យូអិន និងកម្ពុជា បន្តរិះរកមធ្យោបាយ កែសម្រួលស្ថានភាព ជនអនាថា នៅតាមចិញ្ចើមផ្លូវ

ភ្នំពេញ ៖ អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ក្នុងភាពជាដៃគូ ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា “ស.អ.យ.” បានរៀបចំសន្និសីទ ថ្នាក់ជាតិមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី១៥ និង១៦ ខែធ្នូ ឆ្នាំ២០១៥ ដោយផ្តោតការ យកចិត្តទុកដាក់លើ បញ្ហាប្រឈមដែលប្រជាជនកំពុងរស់នៅ ឬធ្វើការនៅ តាមចិញ្ចើមផ្លូវ ជួបប្រទះ នៅក្នុងប្រទេសកម្ពុជា ហើយនឹងរកវិធីដោះស្រាយ ក្នុងការផ្តល់ការថែទាំឲ្យបានសមរម្យ និងដោយគោរពសិទ្ធិមនុស្សរបស់ពួកគេ។

សន្និសីទនេះដែរ សង្កត់ធ្ងន់លើការបង្កើតយុទ្ធសាស្រ្ត និងសំណើរនានា ដើម្បីផ្តល់នូវដំណោះស្រាយយូរអង្វែង ប្រកបដោយចីរភាព និងផ្អែកលើសិទ្ធិមនុស្សជាមូលដ្ឋាន សម្រាប់ជនងាយរងគ្រោះបំផុត ក្នុងចំណោមជន ដែលកំពុងរស់នៅ និងធ្វើការនៅតាមចិញ្ចើមផ្លូវ រាប់ទាំងកុមារ ស្ត្រី អ្នករកស៊ីក្នុងសេវាកំសាន្ដ ជនពិការសតិប្បញ្ញា និងកាយសម្បទា និងអ្នកផ្ទុកជំងឺអេដស៍ និងជំងឺដទៃទៀត។

យោងតាមការបញ្ជាក់ពីក្រសួង ស.អ.យ បានឲ្យថា “ការដោះស្រាយបញ្ហាជនអនាថា ត្រូវគោរពតាមគោល ការណ៍មនុស្សធម៌ ស្ម័គ្រចិត្ត និងគោរពសិទិ្ធជនរងគ្រោះ ការរក្សាការពារសណ្តាប់ធ្នាប់សាធារណៈ ការគោរព ច្បាប់ជាធរមាន។ ដំណោះស្រាយទាំងនោះត្រូវតែផ្តល់សេវាជូនជនអនាថានូវជម្រកស្នាក់នៅបណ្តោះអាសន្ន សេវាអប់រំផ្នែកចិត្តសាស្រ្ត សេវាសុខភាព បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងធ្វើសមាហរណកម្មជនរងគ្រោះ ទៅរស់ក្នុងសហគមន៍វិញដោយស្មារតីមនុស្សធម៌”។

នៅក្នុងព្រឹត្តិការណ៍នេះដែរ មានការអញ្ជើញចូលរួមពីតួអង្គជាតិ និងអន្តរជាតិ ប្រកបដោយជំនាញ និងបទ ពិសោធន៍ ដែលមានការទទួលស្គាល់ក្នុងការផ្តល់សេវាការពារសង្គម និងដំណោះស្រាយតាមសហគមន៍ផ្សេងៗ ដល់ជនទាំងឡាយណាដែលកំពុងប្រឈមនឹងស្ថានភាពនៅតាមចិញ្ចើមផ្លូវ។ សិក្ខាកាមដែលបានចូលរួម នៅក្នុងអង្គសន្និសីទនេះរួមមាន មន្រ្តីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ភ្នាក់ងារ អ.ស.ប ដែលធ្វើការងារលើ បញ្ហាពាក់ព័ន្ធនានា និងអង្គការសង្គមស៊ីវិល និងអង្គការនៅតាមសហគមន៍ផ្សេងទៀត។

លោកស្រី Claire Van Der Vaeren អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងនៅ ក្នុងសន្និសីទថា “កិច្ចអភិវឌ្ឍគួរតែសម្រាប់ជនគ្រប់រូប”។ ជាញឹកញយក្នុងចំណោមជនងាយរងគ្រោះបំផុត និងងាយត្រូវបានគេមើលរំលង គឺជនដែលរស់នៅ ធ្វើការ ឬពឹងអាស្រ័យលើចិញ្ចើមផ្លូវ។ អ.ស.ប មានសេចក្តី សោមនស្សរីករាយក្នុងការធ្វើជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកមធ្យោបាយប្រកបដោយនិរន្តរភាព ក្នុងការដោះស្រាយបញ្ហារបស់ជន ដែលពឹងអាស្រ័យតាមចិញ្ចើមផ្លូវ តាមរបៀបមួយដែលគោរពសិទ្ធិ មនុស្ស របស់ពួកគេ តាមរយៈការរៀបចំសន្និសីទថ្នាក់ជាតិនេះឡើង”។

លោកស្រីបានបន្ថែមថា “នេះជាផ្នែកនៃការចូលរួមចំណែករបស់យើង ក្នុងការជួយដល់ប្រទេសកម្ពុជា ដោយមិនត្រូវទុកជនណាម្នាក់ចោលឡើយ'” ដែលនេះគឺជាការប្តេជ្ញាចិត្តជាសកល បានធ្វើឡើងដោយមាន ការអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កាលពីខែកញ្ញា នៅទីក្រុងញូវយ៉ក។

បើតាមមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ នៃក្រសួង ស.អ.យ បានឲ្យដឹងថា បច្ចុប្បន្នមានមនុស្សរាប់រយនាក់ កំពុងរស់នៅតាមចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញ។ ការប្រមូលជនអនាថា តាមចិញ្ចើមផ្លូវត្រូវបានធ្វើឡើងយ៉ាងទៀងទាត់ ដែលភាគច្រើននៅរាល់មុនពេលមានពិធីបុណ្យជាតិ ឬព្រឹត្តិការណ៍ធំៗ ដែលឃើញមានមនុស្សរាប់សិបនាក់ ត្រូវបានបញ្ជូនទៅដាក់នៅកន្លែង មិនមាន គ្រឿងសម្ភារ បរិក្ខាសមរម្យ។ ក្រសួង ស.អ.យ. បានសង្កត់ធ្ងន់ថា ផលវិបាកផ្សេងៗនៃភាពគ្មានទីជម្រក រួមមាន ភាពមិនអាច បញ្ជូនកុមារទៅរៀនសូត្រ ធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានដល់សុខភាព និងសណ្តាប់ធ្នាប់សាធារណៈ ងាយទទួលការអូសទាញពីជនដែលអាចឲ្យពួកគេប្រព្រឹត្តបទល្មើស សេពគ្រឿងញៀន។ល។

 សិក្ខាសាលាមានគោលបំណង ជំរុញការរៀបចំនូវគោលនយោបាយ ស្តីពីប្រព័ន្ធសុវត្ថិភាពសង្គម និងដំដោះ ស្រាយផ្សេងៗទៀត សម្រាប់ជនអនាថា ព្រមទាំងវិធានការតាមផ្លូវច្បាប់ចំពោះជនដែលបង្ខំកុមារ ឲ្យដើរសុំទាន តាមទីសាធារណៈនានា។ សិក្ខាសាលា នឹងដើរតួជាវេទិការមួយដែលអាចឲ្យស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ ក្រោមជាតិ ព្រមទាំងអង្គការជាតិ អន្តរជាតិ សហការគ្នាដើម្បីដោះស្រាយស្ថានភាពជន នៅតាមចិញ្ចើមផ្លូវ ប្រកបដោយប្រសិទ្ធភាព នីរន្តរភាព និងគោរពទាំងស្រុងនូវសិទ្ធិ ជាមូលដ្ឋានរបស់ពួកគេ៕