កិច្ច​ព្រម​ព្រៀង COP21 នៃ​រដ្ឋធានី​ប៉ារិស និយាយ​ពី​អ្វី​ខ្លះ?

ប្រទេសចំនួន១៩៥ ក្នុងពិភពលោក បានអនុម័តក្រោមសម្លេងទះដៃ យ៉ាងកងរំពង នូវកិច្ចព្រមព្រៀង COP21 នៃ​រដ្ឋធានី​ប៉ារីស កាលពីល្ងាចថ្ងៃសៅរ៍ទី១២ ខែធ្នូនេះ។ តើកិច្ចព្រមព្រៀងនេះ និយាយពីអ្វីខ្លះ? ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូម​ដក​ស្រង់​យក​ចំណុចសំខានៗ ចំនួន៦ មកបញ្ជាក់ដូចខាងក្រោម។
កិច្ច​ព្រម​ព្រៀង COP21 នៃ​រដ្ឋធានី​ប៉ារិស និយាយ​ពី​អ្វី​ខ្លះ?
តួអេហ្វែល កណ្ដាលរដ្ឋធានីប៉ារីស នៅពេលចុះអ័ព្ទ និងធ្លាក់ភ្លៀង។ (រូបថតឯកសារ)

មិនឲ្យកើនកម្ដៅលើសពី២អង្សាសេ

នៅក្នុងអត្ថបទ នៃកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា ជាផ្លូការកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយ​ប្រទេស​ចំនួន១៩៥ ក្នុងកិច្ចប្រជុំស្ដីពីបម្លាស់ប្ដូរអាកាសធាតុ នារដ្ឋធានីប៉ារីស មានដាក់បញ្ជាក់ថា ត្រូវកម្រិត​ការឡើងកម្ដៅ ពីពេលនេះទៅទល់នឹងឆ្នាំ២០២០ មិនឲ្យលើស ពីច្រើនបំផុតត្រឹម ២អង្សាសេរ បើ​ប្រៀប​ធៀប​ទៅនឹងសីតុណ្ហភាព កាលពីមុនសម័យកាល នៃឧស្សាហកម្មជឿនលឿន (ពាក់កណ្ដាលសតវត្សន៍ទី១៩)។ ក្នុងអត្ថបទបានបញ្ជាក់បន្ថែមថា ត្រូវខិតខំប្រឹងប្រែង ទប់ស្កាត់នៅពេលដែលសីតុណ្ហភាព បានឡើង​ដល់​១.៥​អង្សា​សេ។

១០០កោដ ក្នុងមួយឆ្នាំសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍

អត្ថបទបានគ្រោងថា ប្រទេសដែលកំពុងអភិវឌ្ឍន៍ ឬប្រទេសដែលមានឧស្សាហកម្មជឿនលឿន ត្រូវ​ផ្ដល់​ប្រាក់​ចំនួន ១០០កោដ​ដុល្លា ក្នុងមួយឆ្នាំ ទៅឲ្យប្រទេសដែលក្រីក្រជាងគេ ដើម្បីឲ្យប្រទេសទាំងនោះ ប្រយុទ្ធ​ប្រឆាំង នឹងការកាត់បន្ថយ នូវការរងគ្រោះបណ្ដាលពីឧស្ម័ន (GES) និងការឡើងកម្ដៅអាកាសធាតុ។

ប្រទេសនីមួយៗ ត្រូវរៀបចំទិសដៅផងខ្លួន ដើម្បីគោរពកិច្ចព្រមព្រៀង

ប្រទេសនីមួយៗ ត្រូវបានទទួលខុសត្រូវ ក្នុងរៀបចំទិសដៅរបស់ផងខ្លួន ដែលអនុញ្ញាតឲ្យប្រទេសខ្លួន គោរព​កិច្ចព្រមព្រៀង ដែលគ្រោងនឹងចូលជាធរមាន នៅឆ្នាំ២០២០ខាងមុខ។ ហើយការរៀបចំ​ទិសដៅទាំងនោះ ត្រូវ​បានបញ្ជូនជាដំណឹង ទៅកាន់អង្គការសហប្រជាជាតិ ឲ្យបានលឿនបំផុត។

ពិចារណាឡើងវិញ ពីទិសដៅរបស់ប្រទេសនីមួយៗ នៅរវាង៥ឆ្នាំម្ដង

កម្មវត្ថុនៃការកាត់បន្ថយ GES របស់ប្រទេសនីមួយ ចាំបាច់ត្រូវធ្វើការពិចារណាឡើងវិញ រវាង៥ឆ្នាំម្ដង ចាប់ពី​ឆ្នាំ២០២០ទៅ។ នៅរាល់ការពិចារណានោះ ប្រទេសទាំងនោះ អាចធ្វើការផ្លាស់ប្ដូរទិសដៅរបស់ខ្លួន តែការ​ផ្លាស់​ប្ដូរ​នោះ អាចធ្វើទៅបាន លុះត្រាទិសដៅថ្មី មានប្រសិទ្ធិភាពជាងជាង។

សិទ្ធិក្នុងការដកខ្លួនចេញ

យ៉ាងហោចណាស់ ៣ឆ្នាំនៅក្រោមកិច្ចព្រមព្រៀង ចូលជាធរមាន មានន័យថា នៅឆ្នាំ២០២៣ ប្រទេសណា​ក៏​ដោយ មានសិទ្ធិក្នុងការដកខ្លួនចេញ ពីកិច្ចព្រមព្រៀង ដោយជូនដំណឹង ប្រាប់ទៅអង្គការសហប្រជាជាតិ។

ជាលើកទីមួយ ដែលប្រទេសទាំងអស់ស្ដាប់គ្នាយល់!

បើគេនិយាយប្រៀបធៀប ទៅនឹងសន្និសីទមុនៗ កិច្ចប្រជុំ «COP21» លើកនេះ មានភាពជោគជ័យរបស់វា បើ​ទោះជាការចរចាជាច្រើន ដែលត្រូវបានធ្វើក្នុងពេលកន្លងមក មិនទទួលបានលទ្ធផលក៏ដោយ។ កាលពីការ​ជួប​ប្រជុំ នៅក្នុងរាជធានី កូផេនអាក (Copenhague ប្រទេសដាណឺម៉ាក) នាឆ្នាំ២០០៩ គ្មានអត្ថបទ នៃកិច្ច​ព្រម​ព្រៀង​ណា​មួយ ត្រូវបានរៀបចំឡើងទេ។ កាលពីឆ្នាំ១៩៩៧ ប្រទេសចំនួន៨៤ បានចុះហេត្ថលេខា លើ​ពិធីការ ឃ្យូតូ។ ប៉ុន្តែក្នុងឆ្នាំ២០១៥នេះ គឺប្រទេសចំនួន១៩៥ ដែលបានចូលរួម ហើយបានអនុម័ត នូវកិច្ចព្រមព្រៀង​នេះ​ឡើង៕