រដ្ឋាភិបាល​និយាយ​ថា​ក្រុមហ៊ុន​រ៉ែ​មាស​នៅ​មណ្ឌល​គិរី​ត្រូវ​មាន​ការ​យល់​ព្រម​ពី​មូលដ្ឋាន

មន្ត្រី​ម្នាក់​នៅ​ក្រសួង​រ៉ែ​និង​ថាមពល បាន​អះអាង​ថា ក្រុមហ៊ុន​ចិន​មួយ​កំពុង​ដាក់​ពាក្យ​សុំ​អាជ្ញា​ប័ណ្ណ​ដើម្បី​ជីក​យក​មាស​ពី​តំបន់​មួយ​ទំហំ​១០០ហិកតា​ក្នុង​ខេត្ត​មណ្ឌល​គិរី ប៉ុន្តែ បាន​បញ្ជាក់​ថា គម្រោង​នេះ​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​មាន​ការ​យល់ព្រម​ពី​ក្រុម​អ្នក​ជីក​រ៉ែ​ខ្នាត​តូច​ក្នុង​មូលដ្ឋាន។

អ្នក​ភូមិ​ប្រហែល​៣០០​នាក់​ក្នុង​ស្រុក​កែវសីមា បាន​តវ៉ា​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​ឃុំ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កុំ​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​ក្រុមហ៊ុន​រ៉ុងឆេង អុិនដាស្ទ្រៀល អិុវេសមិន (Rong Cheng Industrial Investment) ដែល​ពួកគេ​ចោទ​ថា បាន​ធ្វើ​ឲ្យ​កខ្វក់​បរិស្ថាន​តំបន់​នោះ បន្ទាប់ពី​ការ​រុករក​អស់​ពេល​ជា​ច្រើន​ឆ្នាំ​នេះ។ ពួកគាត់​ក៏​បារម្ភ​ដែរ​ថា ការ​យល់​ព្រម​នឹង​បង្ខំ​ឲ្យ​បញ្ចប់​ការ​យក​រ៉ែ​បែប​សិប្បកម្ម​ផ្ទាល់​របស់​ពួកគាត់​លើ​ដី​ដែល​ជាន់​លើ​គ្នា។

កាលពី​ចុង​សប្តាហ៍ លោក ម៉េង សាក់ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​បាន​រុក​រក​រ៉ែ​មាស​នៅ​តំបន់​នោះ​ក្នុង​ពេល​កន្លង​មក ហើយ​នៅ​ពេល​ថ្មីៗ​នេះ​បាន​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​ដើម្បី​ចាប់​ផ្តើម​ជីក​យក​រ៉ែ។ លោក​បាន​និយាយ​ថា ការ​ពិនិត្យ​ឡើង​វិញ​កំពុង​ដំណើរការ ហើយ​មាន​ជាច្រើន​ដំណាក់ ក្នុង​នោះ​មាន​ទាំង​ការ​សិក្សា​ពី​សមិទ្ធិ​លទ្ធផល ការ​វាយ​តម្លៃ​ផល​ប៉ះពាល់ និង​ការ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន​សម្រាប់​បាន​ការ​យល់​ព្រម​​ដោយ​គ្មាន​លក្ខខណ្ឌ និង​ជូន​ដំណឹង​ជាមុន។

លោក​បាន​និយាយ​ក្នុង​សារ​អេឡិចត្រូនិក​ថា “ចាំបាច់​ដែល​ទាំង​ក្រុមហ៊ុន ទាំង​[សមាជិក]​សហគមន៍​មូលដ្ឋាន ដែល​សព្វ​ថ្ងៃ​កំពុង​ជីក​រ៉ែ​ក្នុង​តំបន់​នោះ បង្កើត​វិធី​ដោះស្រាយ​ការ​ជីក​រ៉ែ​រួម​គ្នា និង​បង្កើត​ដៃ​គូ​អភិវឌ្ឍន៍​មូលដ្ឋាន​រយៈ​ពេល​យូរ ប្រសិនបើ​អាជ្ញាប័ណ្ណ​ជីក​យក​រ៉ែ​ត្រូវ​គេ​ផ្តល់​ឲ្យ​នោះ”។

លោក​បាន​និយាយ​ថា ការ​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​នៅ​ថ្ងៃ​ទី​៧​ខែ​ធ្នូ​ដោយ​មន្ត្រី​ក្រសួង​និង​មន្ត្រី​ក្រុមហ៊ុន​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​នោះ ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ពិនិត្យ​ហ្មត់ចត់​ឡើង​វិញ។

លោក សាក់ ធារ៉ា បដិសេធ​មិន​ឆ្លើយ​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​អះអាង​របស់​អ្នក​តវ៉ា ដែល​ថា ក្រុមហ៊ុន​នេះ​បាន​រំលោភ​លក្ខខណ្ឌ​នៃ​អាជ្ញាប័ណ្ណ​រុករក​មុន​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ លោក​បាន​និយាយ​ថា ភាគ​ច្រើន​នៃ​ការ​ជីក​រ៉ែ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​នោះ គឺ​ស្ថិត​ក្នុង​ដៃ​អ្នក​ជីក​រ៉ែ​បែប​សិប្បកម្ម​ខ្លួន​ឯង ដែល​កំពុង​ជីក​រណ្តៅ​រ៉ែ​កាន់តែ​ធំ​និង​កាន់តែ​ជ្រៅ​ជាង​ការ​អនុញ្ញាត​ទៅ​ទៀត។

លោក សេង សុវ៉ាន់ដា ជា​អ្នក​ជីក​រ៉ែ​ម្នាក់​ក្នុង​មូលដ្ឋាន​បាន​បញ្ជាក់​ថា លោក​និង​អ្នក​ជិត​ខាង​របស់​លោក​កាយ​​យក​រ៉ែ​តូចតាច​ប៉ុណ្ណោះ។

លោក​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា “យើង​មិន​ដែល​យក​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​ទេ ពីព្រោះ​យើង​ធ្វើ​តែ​តាម​បែប​ទំនៀម​ទម្លាប់​ប៉ុណ្ណោះ។ ប៉ុន្តែ ក្រុមហ៊ុន​ជីក​រ៉ែ​នេះ​ដែល​យើង​មិន​ចង់​ឲ្យ​ចាប់​ផ្តើម​ជីក​យក​រ៉ែ បាន​និង​កំពុង​ជីក​យក​មាស​យូរ​មក​ហើយ ដោយ​ប្រើ​សារធាតុ​គីមី និង​ធ្វើ​ឲ្យ​កខ្វក់​បរិស្ថាន”៕និត

 

The post រដ្ឋាភិបាល​និយាយ​ថា​ក្រុមហ៊ុន​រ៉ែ​មាស​នៅ​មណ្ឌល​គិរី​ត្រូវ​មាន​ការ​យល់​ព្រម​ពី​មូលដ្ឋាន appeared first on ខេមបូឌា ដេលី.