្រកួត​កន្លង​មក អុំ ចំរើន ប្រហែល​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្តួល​កីឡាករ​ឡាវ​រូប​នេះ​បាន​ឡើយ ដោយសារ អូ​រ៉ូ​ណូ ចំ​ប៉ាសក្តិ ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មាន​បច្ចេកទេស​ប្រកួត​ពេញ​ខ្លួន​ទាំង​ការ​ប្រើ​ស្នៀត​កែង​និង​ជង្គង់ គឺ​មាន​ភាព​ស្ទាត់ជំនាញ​ខ្លាំង​ណាស់ ។

ដោយឡែក គូប្រកួត​លក្ខណៈ​មិត្តភាព​ធម្មតា​វិញ មាន​កីឡាករ​កំពែង ខ្មៅ មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ គឿ​ម សុវណ្ណ​នឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ វី​សេរី ចាន់​ឌី​ន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ៕