អតីតមន្រ្តីជាន់ខ្ពស់ គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បង្កើតគណបក្សថ្មី

ភ្នំពេញ ៖ ក្រោយពីបែកបាក់ ជាមួយគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ រួចមក លោក ហ៊ាង រិទ្ធី អតីត អនុប្រធានគណបក្ស គណបក្សមួយនេះ បានបង្កើតគណបក្សថ្មីមួយ ដោយខ្លួនឯង មានឈ្មោះ “គណបក្ស យុត្តិធម៌ជាតិខ្មែរ”។

លោក ហ៊ាង រិទ្ធី បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ ថា បន្ទាប់ពីបែកគ្នាជាមួយគណបក្សលោកម៉ម សូណង់ដូ មកលោកបានជួបប្រជុំជាមួយសមាជិក ប្រហែលជា ១០០នាក់ នៅថ្ងៃទី៩ ខែវិច្ឆិកា ហើយបានដាក់លិខិត ស្នើសុំបង្កើតគណបក្សនៅក្រសួងមហាផ្ទៃ ។

លោកបន្តថា នៅថ្ងៃទី៤ ខែធ្នូ កន្លងមកនេះ ក្រសួងបានចុះហត្ថលេខាប្រកាសទទួលស្គាល់ជាផ្លូវការរួចហើយ។

អតីតអនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរូបនេះ បានបញ្ជាក់ថា “គណបក្សរបស់លោក ក៏បានបង្កើតគណៈកម្មាធិការបណ្តោះអាសន្នផងដែរ។ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ គណបក្សនឹង ធ្វើសមាជជ្រើសរើសប្រធានគណបក្ស”។

លោកបន្ថែមថា ការបង្កើតគណបក្សថ្មីនេះ មានសមាជិកមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសង្រ្គោះជាតិ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលមានមន្រ្តីជាន់ខ្ពស់មកពីបក្សមួយនេះ ចូលមករួមរស់ជា មួយយ៉ាងច្រើន។

សូមបញ្ជាក់ថា ក្រោយពីលាឈប់ពីអនុប្រធានរបស់គណបក្សលោកម៉ម សូណង់ដូ លោកហ៊ាង រិទ្ធី ក៏បានដាក់ ពាក្យបណ្តឹងឲ្យរំលាយគណបក្សផងដែរ ដោយចោទថា លោកម៉ម សូណង់ដូ អ្នកប្រជាធិបតេយ្យ ក្លែងក្លាយ និងបោកប្រាស់សមាជិកថែមទៀតផង ប៉ុន្តែតុលាការបដិសេធ៕

អតីតមន្រ្តីជាន់ខ្ពស់ គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បង្កើតគណបក្សថ្មី