អ្នកចាំទី​ដៃ​ទីមួយ​ហង្ស​ក្រហម នឹង​បន្ត​កុងត្រា​ជាមួយ​ក្លិប​ទៀត

ក្លិប​ហង្ស​ក្រហម Liverpool បាន​ប្រកាស​គ្រោង​បន្ត​កុងត្រា​ថ្មី​ឲ្យ​អ្នកចាំទី​ដៃ​ទី​មួយ Simon Mignolet ទោះជា​រង​សម្ពាធ​ ​ក្រោយពី​អ្នកចាំ​ទី​រូប​នេះ ​បណ្ដោយ​ឲ្យ​​កីឡាករ West Bromwich ស៊ុត​បញ្ចូល​ទី ​​២​គ្រាប់​ ធ្វើ​ឲ្យ Liverpool បាត់បង់ ​៣ ​ពិន្ទុ​នៅ​ទឹកដី​ខ្លួន​ឯង​កាលពី​ថ្ងៃ​អាទិត្យក៏ដោយ។

Simon

គ្រូ​បង្វឹក​ ​លោក Klopp អំពាវនាវ​ដល់​អ្នកគាំទ្រ​កុំ​បន្ទោស​ដល់​អ្នកចាំទី​ វ័យ​ ២៨​ឆ្នាំ​ ដោយសារ​រូប​លោក​ប្រាប់ Mignolet ឲ្យ​ហក់​ទៅ​ចាប់​ ឬ ​ដាល់បាល់​ចេញ​ រាល់​ពេល​បាល់​ជ្រុង​ម្ដង​ៗ។

សូមបញ្ជក់ថា ផែនការ​បន្ត​កុងត្រា​ថ្មី​ធ្វើ​ឡើង​ស្រប​ពេល Simon Mignolet បាន​​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​អ្នកចាំទី​ដ៏​ឆ្នើម​មួយ ដោយ ជាប់​កំណត់ត្រា​ជា​អ្នកចាំទី​ដែល​ធ្វើ​បាន Clean sheet (ទប់​មិន​ឲ្យ​គូប្រកួត​ស៊ុត​បញ្ចូល​ទី)​ ច្រើន​ជាង​គេ​នៅ Premier League ក្នុង​ឆ្នាំ ២០១៥។

ទោះជាយ៉ាងណា ​កីឡាករ​សញ្ជាតិ​ បែលហ្សិក រូបនេះ ​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​ការ​ ចាប់​របស់គេ​នៅ​មាន​កម្រិត​នៅ​ឡើយ ជា​ពិសេស​ការ​សង្គ្រោះ​បាល់​ខ្ពស់​ៗ។

Simon Mignolet បាន​ផ្ទេរ​មក​កីឡដ្ឋាន Anfield ក្នុង​ឆ្នាំ ២០១៣ ពី​ក្លិប​ឆ្មា​ខ្មៅ Sunderland ហើយ​រូប​គេ​តែង​ជាប់​ជា​ជម្រើស​ដំបូង​ តាំង​ពី​​លោក Brendan Rodgers រហូត​ដល់​លោក Klopp នេះ៕