ប្រតិប្តិការរបស់ប៉ូលិស​ថៃ ​សម្រុក​ចូលចាប់​កម្មករ​ខុសច្បាប់​ខ្មែរ និង ចិន នៅ​កណ្តាល​ក្រុង​បាងកក​

ប្រតិប្តិការរបស់ប៉ូលិស​ថៃ ​សម្រុក​ចូលចាប់​កម្មករ​ខុសច្បាប់​ខ្មែរ និង ចិន នៅ​កណ្តាល​ក្រុង​បាងកក​

ដោយ៖ សូរ្យរិទ្ធ

ប្រតិបត្តិ​ការចុះ​ចាប់​ជនបរទេស​ខុសច្បាប់ របស់​ប៉ូលិស​ថៃ ដែល​ក្នុងនោះ​មាន​ពលករ​ខ្មែរ និង ចិន ចំនួន ២២ នាក់ ក្រោយពី​មាន​សេចក្តីរាយការណ៍​ថា មាន​ជនបរទេស​លួច​ចូលមក​ធ្វើការ​ក្នុង​មូលដ្ឋាន​ផ្លូវ​ភិ​ច​បុរី តំបន់​ម៉ាក់​កា​សាន់ ទីក្រុង​បាងកក ប្រទេស​ថៃ ។​

​ប្រតិបត្តិការ​នេះ មានកម្លាំង​ប៉ូលិស ទាហាន មន្ត្រី​ក្រសួង​ការងារ និង អាជ្ញាធរ​មូលដ្ឋាន បាន​ឆ្មក់​ចូលចាប់​កម្មករសំណង់​នេះ នៅវេលា​ព្រឹក​ព្រលឹម​ស្រាងៗ ម៉ោង ៥:២២ នាទី ថ្ងៃទី ១៥ ខែធ្នូ ២០១៥ ។​

​កម្មករ​ខុសច្បាប់​ទាំងនេះ បាន​ចូលមក​ធ្វើ​សំណង់​អគារ ៣២ ជាន់ រាប់រយ​នាក់​ដែលកំពុងស្នាក់នៅ​ទីនោះ មាន​ទាំង​ស្នាក់នៅ​ក្រោម​ដីផង ។ អាជ្ញាធរ​ថៃ​បាន​ត្រួតពិនិត្យ មាន​កម្មករ​ខុសច្បាប់​ជនជាតិខ្មែរ និង ចិន ២២ នាក់ បុរស ១៤ នាក់ ស្រី ៨ នាក់ និង ត្រូវ​ដំណើរការ​ក្តី​តាមច្បាប់​ស្រុកថៃ ។

តើហេតុអ្វីក៏នៅតែមានពលករខ្មែរ ចូលទៅស្រុកថៃខុសច្បាប់ទៀត ។ ថ្មីៗនេះ ថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ មកស្រុកវិញ មានចំនួនជាច្រើន​មុឺននាក់ និង ចាប់ដាក់ពន្ធនាគារជាង ៩០០ នាក់ ។ រឿងកើតឡើងចំពោះជនជាតិខ្មែរយើងដូច្នេះ យើងពិតជាក្តុកក្តួល និង ខ្លោចចិត្ត ត្បិតកម្មកើតឡើង ចំពោះតែអ្នកខ្សត់ អ្នកមិនមានចំណេះដឹងខ្ពស់ ដែលចាញ់បោក ឬ ជឿពាក្យមេខ្យល់យ៉ាងងាយៗ ។ សូមអាជ្ញាធរព្រំដែនតឹងរុឹងបន្តិច កុំឱ្យមានខ្មែរយើង ចេញទៅខុសច្បាប់ដូច្នេះបន្តទៀត ៕